The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​សម្រេច​ដក​ទំនិញ​អាមេរិក​មួយចំនួន​ ចេញពី​បញ្ជី​ពន្ធ​នាំចូល

ចិន​សម្រេច​ដក​ទំនិញ​អាមេរិក​មួយចំនួន​ ចេញពី​បញ្ជី​ពន្ធ​នាំចូល

ចិន​សម្រេច​ដក​ទំនិញ​អាមេរិក​មួយចំនួន​ ចេញពី​បញ្ជី​ពន្ធ​នាំចូល

ក្រុងប៉េកាំងៈ ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​នឹង​ដក​ទំនិញ​អាមេរិក​មួយចំនួន​ពី​បញ្ជី​ពន្ធ​នាំចូល​របស់​ខ្លួន​ជា​អ្វីដែល​ត្រូវបាន​គេ​មើលឃើញ​ថា ជា​ការផ្ដល់​ការផ្សះផ្សា​មួយ​របស់​ទីក្រុង​​ប៉េកាំង​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មុនពេល​ការចរចា​កម្រិត​ខ្ពស់​នៅ​ខែក្រោយ​។

ប៉ុន្តែ​ទំនិញ​ទាំងនោះ​មិន​ដាក់​បញ្ចូល​ទំនិញ​កសិកម្ម​សំខាន់ៗ​ដែល​អាចមាន​សារៈសំខាន់​ចំពោះ​ជោគជ័យ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​ណាមួយ​រវាង​ភាគី​ទាំង​ ២ ​នេះ​ទេ​។ ការលើកលែង​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​ ១៧ ខែ​កញ្ញា និង​មាន​សុពលភាព​រយៈពេល​ ១ ​ឆ្នាំ​។

នេះ​បើ​យោងតាម​គណៈកម្មការ​ពន្ធគយ​នៃ​ក្រុមប្រឹក្សារដ្ឋ​ដែល​បានចេញ​ផ្សាយ​បញ្ជី​ ២ ​ដែល​រួមមាន​ផលិតផល​អាហារ​សមុទ្រ និង​ឱសថ​ប្រឆាំង​មហារីក​។ បញ្ជី​នេះ​បង្ហាញ​ជា​លើកដំបូង​ដែល​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ផលិតផល​ត្រូវ​ដកចេញ​ពី​បញ្ជី​ពន្ធ​នាំចូល​។

ប្រភេទ​ផ្សេងទៀត​ដែល​នឹង​ត្រូវ​លើកលែង​រួមមាន​គ្រាប់​ធញ្ញជាតិ​អាល់ហ្វាល់ហ្វា ចំណី​ត្រី ឧបករណ៍​ព្យាបាល​ជំងឺមហារីក និង​សារ​ធាតុគីមី​ម្យ៉ាង ខណៈ​គណៈកម្មការ​នេះ​កំពុង​ពិចារណា​ការលើកលែង​បន្ថែម​ទៀត​ផងដែរ​។

ក្រុម​អ្នកចរចា​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ពួកគេ​នឹង​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ដើម​ខែ​តុលា​ដែល​បង្កើន​ក្ដីសង្ឃឹម​សម្រាប់​ការបន្ធូរបន្ថយ​ភាពតានតឹង​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង​ ២ ​របស់​ពិភពលោក​។

ភាគី​ទាំង​ ២ បាន​ហូតពន្ធ​នាំចូល​តបត​ទៅវិញ​ទៅមក​ថ្មីៗ​កាលពី​ថ្ងៃទី​ ១ ខែ​កញ្ញា​នៅក្នុង​ជុំ​ចុងក្រោយ​បំផុត​នៃ​ពន្ធ​នាំចូល​ដែល​ពេលនេះ​គ្របដណ្ដប់​លើ​ទំនិញ​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​។

ក្រុម​អ្នកវិភាគ​នៅ​ក្រុមហ៊ុន Barclays បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​ថា​៖ «​ការកែសម្រួល​ទាំងនេះ​ផ្ដល់​សញ្ញា​ថា ប្រទេស ​ចិន​ មាន​ឆន្ទះ​កាន់តែ​ខ្លាំង​ក្នុងការ​ធ្វើឲ្យ​មាន​ការរីកចម្រើន​នៅក្នុង​ការចរចា​ពាណិជ្ជកម្ម​នៅ​ខែ​តុលា​ដែល​ទំនង​ជា​សម្រេចបាន​កិច្ចព្រមព្រៀង «​មាន​កម្រិត​» មួយ​ដែល​ជាប់​ទាក់ទង​នឹង​ប្រទេស​ ចិន​ ក្នុង​ការទិញ​ទំនិញ​អាមេរិក​កាន់តែ​ច្រើន​ជា​ថ្នូរ​នឹង​ការផ្អាក​ការបង្កើន​ពន្ធ​នាំចូល​បន្ថែម​ទៀត​របស់​អាមេរិក​»​។

ក្រុម​អ្នកវិភាគ​បាន​ឲ្យ​ដឹងថា ទីក្រុង​ប៉េកាំង​កំពុង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​របាយការណ៍ «​ដែល​មាន​ប្រយោជន៍​» កាន់តែ​ច្រើន​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​។

ក្រុមហ៊ុន​ជាច្រើន​របស់​អាមេរិក​នៅ​ក្នុងប្រទេស​ចិន​មាន​សុទិដ្ឋិនិយម​កាន់តែ​ខ្លាំង​ឡើង​អំពី​ចក្ខុវិស័យ​របស់​ពួកគេ ជាមួយ​នឹង​របាយការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ដោយ​លើកឡើង​ថា​ចំនួន​ក្រុមហ៊ុន​កាន់តែ​ច្រើនឡើង​រំពឹង​ថា ប្រាក់​ចំណូល និង​ការវិនិយោគ​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​នឹង​ធ្លាក់ចុះ​៕ LA

អត្ថបទគួរចាប់អារម្មណ៍