ភ្នំពេញៈ អាជីវកម្មជាង ៩០ ភាគរយ នៅក្រុងព្រះសីហនុនាពេលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយជនជាតិចិន រាប់ចាប់តាំងពីសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រហូតដល់ហាងម៉ាស្សា។ នេះបើយោងតាមទិន្នន័យរបស់អាជ្ញាធរ ខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំ ស្តីពីការបន្តនិរន្តរភាពការងារ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ថានភាពទូទៅរបស់ខេត្តព្រះសីហនុ គឺមានការវិនិយោគច្រើនពីជនបរទេស ពិសេសជនជាតិចិន ដែលធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យដូចជា សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ភោជនីយដ្ឋាន ព្រមទាំងមុខរបរផ្សេងៗទៀត។
បើតាមលោក ជួន ណារិន្ទ បច្ចុប្បន្នក្នុងខេត្តព្រះសីហនុ មានសណ្ឋាគារ និងផ្ទះសំណាក់ចំនួន ១៥៦ កន្លែង ក្នុងនោះ ១៥០ កន្លែងគ្រប់គ្រងដោយជនជាតិចិន។ ចំណែកកាស៊ីណូមានចំនួន ៦២ កន្លែង វិនិយោគដោយចិនចំនួន ៤៨ កន្លែង ក្លិបកម្សាន្តខារ៉ាអូខេ មានចំនួន ៤១ កន្លែងគ្រប់គ្រងដោយជនជាតិចិន ហាងម៉ាស្សាចំនួន ៤៦ កន្លែង គ្រប់គ្រងដោយជនជាតិចិន និងមានភោជនីយដ្ឋានសរុបចំនួន ៤៣៦ កន្លែងក្នុងនោះ ៩៥ ភាគរយ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា កាលពីម្សិលមិញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា ផ្អែកលើទិន្នន័យនេះបង្ហាញថា ចំនួនសណ្ឋាគារ និងអាជីវកម្មក្នុងខេត្តព្រះសីហនុ រហូតដល់ជាង ៩០ ភាគរយ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន។
លោកបន្តថា វាគឺជាក្តីបារម្ភ ព្រោះទីផ្សារ ឬតំបន់មួយ មិនគួរមានការវិនិយោគរបស់ជនជាតិបរទេសតែមួយ លើសពីពាក់កណ្តាលនោះទេ។
លោកបញ្ជាក់ថា ៖«សម្រាប់ខ្ញុំ វាល្អប្រសិនបើការវិនិយោគនោះមានលក្ខណៈចម្រុះជាតិសាសន៍។ ការគ្រប់គ្រងអាជីវកម្មរបស់ជនបរទេសមិនគួរលើសពី ៥០ ភាគរយទេ ព្រោះវានឹងធ្វើឲ្យបាត់តុល្យភាពក្នុងការអភិវឌ្ឍ និងតុល្យភាពទីផ្សារ»។ លោកបន្តថា៖«រឿងដែលអ្នកវិនិយោគបរទេសចូលមកគ្រប់គ្រងក្នុងការវិនិយោគដ៏ច្រើនបែបនេះ គឺផលមិនល្អអាចមានច្រើនជាងផលល្អ»។
កំណើនការវិនិយោគ និងការមកដល់យ៉ាងច្រើនរបស់ជនជាតិចិននៅក្នុងខេត្តព្រះសីហនុ ត្រូវបានលោក ស៊ីណាន បញ្ជាក់ថា អាចនឹងធ្វើឲ្យកម្ពុជាជួបបញ្ហាមួយចំនួនដូចជា ការបាត់បង់អត្តសញ្ញាណជាតិ ឱកាសការងាររបស់ប្រជាជនក្នុងស្រុក ការចរាចរសាច់ប្រាក់ បរិស្ថាន និងបញ្ហាសន្តិសុខសង្គមជាដើម។
លោកបន្តថា ដើម្បីឲ្យការអភិវឌ្ឍនៅខេត្តព្រះសីហនុអាចធ្វើឡើងប្រកបដោយចីរភាព ការពង្រឹងប្រព័ន្ធច្បាប់ និងការអនុវត្តរបស់មន្ត្រី គឺជាកិច្ចការសំខាន់ ខណៈការដួលរលំអគារក្នុងក្រុងព្រះសីហនុនាពេលថ្មីៗនេះជាចន្លោះប្រហោងមួយដ៏ធំ។
អត្ថប្រយោជន៍ក្នុងស្រុក
តាំងពីលំហូរចូលវិនិយោគិន និងជនជាតិចិនមកក្រុងព្រះសីហនុប្រជាជនក្នុងតំបន់នេះទទួលបានអត្ថប្រយោជន៍ដ៏ធំពីការលក់ដី និងជួលទីតាំងឲ្យវិនិយោគិន។
ទិន្នន័យស្រាវជ្រាវតម្លៃដីធ្លីរបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ បង្ហាញថា ដីក្នុងតំបន់ល្អបំផុតក្នុងក្រុងព្រះសីហនុ នៅពេលនេះតម្លៃដីបានហក់ឡើងប្រមាណជិត ១០០ ភាគរយ បើធៀបទៅនឹងដំណាច់ឆ្នាំ ២០១៨។
លោក សន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បាននិយាយថា ការមកដល់យ៉ាងច្រើននៃជនជាតិចិន បានធ្វើឲ្យសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ និងសំណង់ក្នុងខេត្តព្រះសីហនុស្ទុះងើបឡើងយ៉ាងលឿនហួសពីការរំពឹងទុក។ លោកបន្តថា ការចូលមកដល់របស់ជនជាតិចិន បានធ្វើឲ្យម្ចាស់អចលនទ្រព្យ និងសំណង់អគារក្នុងក្រុងព្រះសីហនុ ទទួលបានផលប្រយោជន៍ជាច្រើន។ លោកបន្តថា៖ «កម្លាំងសេដ្ឋកិច្ច គឺពឹងអាស្រ័យទៅលើចំនួនមនុស្ស នៅពេលមានមនុស្សច្រើន សេដ្ឋកិច្ចក៏កើនទៅតាមនោះដែរ»។
លោកបន្តថា គ្រប់ការវិនិយោគសុទ្ធតែផ្តល់នូវផលវិជ្ជមានច្រើនជាងអវិជ្ជមាន។ ជាក់ស្តែងការចូលមកដ៏ច្រើនរបស់ជនជាតិចិន បានធ្វើឲ្យមានសំណង់អគារជាច្រើនលេចឡើងក្នុងក្រុងព្រះសីហនុនៅពេលនេះ ហើយចំនួនភ្ញៀវទេសចរចិននឹងបន្តចូលមកទស្សនាកម្ពុជាកាន់តែច្រើនដែរ។
លោកថ្លែងថា៖ «តាមរយៈការចូលមកដល់របស់ជនជាតិចិន យើងក៏អាចធ្វើកិច្ចសហការជាមួយចិន ដើម្បីធ្វើការវិនិយោគរួមគ្នាផងដែរ»៕LA