ក្រុងប៉េកាំងៈ ប្រទេស​ចិន​បាន​តបត​ទៅ​នឹង​ការដកហូត​ពន្ធគយ​របស់​អាមេរិក​លើ​ការ​នាំចូល​បន្ទះ​ថាមពល​ព្រះអាទិត្យ (​សូឡា​) ដោយ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ​នៅ​ក្នុង​សមរភូមិ​សង្គ្រាម​ពាណិជ្ជកម្ម​ថ្មី​បំផុត​រវាង​ប្រទេស​មហាសេដ្ឋកិច្ច​របស់​ពិភពលោក​ទាំង​ ២ ​នេះ​។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អនុម័ត​លើ​ការដកហូត​ពន្ធ​យ៉ាងច្រើន​លើ​ការ​នាំ​ចូល​បន្ទះ​សូឡា​កាលពី​ខែ​មករា ដើម្បី​ការពារ​រោងចក្រ​ផលិត​របស់​អាមេរិក ខណៈ​ទង្វើ​នេះ​បាន​ធ្វើឲ្យ​មាន​ការខឹងសម្បា​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ថែម​ទាំង​មាន​ការ​តវ៉ា​ពី​ឧស្សាហកម្ម​សូឡា​អាមេរិក​ផង​ដែរ​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​បាន​បង្កើត​រនាំង​ពាណិជ្ជកម្ម ខណៈ​កំពុង​ឧបត្ថម្ភ​ធន​ដល់​ឧស្សាហកម្ម​ក្នុង​ស្រុក​។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​ខណៈ​កំពុង​ចាត់​វិធានការ​គាំពារ​និយាម​ប្រឆាំង​នឹង​ផលិតផល​ថាមពល​ព្រះអាទិត្យ​ដែល​ត្រូវ​បាន​នាំចូល អាមេរិក​បាន​ផ្តល់​ការឧបត្ថម្ភ​ធន​ដល់​ផលិតផល​ថាមពល​ព្រះអាទិត្យ​ដែល​ផលិត​ក្នុង​ស្រុក និង​ផលិតផល​កកើត​ឡើង​វិញ​ដទៃៗ​ទៀត​»​។

សេចក្តី​ថ្លែងការណ៍​នេះ​បន្ត​ថា​ប្រទេស​ចិន​បាន​ដាក់​ពាក្យ​ប្តឹង​ទាស់​របស់​ខ្លួន​នៅ​អង្គការ WTO កាលពី​ថ្ងៃ​អង្គារ​។

ការឧបត្ថម្ភ​ធន​របស់​អាមេរិក​បាន​ផ្តល់​អត្ថប្រយោជន៍​មិន​ស្មើភាព​ដល់​ក្រុមហ៊ុន​ក្នុងស្រុក និង «​បាន​ធ្វើឲ្យ​ខូច​អត្ថប្រយោជន៍ និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ថាមពល​កកើត​ឡើង​វិញ​របស់​ចិន​»​។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹង​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​សង្ស័យ​ថា​បំពាន​វិធាន​ពាណិជ្ជកម្ម និង​ថា​ខ្លួន​នឹង​បែរ​ទៅ​រក​យន្តការ​ដោះស្រាយ​វិវាទ​របស់​អង្គការ WTO ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​ខ្លួន​។

ការដាក់​ពន្ធគយ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មិន​មាន​ប្រជាប្រិយភាព​ឡើយ​ជាមួយ​នឹង​ឧស្សាហកម្ម​ថាមពល​ព្រះអាទិត្យ​របស់​អាមេរិក​ដោយ​មាន​ការ​អះអាង​ថា​កំណើន​ចំណាយ​លើ​ការនាំ​ចូល​នឹង​ធ្វើឲ្យ​បាត់បង់​ការងារ​រាប់ពាន់​កន្លែង​៕ PS