ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​លោក Wang Shouwen អនុរដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ដែល​ជា​អនុ​អ្នកតំណាង​ទទួល​បន្ទុក​លើ​ការចរចា​ពាណិជ្ជកម្ម​អន្តរជាតិ​នឹង​ជួប​ជាមួយ​លោក David Malpass មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ជាន់ខ្ពស់​អាមេរិក​តាម​ការអញ្ជើញ​របស់​អាមេរិក​។

ក្រសួង​បន្ត​ថា​៖ «​ភាគី​ចិន​បញ្ជាក់​ម្ដង​ទៀត​ថា ខ្លួន​ជំទាស់​នឹង​ការអនុវត្ត​ជា​ឯកតោភាគី និង​កិច្ច​គាំពារ​និយម​ពាណិជ្ជកម្ម និង​ក៏​មិន​ទទួល​យក​វិធានការ​រឹតបន្តឹង​ពាណិជ្ជកម្ម​ឯកតោភាគី​ណា​មួយ​ផង​ដែរ​»​។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា​៖ «​ចិន​ស្វាគមន៍​ការសន្ទនា និង​ទំនាក់ទំនង​ដោយ​ឈរ​លើ​មូលដ្ឋាន​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក សមភាព និង​សុចរិតភាព​»​។

លោក Wilbur Ross រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ជួប​ចរចា​ជាមួយ​លោក Liu He ឧបនាយក​រដ្ឋមន្ដ្រី​ចិន​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មិថុនា​។

ប៉ុន្តែ​ការពិភាក្សា​បាន​បរាជ័យ​ក្នុង​ការកាត់បន្ថយ​ភាព​តានតឹង ដោយសារ​តែ​អាមេរិក​បាន​ដកហូត​ពន្ធ​នាំ​ចូល​លើ​ទំនិញ​របស់​ប្រទេស​ចិន​ក្នុង​តម្លៃ ៣៤ ពាន់​លាន​ដុល្លារ​កាលពី​ដើម​ខែ​កក្កដា​ដែល​ជំរុញ​ឲ្យ​មាន​ការ​សងសឹក​ក្នុង​តម្លៃ​ដូចគ្នា​ភា្លមៗ​ពី​ទីក្រុង​ប៉េកាំង​។ ប្រទេស​ទាំង​ ២ ​គ្រោង​ចាប់ផ្ដើម​ដាក់​ដំណើរ​វិធានការ​ជុំ​ថ្មី​មួយ​នៃ​ការដកហូត​ពន្ធ​នាំចូល​សងសឹក​ទៅវិញ​ទៅមក​ក្នុង​តម្លៃ ១៦ ​ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃទី​ ២៣ ខែ​សីហា​។

ទីក្រុង​វ៉ាស៊ីនតោន​ក៏​មាន​ផែនការ​ហូតពន្ធ​នាំ​ចូល​បន្ថែម ២០០ ​ពាន់​លាន​ដុល្លារ​ទៀត​លើ​ទំនិញ​ចិន ហើយ​លោក ត្រាំ ឲ្យ​ដឹង​ថា​លោក​អាច​ដំឡើង​អត្រា​ហូតពន្ធ​នាំ​ចូល​នេះ​ដល់ ២៥ ​ភាគរយ​ពី ១០ ​ភាគរយ​ដែល​កំណត់​កាលពី​មុន​។

លោក Makoto Sengoku អ្នកវិភាគ​ទីផ្សារ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Tokai Tokyo បាន​ថ្លែង​ថា​៖ «​វា​ពិបាក​ក្នុង​ការនិយាយ​ថា ការចរចា​នឹង​ដំណើរការ​ដូចម្តេច​? ប៉ុន្តែ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​ប្រទេស​ទាំង​ ២ ​កំពុង​ស្វែងរក​ផែនការ​សម្រុះសម្រួល​មួយ​ចំនួន​»៕ LA