ភ្នំពេញៈ ក្នុងដំណើរទៅកាន់ប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាលចិនបានសន្យាផ្ដល់ទឹកប្រាក់បន្ថែម ២០០ លានយន់ដល់កម្ពុជា។
តាមទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ការផ្ដល់ជូននេះបានធ្វើក្នុងអំឡុងកិច្ចប្រជុំរវាងលោក Li Keqiang នាយករដ្ឋមន្រ្តី ចិន និងនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានទៅចូលរួមពិព័រណ៍ពាណិជ្ជកម្ម ចិន អាស៊ានលើកទី១០ថ្ងៃទី៣ដល់ទី៦ នៅទីក្រុង ណាននីង ប្រទេស ចិន។
កាលពីដើមខែ សីហា កម្ពុជាទើបតែទទួលបានកម្ចី ១០០,៦ លានដុល្លារដែលបានចុះហត្ថលេខារវាងរដ្ឋមន្ដ្រីសេដ្ឋកិច្ច និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានៅទីក្រុង ភ្នំពេញ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានយល់ព្រមបន្តជំរុញសហប្រតិបត្តិការទាំងក្នុង វិស័យសេដ្ឋកិច្ច និងទំនាក់ទំនងការទូត។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហាញពីការដឹងគុណចំពោះប្រទេស ចិន និងប្រជាជនចិនដែលបានគាំទ្រនិងជួយប្រទេសកម្ពុជា។ លោកបានថ្លែងថា សហប្រតិបត្តិការនេះនឹងមានរយៈពេលយូរអង្វែង។
បើតាម ទ.ទ.ក ក្នុងអំឡុងទស្សនកិច្ចនេះលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជួបចរចាទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្ដី វៀតណាម លោកអភិបាលខេត្ត ក្វាងស៊ី និងលោកអភិបាលខេត្ត យូណានផងដែរ។
ការវិលត្រឡប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីប្រទេសចិនកាលពីថ្ងៃម្សិលមិញមិនមានធ្វើសន្និសីទសារព័ត៌មានអ្វីឡើយ។
លោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយកាលពីថ្ងៃទី៩ ខែ សីហា ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា-ចិនថាចិនជាដៃគូទ្វេភាគីដ៏សំខាន់ដែលបានផ្តល់កម្ចីដ៏ច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជា។
លោកថ្លែងថា៖ «ការផ្ដល់ហិរញ្ញវត្ថុពីប្រទេសចិន ពិសេសបានជួយកម្ពុជាដើម្បីធ្វើសមាហរណកម្មក្នុងប្រទេស និងភ្ជាប់កម្ពុជាជាមួយអាស៊ាន និងក្នុងតំបន់តាមរយៈការភ្ជាប់ទំនាក់ទំនងផ្លូវចូលទូរគមនាគមន៍ បណ្ដាញទូរគមនាគមន៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនី»។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រទេសចិនបានផ្ដល់ទឹកប្រាក់សរុប ២,៨៥ ពាន់លានដុល្លារដល់កម្ពុជាចាប់ពីឆ្នាំ ១៩៩២ ដល់ខែ កក្កដាឆ្នាំនេះ។ ក្នុងនោះ ២៥ លានដុល្លារជាជំនួយឥតសំណង ១៦៣ លានដុល្លារជាកម្ចីមិនយកការប្រាក់ ហើយទឹកប្រាក់នៅសល់គឺជាកម្ចីសម្បទាន។
ប្រទេសចិន គឺជាវិនិយោគិនផ្ទាល់ពីបរទេសលើកដំបូងនៅកម្ពុជាចន្លោះពីឆ្នាំ ១៩៩៤ដល់ឆ្នាំ២០១១ ឬមានតម្លៃជា ៨,៩ ពាន់លានដុល្លារ។ ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ភាគច្រើននៃការវិនិយោគគឺនៅក្នុងវិស័យកសិកម្ម រ៉ែ ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ទូរគមនាគមន៍ និងផលិតផលកាត់ដេរ។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានតម្លៃ ២,៩ ពាន់លានដុល្លារ ហើយត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥ ពាន់លានដុល្លារនៅ ឆ្នាំ ២០១៧៕ BP