កំពតៈ ​ចិន​កំពុង​បន្ត​ពិនិត្យ​លើ​សំណើ​ក្នុង​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​របស់​កម្ពុជា​បន្ថែម​ទៀត បន្ទាប់​ពី​ផ្លែ​ស្វាយ និង​ផ្លែ​ចេក​អំបូង​លឿង។ នេះ​បើ​យោង​​តាម​ លោក លី ជៀនហ្វី (Li Jianwei) ប្រធាន​នាយកដ្ឋាន​កិច្ចការ​នាំចូល​កសិផល​ពី​បរទេស​នៃ​ក្រសួង​គយ​ចិន​។

ប្រទេស​ ចិន​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ក្នុង​​ការ​នាំចូល​ផ្លែ​ស្វាយ​ពី​​​កម្ពុជា​ កាល​ពី​ថ្ងៃទី​ ១៣ ខែ​មិថុនា​ ជាមួយ​​ក្រសួង​កសិកម្ម​កម្ពុជា​ ខណៈ​កាល​ពី​ឆ្នាំ​ទៅ​បាន​​អនុញ្ញាត​​ឲ្យ​កម្ពុជា​នាំ​ចេក​ទៅ​ទីផ្សារ​ចិន។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​​កាន់​កសិដ្ឋាន​ដាំ​ចេក ​ឡង ម៉េត (Long Mate Banana Farming) ​នៅ​​ស្រុក​ឈូក ខេត្តកំពត​ កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ពិនិត្យ​មើល​បច្ចេកទេស និង​ស្តង់ដារ​ភូតគាម​អនាម័យ​ លោក​ លី ជៀនហ្វី​ បាន​និយាយ​ថា​ គ្រប់​កាលៈទេសៈ​ទាំង​អស់ រដ្ឋាភិបាល​ចិន​តែង​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ប្រទេស លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

លោក លី ថ្លែង​ថា៖ «នៅ​ពេល​នេះ យើង​បាន​គាំទ្រ និង​អនុញ្ញាត​ឲ្យ​ភាគី​កម្ពុជា នាំ​យក​កសិផល​ចំនួន ២ ​មុខ គឺ​​ចេក​អំបូង​លឿង និង​ផ្លែស្វាយ ចូល​ទៅ​ក្នុង​ទីផ្សារ ​[ប្រទេស ​ចិន] ​របស់​យើង​​ដោយ​ផ្ទាល់»។

លោកបាន​បន្ត​ថា៖ «យើង​នឹង​បន្ត​ពិនិត្យ​មើល​បន្ថែម​ទៀត​នូវ​សំណើ​របស់​ភាគី​កម្ពុជា ស្ដីពី​ការ​នាំ​យក​កសិផល​មួយ​ចំនួន​បន្ថែម​ទៀត​ចូល​មក​ក្នុង​ទីផ្សារ​របស់​យើង»។

តាម​លោក លី កសិផល​ដែល​ភាគី​កម្ពុជា​បាន​ស្នើ​សុំ​នោះ​រួម​មាន​ ម្រេច មៀន​ប៉ៃលិន ម្នាស់​ទឹកឃ្មុំ ដូង​ក្រអូប និង​សម្បុក​ត្រចៀកកាំ»។​

បើ​តាម​លោក លី ប្រទេស ​ចិន ​បាន​​នាំចូល​កសិផល​គ្រប់​ប្រភេទ​ប្រមាណ​ជាង​ ១០ ​លាន​តោន​ក្នុង ​១ ​ឆ្នាំៗ ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស ​កម្ពុជា ​ផង​ដែរ សម្រាប់​ផ្គត់ផ្គង់​ដល់​​ប្រជាជន​ចិន។

លោក​ ហ៊ុន ឡាក់ ​នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ​ដែល​បច្ចុប្បន្ន​កំពុង​ដាំ​ចេក​នៅ​លើ​ផ្ទៃដី​ជាង​ ៤០០ ​ហិកតា នៃ​ផ្ទៃដី​ដាំដុះ​សរុប​១ ០០០ ​ហិកតា បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​នឹង​ពង្រីក​ការ​ដាំដុះ​ឲ្យ​បាន ​១០០ ​ភាគរយ នៃ​ផ្ទៃដី​ដាំដុះ​របស់​ខ្លួន​នៅ​ដំណាច់​ឆ្នាំ ២០២០។

លោក​ថ្លែង​ថា៖ «ក្នុង​ត្រីមាស​ទី១ ដើម​ឆ្នាំ​នេះ ក្រុមហ៊ុន​របស់​យើង​បាន​នាំចេញ​ចេក​ទៅ​ក្នុង​ទីផ្សារ​ប្រទេស ​ចិន បាន​ជាង ​១០០ ​តោន ហើយ​យើង​រំពឹង​ថា ការ​នាំចេញ​របស់​យើង​ពេញ​មួយ​ឆ្នាំ ២០១៩ នេះ អាច​នឹង​កើន​ដល់​ជាង​ ​២ ០០០ ​តោន»។

លោក ឡាក់ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​​មាន​បុគ្គលិក និង​កម្មករ​សរុប​​​ជាង ​៩០០ ​នាក់​កំពុង​បម្រើ​ការងារ​លើ​ការ​ដាំដុះ​ដំណាំ​ចេក​នេះ ក្នុង​នោះ​កម្មករ​ជំនាញ​ជាង ​៣០ នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​សិក្សា​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ដាំដុះ ប្រមូល​ផល និង​វេចខ្ចប់​ នៅ​ឯ​ប្រទេស ​ចិន។

លោក​បាន​បន្ថែម​ថា៖ «ការ​នាំ​ចេញ​កសិផល​ទៅ​លើ​ទីផ្សារ​អន្តរជាតិ​ធំៗ​ដូចជា​ប្រទេស ​ចិន​ គឺ​យើង​មិន​ពឹង​ផ្អែក​តែ​​លើ​បរិមាណ និង​គុណភាព​នៃ​ទំនិញ​​កសិផល​របស់​យើង​នោះ​ទេ តែ​វា​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​វេច​ខ្ចប់​ឲ្យ​បាន​ល្អ​ត្រឹម​​ត្រូវ​ស្រប​តាម​ស្ដង់ដារ​បច្ចេកទេស​​ផង​ដែរ»។

លោក​បន្ត​ថា៖ «មិន​តែ​ប៉ុណ្ណោះ​គឺ​យើង​ត្រូវ​មាន​រោងចក្រ​សម្រាប់​កែច្នៃ និង​វេចខ្ចប់​ ព្រម​ទាំង​មាន​ស្តង់​សម្រាប់​ស្តុក និង​លក់​ដូរ​នៅ​ក្នុង​ទីផ្សារ​របស់​គេ​ឲ្យ​បាន​ត្រឹមត្រូវ​ថែម​ទៀត»៕ LA