The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចិន ងាក​ចេញ​ពី​សណ្តែក​សៀង អាមេរិក បន្ទាប់​ពី​ការ​ហូត​ពន្ធ

ចិន ងាក​ចេញ​ពី​សណ្តែក​សៀង អាមេរិក បន្ទាប់​ពី​ការ​ហូត​ពន្ធ

Content image - Phnom Penh Post
កម្មករកំពុង​ធ្វើការ​ក្នុងរោងចក្រ​ផលិត​ប្រេង​ឆា​មួយ​នៅ​ប្រទេស​ជប៉ុន​​។ រូបថត AFP

ចិន ងាក​ចេញ​ពី​សណ្តែក​សៀង អាមេរិក បន្ទាប់​ពី​ការ​ហូត​ពន្ធ

ក្រុង​ប៉េកាំងៈ គំរូ​ការ​នាំចូល​សណ្ដែក​សៀង​របស់​ប្រ​ទេស​ ចិន​ បាន​ជួប​ប្រ​ទះ​ការ​ផ្លាស់​ប្តូរ​យ៉ាង​​ខ្លាំង​ បន្ទាប់​ពី​​ប្រ​ទេស​នេះ​បាន​សម្រេច​ចិត្ត​ហូត​ពន្ធ​នាំ​ចូល​​បន្ថែម ២៥ ​ភាគ​រយ លើ​​ការ​នាំ​ចូល​សណ្ដែក​សៀង​ពី​​​សហ​រដ្ឋ​អា​មេ​រិក​កាល​ពី​ខែ​កក្កដា​ឆ្នាំ​នេះ​។​

ក្រុម​ហ៊ុន​នាំ​ចូល​របស់​ចិន បាន​​ផ្លាស់​ប្តូរ​ជា​បណ្ដើរ​ៗ​ទៅ​រក​អ្នក​ផលិត​​ក្នុង​ប្រ​ទេស និង​​ផលិត​ផល​មក​ពី​បណ្ដា​ប្រ​ទេស​​ផ្សេង​ទៀត​ ដែល​ជា​កិច្ច​ប្រឹង​​ប្រែង​មួយដើ​ម្បី​ជំ​នួស​សណ្ដែក​​សៀង​អា​មេ​រិកដោយ​សារ​​តម្លៃ​កើន​ឡើង។​

ចិន​​ជា​ប្រ​ទេស​ប្រើ​ប្រាស់​សណ្ដែ​ក​សៀង​ឈាន​មុខ​គេ​ក្នុង​​​ពិ​ភព​លោក​ ហើយ​​ជាង ៨០ ភាគ​រយ​នៃ​សណ្ដែក​សៀង​​របស់​ខ្លួន​​​ត្រូវ​បាន​នាំ​ចូល​។

ប្រ​ទេស ​​ប្រេ​ស៊ីល និង​អា​មេ​រិក​ ដែល​​ជា​ប្រ​ភព​សណ្ដែក​សៀង ២ ដ៏​សំ​ខាន់​​​សម្រាប់​ប្រ​ទេស ​ចិន​ បាន​រួម​ចំ​ណែក​ជាង​ ៦០ ​ភាគ​រយ​នៃ​ការ​នាំ​ចូល​សណ្ដែក​សៀង​​​ប្រ​ចាំ​ឆ្នាំ​របស់​​ចិន​។​

​ក្រុម​ហ៊ុ​ន Jiusan Group មាន​មូល​ដ្ឋាន​នៅ​ខេត្ត Heilongjiang ដែល​ជា​សហ​គ្រាស​​កែ​ច្នៃ​សណ្ដែក​សៀង​ធំ​​មួយត្រូវ​ការ​សណ្ដែក​សៀង​​ប្រ​ហែល ១២ លាន​តោន​​ក្នុង​មួយ​ឆ្នាំ​ៗ។​

សណ្ដែក​សៀង​ប្រ​ហែល ៨ លាន​តោន​ ដែល​បាន​កែ​ច្នៃ​ដោយ​​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​នាំ​ចូល​ ក្នុង​នោះ​សណ្ដែក​​សៀង​អា​មេ​រិក​​មាន​ចំ​នួន ៤០​ ភាគ​រយ​។​

ប៉ុន្តែ​​ក្រុម​ហ៊ុន Jiusan Group បាន​ផ្អាក​ការ​ទិញ​​ពី​អា​មេ​រិក ចាប់​តាំង​ពី​ឆ​មាស​ទី ២ ឆ្នាំ ២០១៨។ យោង​តាម​លោក Zhang Lichen អនុ​ប្រ​ធាន​​ក្រុម​ហ៊ុន​នេះ ​សណ្ដែក​សៀង​​អា​មេ​រិក​​មាន​តម្លៃ​យ៉ាង​តិច​ពី ៧០០ ទៅ ៨០០ យន់ (​១០២ ដុល្លារ​ទៅ​ ១១៧ ដុល្លារ) ដែល​មាន​ខ្ពស់​ជាង​ពី​មុន​​ចាប់​តាំង​ពី​ការ​ហូត​​ពន្ធ​ការ​នាំ​ចូល ២៥ ភាគ​រយ​បាន​ចូល​ជា​ធរ​មាន​មក​។​

