ភ្នំពេញៈ កម្ពុជា បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ប្រទេស ចិន CITIC Construction Co.,​Ltd លើ​កិច្ច​សន្យា​​​ពាណិជ្ជកម្ម​ស្តីពី​ ​«​គម្រោង​ជំរុញ​ផលិតម្ម​ស្រូវ និង​ការ​នាំចេញ​អង្ករ» នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​​ចិន ដើម្បី​ឈាន​​ទៅ​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ-អង្ករ និង​ឡ​សម្ងួត ​នៅ​តាម​ទីតាំង​យុទ្ធសាស្រ្ត​មួយ​ចំនួន​ក្នុង​ប្រទេស ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ពាណិជ្ជកម្ម​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន សូរស័ក្តិ ជាមួយ​លោក Chen Xiaojia ប្រធាន​ក្រុមហ៊ុន​រដ្ឋ​ចិន CITIC Construction Co., Ltd។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​គោលដៅ​​ជួយ​ដល់​កសិករ ធុរជន និង​ក្រុមហ៊ុន​នាំចេញ​អង្ករ​ ហើយ​វា​ជា​ចំណែក​មួយ​ក្នុង​ការ​​ជួយ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​​​នាំចេញ​អង្ករ​ទៅ​​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​យ៉ាង​តិច​ ១ ​លាន​តោន ​ក្នុង ​១ ឆ្នាំ​។ គម្រោង​​នេះ​នឹង​រួម​ចំណែក​ជួយ​ទប់ស្កាត់​ការ​ធ្លាក់ចុះ​តម្លៃ​ស្រូវ​របស់​កសិករ​ផង​ដែរ។

យោង​​តាម​កិច្ច​សន្យា CITIC Construction Co., Ltd និង​ក្រុមហ៊ុន​ ហ្គ្រីនត្រេដ ​របស់​កម្ពុជា​នឹង​ត្រូវ​​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ-អង្ករ ចំនួន​ ១២ ​កន្លែង ដែល​មាន​សមត្ថភាព​ស្តុក​សរុប ៨២៧ ០០០ តោន និង​ឡ​សម្ងួត​ចំនួន ១០ ​កន្លែង មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន ១៣ ០០០ តោន​ក្នុង ​១ ​ថ្ងៃ ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយ​មានជ័យ សៀមរាប កំពង់ចាម កំពង់ធំ ព្រៃវែង កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។

ទោះ​យ៉ាង​ណា​គម្រោង​នេះ មិនមាន​​សេវា​កិន​ស្រូវ​ទេ ដើម្បី​ការពារ​កុំ​ឲ្យមាន​​ការ​ប្រកួត​ប្រជែង​ជាមួយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក។

ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បញ្ជាក់​ថា៖ «ជាមួយ​នឹង​ការ​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំចេញ​អង្ករ រាជរដ្ឋាភិបាល​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​​ក្នុង​ការ​បង្កើន​ការ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​លើក​កម្ពស់​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា»​។

លោក ហ៊ុន ឡាក់ នាយក​ក្រមហ៊ុន Mekong Oryza Trading Co. Ltd បាន​សាទរ​ចំពោះ​ព័ត៌មាន​នេះ ដោយ​លោក​លើក​ឡើង​ថា បើ​ទោះ​បី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទាំង​ផ្នែក​​រដ្ឋ និង​ឯកជន​ខិតខំ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ជាក់​ស្តែង​នៅ​ពេល​រដូវ​ប្រមូល​ផល​ស្រូវ​ចូល​មក​ដល់ ​(ប្រមូល​​ផល​ច្រើន) កម្ពុជា​នៅ​តែ​មាន​ជួប​បញ្ហា​កង្វះ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត​ដដែល​​។

លោក​បន្ត​ថា ការ​វិនិយោគ​លើ​ការ​​សង់​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត ​គឺ​ជា​ការ​ល្អ​ណាស់​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា​លោក​​បញ្ជាក់​ថា​៖​ ​«ការ​មាន​ឃ្លាំង និង​ឡ​សម្ងួត​ច្រើន​ក៏​មិន​ទាន់​ប្រាកដ​ថា ​អាច​ដោះ​ស្រាយ​បញ្ហា​ស្រូវ​អង្ករ​បាន​ទាំង​ស្រុង​នោះ​ទេ ដោយ​វា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នោះ​ត្រូវ​មាន​ទុន​គ្រប់គ្រាន់​ផង​ដែរ​»​។​

