
ទីលានវាយកូនហ្គោល នៅក្នុងតំបន់ទេសចរណ៍ឈ្មោះ «តារាសាគរ» នៅខេត្ត កោះកុង។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ក្រុមហ៊ុន Union Development Group (UDG) របស់ ចិន ដែលអភិវឌ្ឍគម្រោងទេសចរណ៍ខ្នាតធំឈ្មោះ «តារាសាគរ» នៅខេត្ត កោះកុង ក្នុងទឹកប្រាក់ ៣,៨ ពាន់លានដុល្លារបានបង្ហាញការអភិវឌ្ឍគម្រោងថ្មីមួយទៀត ឈ្មោះ «ក្រុងវិស្សមកាលទេសចរ» ខណៈដែលព័ត៌មានពីការវិវឌ្ឍគម្រោងទី១នៅមិនបានបង្ហាញលម្អិតនៅឡើយ។
គម្រោង «ក្រុងវិស្សមកាលទេសចរ» ដែលក្រុមហ៊ុនអះអាងថា នឹងត្រូវវិនិយោគក្នុងទឹកប្រាក់ ១,២ ពាន់លានដុល្លារ ត្រូវបានបង្ហាញនៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃចន្ទបន្ទាប់ពីប្រធានក្រុមប្រឹក្សាភិបាល UDG លោក លី តាវ បានជួបជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ព័ត៌មានពីក្រសួងពាណិជ្ជកម្មមិនបានលម្អិតថា តើទឹកប្រាក់ ១,២ ពាន់លានដុល្លារនឹងត្រូវវិនិយោគរយៈពេលប៉ុន្មាននោះទេតែលោក លី តាវ បញ្ជាក់ទៅលោក សូរស័ក្តិ ថា គម្រោងថ្មីនេះនឹងត្រូវអភិវឌ្ឍលើផ្ទៃដី១២០០ហិកតា ដែលជាការប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជាសណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូទំនើប បឹងកាឡូ ការិយាល័យធ្វើការ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ។
ខណៈការសាងសង់គម្រោងនេះត្រូវបានរំពឹងថានឹងចាប់ផ្ដើមនៅដើមឆ្នាំក្រោយលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងកាលពីម្សិលមិញថា លោកមិនបានទទួលព័ត៌មានលម្អិតរបស់គម្រោងនេះទេ។
លោកបន្តថា ក្រុមហ៊ុននេះគ្រោងនឹងយកផែនការវិនិយោគរបស់ខ្លួនទៅបង្ហាញនៅក្នុងពិព័រណ៍ ចិន-អាស៊ាន នៅពាក់កណ្ដាលខែនេះ។ លោកថ្លែងថា៖ «ក្រុមហ៊ុនមិនបានផ្ដល់ព័ត៌មានលម្អិតពីគម្រោងនេះដើម្បីសុំការយល់ព្រមពីក្រសួងទេ ប៉ុន្តែគ្រាន់តែបង្ហាញផែនការក្នុងការស្វែងរកការគាំទ្រ មុនពេលយកផែនការវិនិយោគនេះទៅបង្ហាញនៅក្នុងពិព័រណ៍»។ លោកបញ្ជាក់ថា៖«វាជាគម្រោងធំមួយដូច្នេះក្រុមហ៊ុន អាចត្រូវការពេលវេលាដើម្បីបញ្ចប់»។
សេចក្ដីប្រកាសព័ត៌មានរបស់ MoC មិនបានបង្ហាញព័ត៌មានលម្អិតថា តើផ្នែកណាមួយនៃដីក្នុងខេត្ត កោះកុង ដែលគម្រោងថ្មីនេះនឹងត្រូវសាងសង់ទេ។
ទោះបីយ៉ាងនេះក្តី UDG ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ចិន គ្រប់គ្រងដោយរដ្ឋ Wanlong Group បានគ្រប់គ្រងដីសម្បទាន ៤៥ ០០០ ហិកតា នៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ របស់ខេត្តកោះកុង ដោយទទួលបានសម្បទានពីរដ្ឋាភិបាលរយៈពេល៩៩ឆ្នាំកាលពីឆ្នាំ២០០៨ ដើម្បីបង្កើតរមណីយដ្ឋានមាត់សមុទ្រ តារាសាគរ ដែលរួមមានកាស៊ីណូ និងគម្រោងទីធ្លាវាយកូនគោលនៅក្នុងឧទ្យានជាតិបទុមសាគរ។
ប្រសិនបើគម្រោងវិនិយោគរបស់ UDG នៅកោះកុងបានសម្រេចបានវាបានបង្ហាញថា ចិន កំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់ឆ្នេរសមុទ្រ កម្ពុជា កាន់តែខ្លាំងឡើងខណៈបច្ចុប្បន្នកំពុងគ្របដណ្ដប់លើក្រុង ព្រះសីហនុ៕LA