ក្រុងប៉េកាំងៈ ប្រទេស​ ចិន ​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​បន្ត​ជាថ្មី​ក្នុង​ការនាំចូល​សាច់​ពី​កាណាដា ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​អូតាវ៉ា ដោះលែង​មន្ដ្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei ដែល​ធ្វើឲ្យ​ទំនាក់ទំនង​មិនល្អ​រវាង​ប្រទេស​ទាំង​ ២​។

ទីក្រុង​ប៉េកាំង​បាន​រារាំង​ការនាំចូល​សាច់គោ និង​សាច់ជ្រូក​ពី​កាណាដា​កាលពី​ខែ​មិថុនា ដោយ​ចោទប្រកាន់​ពី​ការ​ចម្លងរោគ​ក្នុង​សាច់ជ្រូក​នាំចូល និង​ឯកសារ​ក្លែងក្លាយ​ដែល​ការអះអាង​នេះ​ត្រូវ​បាន​ជំទាស់​ដោយ​ប្រទេស​ កាណាដា​។

វិធានការ​នេះ​ត្រូវបាន​មើលឃើញ​ថា ជា​ការកើនឡើង​កាន់តែ​ខ្លាំង​ក្នុង​ការឆ្លើយតប​នឹង​ការចាប់ខ្លួន​លោកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei ដោយ​ប្រទេស​កាណាដា​តាម​សំណើ​ធ្វើ​បត្យាប័ន​របស់​អាមេរិក ជាប់ទាក់ទង​នឹង​ការចោទប្រកាន់​រំលោភ​លើ​ការដាក់​ទណ្ឌកម្ម​ប្រទេស ​អ៊ីរ៉ង់​។

ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ទីក្រុង​អូតាវ៉ា​បាន​បង្ហាញ​ផែនការ​សកម្មភាព​មួយ​ដែល «​ឆ្លើយតប​ជា​មូលដ្ឋាន​ទៅ​នឹង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការធានា​សុវត្ថិភាព​» និង​បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​នឹង​ចាប់ផ្ដើម​ទទួល​យក​វិញ្ញាបនបត្រ​សុខភាព​សម្រាប់​សាច់​ដែល​នាំចូល​ពី​ប្រទេស​ កាណាដា​។

លោកនាយក​រដ្ឋមន្ដ្រី​កាណាដា Justin Trudeau បាន​សរសេរ​លើ Twitter ថា កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​ ចិន​ នឹង​ចាប់ផ្ដើម​ជាថ្មី​ការនាំ​ចូល​នេះ​។

លោក Geng ដែល​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​អូតាវ៉ា​ដោះលែង​លោកស្រី Meng និង​អនុញ្ញាត​ឲ្យ​លោកស្រី​ត្រឡប់​ទៅ​ចិន​ថ្លែងថា​៖ «​ភាគី​ចិន​មិន​ទទួល​ខុសត្រូវ​សម្រាប់​ផលវិបាក​ដែល​បាន​ជួប​ដោយសារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ទេ​»៕ LA