ក្រុងប៉េកាំងៈ ធនាគារកណ្ដាលប្រទេស (PBoC) ចិនកាលពីថ្ងៃចន្ទបានកាត់បន្ថយអត្រាការប្រាក់លើកម្ចីដល់ធនាគារជាច្រើនដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ៥ ឆ្នាំ និងបានចាក់បញ្ចូលសាច់ប្រាក់ ៥០ ពាន់លានយន់ (៧ ពាន់លានដុល្លារ) ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីជួយសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកមួយនេះដោះស្រាយផលប៉ះពាល់ពីវីរុសកូរ៉ូណា។
ធនាគារកណ្ដាលប្រជាជនចិនបានឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមប្រតិបត្តិការទិញត្រឡប់មកវិញទឹកប្រាក់ ៥០ ពាន់លានយន់កាលពីថ្ងៃចន្ទ និងបានបន្ទាបអត្រាការទិញត្រឡប់មកវិញរយៈពេល ៧ ថ្ងៃពី ២,៤០ ភាគរយមកនៅត្រឹម ២,២០ ភាគរយ។
លោក Julian Evans-Pritchard សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Capital Economics បានថ្លែង៖ «វាជា ការកាត់បន្ថយច្រើនបំផុតចាប់តាំងពីឆ្នាំ ២០១៥ និងត្រូវការរយៈពេល ៧ ថ្ងៃសម្រាប់អត្រាទិញកិច្ចសន្យាត្រឡប់មកវិញដល់កម្រិតកំណត់ត្រាទាបបំផុតរបស់ខ្លួន»។
លោកថ្លែងដោយយោងទៅដល់ការបន្ទាបកាលពីលើកមុននៃចំនួនអ្នកខ្ចីសាច់ប្រាក់ត្រូវតែរក្សាជាទុនបម្រុងថា៖ «តាមរយៈការទិញមូលនិធិក្នុងអត្រាការប្រាក់កាន់តែទាប ធនាគារ PBoC នឹងអាចរក្សាបានអត្រាការប្រាក់អន្តរធនាគារទីផ្សារទាប ទោះបីជាទ្រព្យសន្ទនីយភាពដែលបានមកពីការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ត្រូវស្រូបយកដោយប្រព័ន្ធធនាគារក៏ដោយ»។
ជំងឺដែលបណ្ដាលឲ្យមនុស្សស្លាប់នេះបានឆក់យកជីវិតមនុស្សចំនួនជិត ៤០ ០០០ នាក់ទូទាំងពិភពលោក និងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន និងអតិថិជន ហើយការរីករាលដាលលើពិភពលោករបស់វាបានធ្វើឲ្យខូចដល់ក្ដីសង្ឃឹមនៃការស្ទុះងើបឡើងវិញដ៏រហ័សនៅក្នុងប្រទេសចិនដែលពឹងផ្អែកលើការនាំចេញ ជាទីដែលការរីករាលដាលដំបូងបានផ្ទុះឡើងកាលពីខែធ្នូ។
វិធានការចុងក្រោយបំផុតនេះ ធ្វើឡើងខណៈរដ្ឋាភិបាល និងធនាគារកណ្ដាលជុំវិញពិភពលោក បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងបង្ហាញវិធានការលើកទឹកចិត្តចំនួនច្រើនមានតម្លៃប្រហែល ៥ ពាន់ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចដោយសារការរីករាលដាលនេះដែលក្រុមអ្នកព្យាករព្រមានថានឹងបង្កឲ្យមានការដើរថយក្រោយខ្លាំងបំផុតនៃសេដ្ឋកិច្ច។
អ្នកកាន់កាប់ការិយាល័យនយោបាយដែលធ្វើការសម្រេចចិត្តរបស់គណបក្សកុម្មុយនីស្ដ ក៏បានអំពាវនាវកាលពីថ្ងៃសុក្រឲ្យមានវិធានការគោលនយោបាយប្រឆាំងវដ្ដនៃមេរោគនេះឲ្យកាន់តែខ្លាំងឡើង និងការបង្កើនការលើកទឹកចិត្ត។
ទីភ្នាក់ងារព័ត៌មានផ្លូវការប្រទេសចិន ស៊ីនហួ បានរាយការណ៍ថា អ្នកកាន់កាប់ការិយាល័យនយោបាយបានឲ្យដឹងថា កន្លែងដែលសមរម្យអនុបាតឱនភាពសារពើពន្ធគួរតែត្រូវបានបង្កើន មូលបត្របំណុលរតនាគារពិសេសគួរតែត្រូវចេញ និងថា នឹងការបង្កើនកូតានៃការចេញមូលបត្របំណុលពិសេសរបស់រដ្ឋាភិបាលមូលដ្ឋាន។
ក្រុមមន្ដ្រីបានបន្ថែមថា អត្រាប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាពគួរតែត្រូវបានណែនាំឲ្យមានការធ្លាក់ ចុះដោយ «ការរក្សាសន្ទនីយភាពសមហេតុផល និងគ្រប់គ្រាន់»។
វិធានការកាលពីថ្ងៃចន្ទហាក់ដូចជាមានផលប៉ះពាល់បន្តិចបន្តួចលើទំនុកចិត្តទីផ្សារជាមួយនឹងតម្លៃសន្ទស្សន៍ភាគហ៊ុនសំខាន់របស់ផ្សារហ៊ុនស៊ាងហៃ ប្រហែល ១ ភាគរយកាន់តែទាបនៅពេលរសៀល។
ដោយសារតែកូវីដ១៩ ធ្វើឲ្យខូចខាតសេដ្ឋកិច្ចពិភពលោក ក្រុមអ្នកវិភាគបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសចិន ដែលជាប្រទេសដំបូងគេក្នុងការមើលឃើញប្រសិទ្ធភាពវិធានការទប់ស្កាត់ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលរបស់វីរុសកូរ៉ូណានេះ។
ទីភ្នាក់ងារវាយតម្លៃ S&P Global Ratings បានឲ្យដឹងថា ការព្យាករកំណើនសេដ្ឋកិច្ចដែលកែតម្រូវរបស់ខ្លួនសម្រាប់ប្រទេសចិនក្នុងឆ្នាំ ២០២០ នៅពេលនេះជិតពាក់កណ្ដាលនៃការប្រើប្រាស់កំណើនមុនពេលការរីករាលដាលរបស់ខ្លួនចំនួន ៥,៧ ភាគរយ។
លោក Xing Zhaopeng និងលោក Raymond Yeung អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន ANZ Research បានឲ្យដឹងនៅក្នុងកំណត់សម្គាល់របស់លោកថា ការកាត់អត្រាការប្រាក់របស់ PBoC «មានគោលបំណងក្នុងការបន្ទាបតម្លៃមូលនិធិរបស់ក្រុមហ៊ុនចិន»។
ពួកគេរំពឹងថា វានឹងត្រូវបានតាមពីក្រោយដោយការកាត់បន្ថយអត្រាប្រាក់កម្ចីដោយមានទ្រព្យបញ្ចាំ និងអត្រាការប្រាក់កម្ចីពេលមធ្យម៕ LA