ប្រធាន​ក្រុមហ៊ុន Baitang (Kampuchea) Plc. លោក ភូ ពុយ បាន​និយាយ​ថា បច្ចុប្បន្ន​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត​បាន​កើត​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង ពិសេស​ក្នុង​តំបន់​ផលិត​ស្រូវ​ធំៗ​ទាំង ​៤ គឺ​ខេត្ត​បាត់ដំបង កំពង់ធំ ព្រៃវែង និង​ខេត្ត​តាកែវ​។​ លោក​បន្ត​ថា ការ​មក​ដល់​នេះ​ នឹង​ជួយ​ធ្វើ​ឲ្យ​កសិករ​កាន់​តែ​មាន​ជម្រើស​ច្រើន​ជាង​មុន​។​

លោក​ថ្លែង​ថា៖ ​«យើង​ស្វាគមន៍​ចំពោះ​​​ការ​វិនិយោគ​លើ​ការ​សាងសង់​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត​ ព្រោះ​កសិករ​នឹង​មាន​ឱកាស​ប្រកួត​ប្រជែង​តម្លៃ​កាន់​តែ​ច្រើន​ [មាន​កន្លែង​ស្តុក មិន​ចាំបាច់​បង្ខំ​លក់​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​ទាប]»។​

លោក នង វាសនា អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាល​ពី​ចុង​ខែ​ឧសភា​​​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជាង ៣០០ ដែល​រោង​ម៉ាស៊ីន​ធំៗ​អាច​មាន​សមត្ថភាព​ស្តុក​ដល់​រាប់​ម៉ឺន​តោន។ លោក​ប្រាប់​ទៀត​ថា កាល​ពី​ឆ្នាំ ​២០១៨ កម្ពុជា​ទទួល​បាន​ទិន្នផល​​ស្រូវ​ក្នុង​រង្វង់​ ១០,២ ​លាន​តោន។​

ទន្ទឹម​នឹង​ការ​ចុះ​ហត្ថលេខា​ខាង​លើ កាល​ពី​ថ្ងៃ​ទី ១៩ ខែ ​មិថុនា ក៏​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស ​ស្វ៊ីស Buhler Group Asia ​បាន​បង្ហាញ​ពី​គម្រោង​នៃ​​ការ​ចូល​មក​វិនិយោគ​លើ​ការ​សាងសង់​ឡ​សម្ងួត ដែល​បំពាក់​​​បច្ចេកវិទ្យា​ទំនើប​ឈាន​មុខ​គេ​ ដើម្បី​ចូលរួម​អភិ-វឌ្ឍន៍​ខ្សែ​ចង្វាក់​តម្លៃ​ស្រូវ​អង្ករ និង​ការ​ធ្វើ​ពិពិធកម្ម​ការ​នាំចេញ​ផលិតផល​សម្រេច​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​។

នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ លោក David Wang ប្រធាន​ក្រុមហ៊ុន Buhler Group Asia បាន​ឲ្យ​ដឹង​ថា លោក​គ្រោង​នឹង​វិនិយោគ​សង់​ឡ​សម្ងួត​ទំនើប​ចំនួន ១០ ទីតាំង ក្នុង​ខេត្ត​គោលដៅ​ចំនួន ១០ សម្រាប់​កែ​ច្នៃ​ជា​ផលិតផល​ចំណី​អាហារ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

យោង​តាម​របាយការណ៍​ច្រក​ចេញ​ចូល​​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ​ បាន​បង្ហាញ​​ថា ​ក្នុង​រយៈពេល​​ ៤ ​ខែ​ដើម​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប​ជាង ​២១ ​ម៉ឺន​តោន កើន​ឡើង​ជាង ​៨​ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៨​។ កាល​ពី​ឆ្នាំ​ ២០១៨ ការ​​នាំចេញ​អង្ករ​កម្ពុជា​មាន​បរិមាណ ៦២៦ ២២៥ ​តោន​ ដោយ​ធ្លាក់ចុះ​ ១,៥ ភាគរយ​បើ​ធៀប​​​​ឆ្នាំ​ ២០១៧។ ទីផ្សារ​សហភាព​អឺរ៉ុប មាន​បរិមាណ​ច្រើន​ជាង​គេ គឺ​ចំនួន​ ២៦៩​ ១២៧​ តោន​ និង​ប្រទេស​ ចិន ​មាន​ចំនួន​ ១៧០ ១៥៤ ​តោន៕​ LA