ប៉េកាំងៈ ប្រទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងដាក់វិធានការប្រឆាំងការបង្ខូចថ្លជាបណ្ដោះអាសន្នលើផលិតផលធ្វើពីកៅស៊ូដែលបាននាំចូលពីអាមេរិក សហភាពអឺរ៉ុប និងសិង្ហបុរី។
ករណីនេះអាចបង្កើនជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងថែមទៀត រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដោយសារភាគីនីមួយៗបានគំរាមគ្នាពីការសង្កត់ពន្ធកាន់តែច្រើនលើទំនិញមានតម្លៃរាប់ពាន់លានដុល្លារ។
ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងម្ដងហើយម្ដងទៀតថា ភាគីទាំងពីរមិនចរចាលើបញ្ហានេះទេ ដែលហាក់ដូចជាផ្ទុយនឹងការអះអាងកាលពីសប្ដាហ៍មុនរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា ភាគីទាំងពីរកំពុងមាន «ការពិភាក្សាដ៏ធំ» ស្ដីពីពាណិជ្ជកម្ម។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សន្និសីទព័ត៌មានខ្លីដែលធ្វើឡើងជាទៀងទាត់ថា៖ «ភាគីទាំងពីរមិនបានធ្វើការចរចាទ្វេភាគីណាមួយស្ដីពីអង្គភាពស៊ើបអង្កេត ៣០១ របស់អាមេរិក ឬបញ្ជីផលិតផលរបស់ប្រទេសចិនដែលស្នើឡើងរបស់អាមេរិក ដើម្បីយកពន្ធនោះទេ»។
ការស៊ើបអង្កេតអង្គភាព ៣០១ របស់អាមេរិក ផ្ដោតលើអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថា ជាការរំលោភលើកម្មសិទ្ធិបញ្ញារបស់ទីក្រុងប៉េកាំង ដែលរួមទាំងការមិនគោរពក្រុមហ៊ុនកាន់កាប់ប៉ាតង់បរទេសជាដើម។
នៅពេលសួរថា តើប្រទេសចិនបានមើលស្រាលដំណោះស្រាយលើពាណិជ្ជកម្មរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ឬអត់នោះ លោក Gao បានប្រតិកម្មតបវិញថា៖ «យើងសង្ឃឹមថា អាមេរិក នឹងមិនមើលស្រាលដំណោះស្រាយរបស់ប្រទេសចិននោះទេ»។
លោកព្រមានថា ទីក្រុងប៉េកាំង នឹងប្រយុទ្ធតបតប្រឆាំងនឹង «ផែនការមិនត្រឹមត្រូវណាមួយ» របស់អាមេរិកក្នុងការ «រក្សាការអភិវឌ្ឍរបស់ប្រទេសចិន និងការប៉ុនប៉ងបង្ខំឲ្យប្រទេសចិនចុះចាញ់»។
លោក Gao ថ្លែងថា៖ «នៅចំពោះមុខវិធានការរបស់អាមេរិកកំពុងកំណត់ទិសដៅមករកប្រទេសចិន ប៉ុន្តែ តាមពិតវាកំពុងធ្វើឲ្យអន្តរាយដល់ខ្លូនឯងទៅវិញទេ»។
វិធានការប្រឆាំងការបង្ខូចថ្លៃលើផលិតផលធ្វើពីកៅស៊ូ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតដំបូងដោយក្រសួងពាណិជ្ជកម្មចិនបានរកឃើញភស្ដុតាងប្រទេសទាំងនោះកំពុងបង្ខូចថ្លៃផលិតផលកៅស៊ូ។
ក្រុមហ៊ុននាំចូលត្រូវបានណែនាំឲ្យដាក់ប្រាក់បញ្ញើនៅនាយកដ្ឋានគយចិន ដែលមានចំនួនចាប់ពី ២៦ ភាគរយដល់ ៦៦,៥ ភាគរយនៃតម្លៃទំនិញ ក្នុងការអនុវត្តប្រឆាំងនឹងពន្ធនាំចូល បើក្រសួងរកឃើញការបង្ខូចតម្លៃនៅក្នុងការគ្រប់គ្រងចុងក្រោយរបស់ខ្លួន។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ ការបង្ខូចថ្លៃបានធ្វើ «ឲ្យខូចខ្លាំង» ដល់ឧស្សាហកម្មក្នុងស្រុករបស់ប្រទេសចិន។
អាមេរិក និង សិង្ហបុរី គឺជាប្រភពនាំចូលផលិតផលកៅស៊ូដ៏សំខាន់របស់ ចិន ដោយមានការនាំចូលពីប្រទេសពីរនេះ ក្នុងនោះអាមេរិកមានចំនួនសរុប ១៥៣ លានដុល្លារ និងសិង្ហបុរី ១១៥ លានដុល្លារកាលពីឆ្នាំ ២០១៧៕LA