ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ប្រកាស​អញ្ជីញ​ក្រុមហ៊ុន​ដែលមាន​បំណង ឬ​កំពុង​ធ្វើ​ពាណិជ្ជកម្ម​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​ឱ្យ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម និង​វិនិយោគ​អន្តរជាតិ​ «2021 SCO International Investment and Trade Expo» ដែលមាន​រយៈពេល ៣ ​ថ្ងៃ​នៅ​ខេត្ត Shandong​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ១ ខែមីនា ឱ្យដឹងថា ក្រសួង​សូម​ជូនដំណឹង​ដល់​ម្ចាស់​សហគ្រាស ផលិតករ សេវាករ ពាណិជ្ជករ និង​សាធារណជន​ថា អង្គការ​សហប្រតិបត្តិការ​ស៊ាងហៃ សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​អន្តរជាតិ​នឹង​រៀបចំ​ពិព័រណ៍ «2021 SCO International Investment and Trade Expo» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២៧ ​ដល់​ ២៩ ខែ មេសា ឆ្នាំ​ ២០២១ នៅ​មជ្ឈមណ្ឌល Fengyuan Sport Center ទីក្រុង Jiaozhou តំបន់​ Qingdao នៃ​ខេត្ត Shandong​។

លិខិត​សរសេរថា​៖ «​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដាក់តាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ផលិតផល​ប្រើប្រាស់​ទូទៅ​រួមទាំង​វិស័យ​ថាមពល ហិរញ្ញវត្ថុ ឡូជីស្ទិក អប់រំ ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ និង​គម្រោង​វិនិយោគ​របស់​ប្រទេស​ចិន​​ជាមួយ​អន្តរជាតិ​»​។

បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម សម្រាប់​ក្រុមហ៊ុន​ចិន​ដែល​នាំចូល​ផលិតផល​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន ហើយ​មានបំណង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​អាច​ទៅ​រៀបចំ​ដាក់តាំង​បង្ហាញ​ផលិតផល​កម្ពុជា​នៅ​កន្លែង​ពិព័រណ៍​ផ្ទាល់​។ ចំណែក​ក្រុមហ៊ុន និង​សហគ្រាស​កម្ពុជា​ក៏​អាច​ចូលរួម​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​តាម​ប្រព័ន្ធ Online ដោយ​មិន​បង់ថ្លៃ​ផងដែរ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា គ្រប់​ព្រឹត្តិការណ៍​តាំងពិព័រណ៍​សុទ្ធតែ​ផ្តល់នូវ​ភាពវិជ្ជមាន​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចជាតិ​។ លោក​បន្តទៀត​ថា ការចូលរួម​នឹង​ធ្វើឱ្យ​កម្ពុជា​អាច​ទទួល​បាន​ការបញ្ជា​ទិញ​ថ្មីៗ ការ​ចូលមក​បណ្តាក់ទុន​វិនិយោគ​ផ្ទាល់​របស់​ចិន​នៅ​កម្ពុជា និង​កំណើន​ភ្ញៀវទេសចរ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ព្រឹត្តិការណ៍​នេះ​ក្រុមហ៊ុន​នៅ​កម្ពុជា​ដែល​ចូលរួម​នឹងមាន​ឱកាស​យក​ផលិតផល​ថ្មីៗ​របស់ខ្លួន​ទៅ​បង្ហាញ​អ្នក​ចូលរួម​បាន​ស្គាល់ និង​អាច​ធ្វើការ​បញ្ជាទិញ​ដោយផ្ទាល់​តែម្តង​»​។

លោក​បន្ថែមថា ទន្ទឹម​នឹង​ការចូលរួម​នៅ​ប្រទេស​ចិន ការបង្កើត​ព្រឹត្តិការណ៍​ក្នុងស្រុក​ក៏​ជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​ក្នុង​ការទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​រាជបណ្ឌិត្យ​សភា​កម្ពុជា​) បាន​ប្រាប់ថា ប្រទេស​ចិន​តែង​រៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ជា​ញឹកញាប់ និង​រៀងរាល់ឆ្នាំ​ (​លើកលែង​ឆ្នាំ​ ២០២០)​។ ការរៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អាច​និយាយថា​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការយក​ផលិតផល​របស់ខ្លួន​ទៅ​ដាក់​បង្ហាញ​ឱ្យគេ​មើលឃើញ​។

លោក​និយាយថា​៖ «​ព្រឹត្តិការណ៍​បែបនេះ​គឺ​ពិតជា​សំខាន់​ណាស់ ដែល​វា​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​ពាណិជ្ជករ​ទាំង​កម្ពុជា និង​ចិន​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល​កម្ពុជា​បាន​ទទួល​ការអញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ជាគោលការណ៍​របស់​អ្នករៀបចំ គឺ​ផ្តល់​អាទិភាព​ភាគច្រើន​ដល់​ក្រុមហ៊ុន ចិន​ស៊ាងហៃ​ (​ក្រុមហ៊ុន​ស៊ាងហៃ​) និង​ក្រុមហ៊ុន​ចិន​ស៊ាងហៃ​ដែល​ចេញទៅ​ធ្វើ​ជំនួញ និង​វិនិយោគ​នៅ​បរទេស​ឱ្យ​ចូលរួម​។

លោក​បាន​ប្រាប់ទៀត​ថា​៖ «​ដោយសារ​ក្រសួង​ទើបបាន​ប្រកាស​ផ្សាយ ហេតុនេះ​ក្រសួង​នៅ​មិន​ទទួលបាន​ព័ត៌មាន​ពី​អ្នក​ដែល​ចាប់​អារម្មណ៍​ចូលរួម​នោះទេ​»៕ LA