លោក Zhang ពន្យល់​ថា សហ​គ្រាស​នា​នា​បាន​ពង្រីក​ការ​នាំ​ចូល​ពី​អា​មេ​រិក​ខាង​ត្បូង និង​កំពុង​​ព្យា​យាម​ពង្រីក​ការ​នាំ​ចូល​ពី​ប្រ​ទេស​ កា​ណា​ដា និង​រុស្ស៊ី​ សម្រាប់​ជា​វិ​ធាន​ការ​ទប់​ទល់។​

​លោក​បាន​លើក​ឡើង​ពី​ការ​នាំ​ចូល​​​ពី​​​ប្រេ​ស៊ីល​ធ្វើជា​ឧទាហរណ៍​ ដោយ​ថ្លែង​​ថា​ ចំ​ណែក​នៃ​សណ្ដែក​សៀង​​មក​ពី​ប្រ​ទេស​នេះ​ត្រូវ​បាន​បង្កើន​ដល់​ប្រហែល ៦៥ ភាគ​រយ​ធៀប​នឹង​ពី​មុន​ដែល​មាន​តែ ៥០ ភាគ​រយ​។​

សហ​គ្រាស​​ចិន​ បាន​បញ្ឈប់​ការ​ចូល​សណ្ដែក​សៀង​​​ពី​អា​មេ​រិក​​ចាប់​តាំង​ពី​ខែ​កក្កដា​​មក។ ជា​​លទ្ធ​ផល ​រុស្ស៊ី និង​កា​ណា​ដា ដែល​មាន​សុទិដ្ឋិ​និ​យម​អំពី​ទី​ផ្សារ​ប្រ​ទេស​ចិន​ កំពុង​រៀប​ចំ​ផែន​ការ​ក្នុង​ការ​បង្កើន​ការ​នាំ​ចេញ​​សណ្ដែក​សៀង​ទៅ​ចិន​។​

អ្នក​គ្រប់​គ្រង​ទូ​ទៅ​មជ្ឈ​មណ្ឌល​​កសិ​កម្ម​របស់​រុស្ស៊ី​នៅ​ទី​ក្រុង Amur Oblast បាន​ថ្លែង​ថា​៖ «ទី​ផ្សារ​ចិន​មាន​ទំ​ហំ​ធំ ហើយ​យើង​​​មិន​គិត​ច្រើន​ពេក​ទេ​អំ​ពី​ការ​ផ្លាស់​ប្តូរ​​គំរូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ដែល​កំពុង​កើត​ឡើង​នេះ​»​។​

ការ​កើន​ឡើង​តម្លៃ​សណ្ដែក​សៀង​ ក៏​បាន​លើក​កម្ពស់​​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​សណ្ដែក​សៀង​​ក្នុង​ស្រុក​ផង​ដែរ​ ដែល​កំ​ពុង​ស្ថិត​​ក្នុង​ស្ថាន​ការ​ណ៍​ដ៏​ពិ​បាក​នៃ​ការ​ប្រ​កួត​ប្រ​ជែង​។​

មាន​ការ​​​បញ្ជាក់​ថា ចាប់​តាំង​ពី​​ចុង​ខែ​មេ​សា​ឆ្នាំ​នេះ​មក​ រដ្ឋា​ភិបាល​ខេត្ត Heilongjiang បាន​​បង្កើន​​ការ​ឧបត្ថម្ភ​ធន​សម្រាប់​​អ្នក​ដាំ​ដុះ​សណ្ដែក​សៀង​​ពី ២០​០ ទៅ ២១០ យន់​ក្នុង​១​មូ (០,០៦៧ ហិក​តា) ដើ​ម្បី​ជំ​រុញ​​ការ​ផលិត​សណ្ដែក​សៀង​បន្ថែម​ទៀត។

​អ្នក​​​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​បាន​ព្យា​ករ​ថា ការ​បង្កើន​ឧប​ត្ថម្ភ​ធន​​នឹង​ជួយ​បង្កើន​​ផ្ទៃ​ដី​ដាំ​ដុះ​សណ្តែក​​សៀង​​​ជិត​ដល់​ ១០ លាន​​មូ ដែល​ធ្វើ​ឲ្យ​កំ​ណើន​ថ្នាក់​ជាតិ​សរុប​កើន​​ដល់ ១២៧ លាន​មូ។ ជា​ទូ​ទៅ​ការ​ផ្គត់​ផ្គង់​សណ្ដែក​សៀង​របស់​ប្រ​ទេស ចិន នឹង​នៅ​តែ​មាន​ស្ថិរ​ភាព ហើយ​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​បរ​ទេស​ នឹង​ត្រូវ​បាន​កាត់​បន្ថយ៕​ People's Daily/LA

អត្ថបទគួរចាប់អារម្មណ៍