The Phnom Penh Post Search

Search form

ចិន ​ចង់​ក្លាយ​ជា​មហាអំណាច​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​ ២០៥០

Content image - Phnom Penh Post
គ្រឿងចក្រ​កំពុង​លើក​ទំនិញ​ដាក់​កប៉ាល់​នៅ​កំពង់ផែ​នា​ទីក្រុង​ណានតុង ខេត្ត​ជាំងស៊ូ​។ រូបថត AFP

ចិន ​ចង់​ក្លាយ​ជា​មហាអំណាច​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​ ២០៥០

ក្រុងប៉េកាំងៈ ប្រទេស​ចិន​មាន​បំណង​ក្លាយ​ជា​មហាអំណាច​ពាណិជ្ជកម្ម​ដ៏រឹងមាំ​មួយ​នៅ​ឆ្នាំ​ ២០៥០ ខណៈ​ប្រទេស​មួយ​នេះ​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​ចិន​មួយ​រូប​កាលពី​ថ្ងៃ​អាទិត្យ​។

ដោយ​សំដៅ​ដល់​ឋានៈ​របស់​ប្រទេស​ចិន​ក្នុង​នាម​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ ២ ​របស់​ពិភពលោក និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​មួយ​របស់​ប្រទេស​ភាគច្រើន​នោះ លោក Zhong Shan រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ជា​ប្រទេស​ធំ តែ​នៅ​មិន​ទាន់​រឹងមាំ​នៅ​ឡើយ​ទេ​»​។

លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​សភា​ប្រចាំ​ឆ្នាំ​ថា​៖ «​យើង​មាន​បំណង​រក្សា​ស្ថិរភាព​តំណែង​របស់​យើង​ក្នុង​នាម​ជា​ប្រទេស​ធ្វើ​ពាណិជ្ជកម្ម​ដ៏ធំ​មួយ​នៅ​ឆ្នាំ ២០២០ ហើយ​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​ធ្វើ​ពាណិជ្ជកម្ម​ដ៏រឹងមាំ​មួយ​នៅ​ឆ្នាំ​ ២០៣៥ និង​នៅ​ទៅ​បំផុត​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏ធំ​មួយ​នៅ​ឆ្នាំ​ ២០៥០»​។

លោក Zhong មាន​ប្រសាសន៍​ថា​ផែនការ​នេះ​កំពុង​ដំណើរការ​ដើម្បី​ជំរុញ​ដល់​ការបង្កើត​ថ្មី​ក្នុង​ការ​វិនិយោគ​នៅ​បរទេស លើក​កម្ពស់​ប្រសិទ្ធភាព​ប្រើប្រាស់​ជំនួយ​បរទេស បង្កើត​កិច្ចសហប្រតិបត្តិការ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​សូត្រ​ (BRI) ​ហើយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​។

ដោយ​ពុំ​បាន​ប្រាប់​ពី​ឈ្មោះ​គម្រោង​ជាក់លាក់​លោក Zhong បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោម​គំនិត​ផ្តួចផ្តើម BRI ដ៏សំខាន់​របស់​ខ្លួន ប្រទេស​ចិន​នឹង​យក​ចិត្ត​ទុក​ដាក់​ប្រែ​ក្លាយ​ការវិនិយោគ​ធំៗ និង​គម្រោង​ជំនួយ​បរទេស​ទៅ​ជា «​គជ់​ផ្លូវ​សូត្រ​» ដែល​មាន​ផលប្រយោជន៍​បើកចំហ និង​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ភាគី​ទាំងអស់​។

លោក​បាន​បន្ថែម​ថា​ប្រទេស​ចិន​នឹង​ជំរុញ​ជា​បន្ត​នូវ​គម្រោង «​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ផ្លូវ​សូត្រ​»​។

ក្រុមហ៊ុន​របស់​ប្រទេស​ចិន​នឹង​ត្រូវ​បាន​ជំរុញ​ឲ្យ​នាំ​យក​ពាណិជ្ជកម្ម​អេឡិចត្រូនិក ទិន្នន័យ​ធំ កុំព្យូទ័រ​ខ្លោដ និង​សេវា​បច្ចេកវិទ្យា​វៃឆ្លាត​សិប្បនិម្មិត ទៅ​កាន់​ប្រទេស​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ពាណិជ្ជកម្ម​នៃ​គំនិត​ផ្តួចផ្តើម BRI ដើម្បី​ជួយ​ប្រទេស​ទាំង​នោះ​ឲ្យ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​សកល​។

លោក Zhong បាន​បញ្ជាក់​ថា អនាគត​ឆ្ពោះ​ទៅ​រក​ការវិនិយោគ​នឹង​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​លើ​គំនិត​ផ្តួចផ្តើម BRI និង​បាន​សន្យា​បន្ត​ទប់ស្កាត់​ការវិនិយោគ​នៅ​បរទេស​មិន​សម​ហេតុផល​។

កាលពី​ឆ្នាំ​មុន​ការវិនិយោគ​ផ្ទាល់​នៅ​បរទេស​របស់​ប្រទេស​ចិន​បាន​ចុះបញ្ជី​នូវ​ការ​ធ្លាក់ចុះ​ ២៩,៤ ភាគរយ​មក​នៅ​ត្រឹម ១២០ ពាន់​លាន​ដុល្លារ ដោយសារ​រដ្ឋាភិបាល​ចិន​បាន​បង្ក្រាប​លើ​ការវិនិយោគ​បែប​កេងចំណេញ​ផ្នែក​អចលនទ្រព្យ កីឡា និង​សេវា​កម្សាន្ត​។

លោក​បាន​បញ្ជាក់​ថា ការវិនិយោគ​នៅ​បរទេស​របស់​ប្រទេស​ចិន​បាន​ធ្វើ​ពិពិធកម្ម​ពី​គម្រោង​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ឆ្ពោះ​ទៅ​រក​ការវិនិយោគ​ខាង​ផ្នែក​បច្ចេកវិទ្យា និង​មូលធន​ច្រើន ហើយ​ការវិនិយោគ​កាន់តែ​ច្រើន​បាន​ហូរ​ចូល​ក្នុង​ក្រុមហ៊ុន​កាន់តែ​ធំ​។

នៅ​ទូទាំង​តំបន់​ពុំ​មាន​ការយក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទៀត​ទេ ដោយសារ​ការវិនិយោគ​ជាច្រើន​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​។

គំនិត​ផ្តួចផ្តើម​ធំៗ​ផ្សេង​ទៀត​ដែល​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ចិន​ដើរ​តួនាទី​កាន់តែ​សំខាន់​នៅក្នុង​ពាណិជ្ជកម្ម​ពិភពលោក​នោះ គឺ​ពិធីពិព័រណ៍​នាំចេញ-នាំចូល​អន្តរជាតិ​របស់​ប្រទេស​ចិន ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នាទី​ក្រុង​ស៊ាងហៃ​ជា​លើក​ដំបូង​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ​៕ ANN/BP

អត្ថបទគួរចាប់អារម្មណ៍