ក្រុងប៉េកាំងៈ ប្រទេស​ ចិន​ បាន​ចាប់ផ្ដើម​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​មហិច្ឆតា​មួយ ដើម្បី​ប្រកួតប្រជែង​នឹង​ឥទ្ធិពល​អាមេរិក​ផ្នែក​បច្ចេកវិទ្យា blockchain ដែល​អាច​ប្រើប្រាស់​សម្រាប់​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​ការចេញផ្សាយ​ប្រាក់​ឌីជីថល​រហូតដល់​ការធ្វើឲ្យ​ប្រសើរឡើង​សេវា​មួយ​ចំនួន​រដ្ឋាភិបាល និង​តាមដាន​ភាពស្មោះត្រង់​របស់​សមាជិក​បក្ស​កុម្មុយនីស្ដ​ផងដែរ​។

បច្ចេកវិទ្យា​នេះ​ទទួល​បាន​ការឯកភាព​ដ៏សំខាន់​ពី​លោក​ប្រធានាធិបតី ស៊ី ជីនភីង កាលពី​សប្ដាហ៍​មុន​ជា​សញ្ញា​មួយ​ដែល​រដ្ឋាភិបាល​ចិន​មើល​ឃើញ blockchain ថា​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ផែនការ​របស់​ប្រទេស​នេះ​ក្នុង​ការក្លាយ​ជា​មហាអំណាច​បច្ចេកវិទ្យា​ទំនើប​។

ទីក្រុង​ប៉េកាំង គឺជា​ប្រទេស​ចុងក្រោយ​បំផុត​មួយ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​បាន​អនុម័ត​ច្បាប់​ដែល​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​ការ​បំប្លែង​កូដ​ទិន្នន័យ (encryption of data) ជាពិសេស​បច្ចេកវិទ្យា blockchain ដែល​អាច​ឲ្យ​មាន​ការស្ដុក និង​ការផ្លាស់ប្តូរ​ទិន្នន័យ​ដោយផ្ទាល់​ដោយ​មិន​ឆ្លងកាត់​អន្តរការី​។

ដោយ​ល្បីឈ្មោះ​ដោយសារ​មិនអាច​មាន​ការក្លែងបន្លំ​បាន​បច្ចេកវិទ្យា blockchain គឺជា​មូលដ្ឋាន​ទិន្នន័យ​មួយ​ដែល​ត្រូវ​បាន​ចែករំលែក​នៅ​ទូទាំង​បណ្ដាញ​កុំព្យូទ័រ​។ នៅពេល​កត់ត្រា​មួយ​ត្រូវបាន​ធ្វើឡើង​ទៅក្នុង​បច្ចេកវិទ្យា blockchain វា​ស្ទើរតែ​មិនអាច​ធ្វើការ​ផ្លាស់ប្តូរ​បាន​។

វា​ប្រហែលជា​ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​បំផុត​ដោយសារ​ការគាំទ្រ​របស់​បច្ចេកវិទ្យា​នេះ​ដល់​ប្រតិបត្តិការ​របស់​រូបិយប័ណ្ណ​ឌីជីថល (cryptocurrencies) ដូចជា bitcoin ដែល​ទីក្រុង​ប៉េកាំង​អាច​ព្យាយាម​ចម្លង​តាម ខណៈ​ដែល​ប្រទេស​មហាអំណា​ចមួយ​នេះ​ជំរុញ​ទៅមុខ​ជាមួយ​នឹង​ផែនការ​របស់​ខ្លួន​សម្រាប់​ការចេញផ្សាយ​រូបិយប័ណ្ណ​ឌីជីថល​ដែល​ដំណើរការ​ដោយ​រដ្ឋាភិបាល​នាំមុខគេ​ក្នុង​ពិភពលោក​។

