ទីក្រុងប៉េកាំងៈ អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​អាកាសចរណ៍​បរទេស​ដែល​បច្ចុប្បន្ន​ត្រូវ​ជាប់​បម្រាម​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចិន​ជុំវិញ​ក្តី​ព្រួយបារម្ភ​នៃ​ការរីករាលដាល​វីរុស​កូរ៉ូណា​ឲ្យ​ហោះហើរ​តាម​ចំនួន​មាន​កំណត់ ដោយ​ដាក់​បម្រាម​ជាក់ស្តែង​តែ​លើ​ក្រុមហ៊ុន អាកាសចរណ៍​អាមេរិក​។

ការសម្រេចចិត្ត​ដោយ​អាជ្ញាធរ​អាកាសចរណ៍​ចិន​កើត​មាន​ឡើង​ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជា​ឲ្យ​ផ្អាក​ការហោះហើរ​ទាំងអស់​របស់​អាកាសចរណ៍​ចិន​សម្រាប់​ការចូល​ទៅកាន់​ ឬ​ចេញ​ក្រៅ​សហរដ្ឋអាមេរិក​ពី​ថ្ងៃ​ទី​ ១៦ ខែ​មិថុនា​ក្នុង​សកម្មភាព​សងសឹក​ប្រឆាំង​ការរិតបន្តឹង​របស់​ក្រុង​ប៉េកាំង​មក​លើ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​។

ជម្លោះ​នោះ​បន្ថែម​ភាពតានតឹង​កំពុង​កើតមាន​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ ២ ​ក្នុង​ពិភពលោក ចំពេល​វិបត្តិ​វីរុស​កូរ៉ូណា និង​ក្នុង​បុព្វហេតុ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​ ២ ​ឆ្នាំ​ដែល​មិន​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​នៅឡើយ​។

ជម្លោះ​ចុងក្រោយ​បំផុត​មួយ​ផ្នែក​កើតឡើង​ពី​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ចិន​ (CAAC) ដែល​បានសម្រេច​អនុវត្ត​ការកំណត់​ចំនួន​អាកាសចរណ៍​បរទេស​ផ្អែក​តាម​សកម្មភាព​របស់​ពួកគេ​ត្រឹម​ថ្ងៃទី​ ១២ ខែមីនា​។

ប៉ុន្តែ​អាកាសចរណ៍​អាមេរិក​បាន​ផ្អាក​ការហោះហើរ​ទាំងអស់​ត្រឹម​ថ្ងៃនោះ ពីព្រោះ​តែ​ការរីករាលដាល ខណៈ​ការហោះហើរ​របស់​អាកាសចរណ៍​ចិន​ទៅ​អាមេរិក​នៅតែ​បន្ត​។

CAAC នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា រាល់​អាកាសចរណ៍​បរទេស​ទាំងអស់​មិនមាន​ក្នុង​បញ្ជី​តារាង​ថ្ងៃទី​ ១២ ​ខែ​មីនា​ពេលនេះ​នឹង​អាច​ដំណើរការ​ហោះហើរ​ ១ ​ម្តង​ទៅកាន់​ប្រទេស​ចិន​ក្នុង​ ១ ​សប្តាហ៍​។

អ្នកដំណើរ​ទាំងអស់​នឹង​ត្រូវគេ​ធ្វើតេស្ត​រោគសញ្ញា​កូវីដ​១៩ ពេល​មក​ដល់​អាកាសយានដ្ឋាន​ប្រទេស​ចិន​៕ RR