លោក Stanislas Pogorzelski ការី​និពន្ធ​នៅ​គេហទំព័រ​ឯកទេស Cryptonaute.fr បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ទោះបី​ជា​ច្បាប់​ថ្មី​សម្រាប់​គ្រប់គ្រង blockchain «​នៅតែ​មិន​ច្បាស់លាស់​» ក្តី​ក៏​ច្បាស់​ណាស់​ចិន​គឺជា​ប្រទេសមួយ​ដែល​សកម្ម​បំផុត​ទាក់ទង​នឹង​បទប្បញ្ញត្តិ​។

លោក Pogorzelski បាន​ថ្លែងថា​៖ «​ប្រទេស​ ចិន​ មាន​ការយល់ដឹង​យ៉ាង​ច្បាស់​ថា ដើម្បី​នៅ​រក្សា​បាន​ជា​ប្រទេស​មហាអំណាច​មួយ អ្នក​ត្រូវតែ​ស្ថិត​ក្នុង​ជួរមុខ​គេ​ខាង​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ​»​។

បច្ចេកវិទ្យា Blockchain នឹង​ដើរតួនាទី​ដ៏សំខាន់​នៅក្នុង​វិស័យ​ជាច្រើន​នៅពេល​អនាគត ដែល​រួមមាន​ហិរញ្ញវត្ថុ​ឌីជីថល សង្គម​អ៊ីនធឺណិត (internet of things) បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត និង​ប្រព័ន្ធ 5G ។

ការអន្តរាគមន៍​របស់​មនុស្ស​កាន់តែ​តិច

បច្ចេកវិទ្យា Blockchain ក៏​អាច​បម្រើ​សម្រាប់​ការធ្វើឲ្យ​ប្រព័ន្ធ​ការិយាធិបតេយ្យ​ដ៏ធំ​របស់​ប្រទេស​ចិន​កាន់តែ​មាន​ប្រសិទ្ធភាព​ផងដែរ​។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​ដែល​មាន​មូលដ្ឋាន​លើ blockchain ត្រូវបាន​ប្រើប្រាស់​ជា​លើកដំបូង​ក្នុង​ការបង្កើត និង​ការដាក់​ពាក្យបណ្ដឹង​ប្រតិបត្តិ​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​តុលាការ​ចិន​ប្រឆាំងនឹង​ភាគី​មួយ​ដែល​បាន​បរាជ័យ​ក្នុង​ការសង​ការខូចខាត​នៅក្នុង​កិច្ចព្រមព្រៀង​សម្របសម្រួល​ណាមួយ​។

ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​ការធ្វើ​អន្តរាគមន៍​ដោយ​មនុស្ស​កាន់តែ​តិច ប្រព័ន្ធ​បែប​នោះ​អាច​ធ្វើឲ្យ​ការអនុវត្ត​ច្បាប់​តុលាការ​នៅក្នុង​ប្រទេស​ចិន «​កាន់តែ​មាន​ភាពវៃឆ្លាត និង​តម្លាភាព​»​។

លោក​ប្រធានាធិបតី ស៊ី ថ្លែង​ថា​៖ «​បច្ចេកវិទ្យា Blockchain គួរតែ​ដើរតួនាទី​កាន់តែ​ធំ​ក្នុង​ការពង្រឹង​អំណាច​របស់​ប្រទេស​ចិន​ផ្នែក​អ៊ីនធឺណិត​ដែល​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​»​។

លោក Anthony Pompliano ដែល​សរសេរ​ព្រឹត្តិប័ត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​អំពី​រូបិយប័ណ្ណ​ឌីជីថល​បាន​ថ្លែងថា​៖ «​អារម្មណ៍​ជាទូទៅ​នៃ​ការអត្ថាធិប្បាយ​របស់​លោក​ ស៊ី មាន​សភាព​ធម្មតា»​។ លោក Pompliano បាន​មាន​ប្រសាសន៍​ថា​៖ «​បច្ចេកវិទ្យា Blockchain ពិតជា​សំខាន់​សម្រាប់​អនាគត ហើយ​ប្រទេស​ចិន​រៀបចំ​ផែនការ​ដើម្បី​ក្លាយ​ជា​ប្រទេស​នាំមុខគេ​លើ​ពិភពលោក​»៕ AFP/LA