The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិន​ នឹង​វិនិយោគ​ជិត ១២០ ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង​បន្ថែម

ចិន​ នឹង​វិនិយោគ​ជិត ១២០ ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង​បន្ថែម

Content image - Phnom Penh Post
រថភ្លើង​ល្បឿន​លឿន Fuxing លើ​ផ្លូវ​ក្រុង​ ប៉េកាំង-ស៊ាងហៃ។ រូប AFP

ចិន​ នឹង​វិនិយោគ​ជិត ១២០ ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​រថភ្លើង​បន្ថែម

ក្រុង​ប៉េកាំងៈ លោក Lu Dongfu ប្រធាន​ក្រុមហ៊ុន China Railway Corporation បាន​ឲ្យ​ដឹង​​ក្នុង​​​​សម័យ​ប្រជុំ​របស់​សភា​ប្រជាជន​ចិន​ដែល​​កំពុង​ធ្វើ​ឡើង​ថា​​ ប្រទេស ​ចិន ​​មាន​បំណង​សាងសង់​ផ្លូវ​ដែក​​​ប្រវែង ៦ ៨០០ គីឡូ​ម៉ែត្រ រួម​ទាំង​ផ្លូវ​ដែក​ល្បឿន​​លឿន​ប្រវែង ៣ ២​០០ គីឡូ​ម៉ែត្រ ជា​មួយ​តម្លៃ​វិនិយោគ ១១៩ ពាន់​លាន​​ដុល្លារ​ត្រឹម​ឆ្នាំ ​២០​១៩។

លោក Lu Dongfu បាន​ឲ្យ​ដឹង​​​​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ​​សារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ People's Daily ថ្មីៗ​នេះ​ថា​ ខ្សែ​ផ្លូវ​ដែក​​​ដែល​គ្រោង​នឹង​សាងសង់​ឡើង​នេះ នឹង​គ្រប​ដណ្ដប់​លើ​គម្រោង​ជា​ច្រើន​ដែល​ត​ភ្ជាប់​ទីក្រុង​ប៉េកាំង ខេត្តហឺប៉ី និង​ទីតាំង​​សំខាន់ៗ​ផ្សេង​ៗ​ទៀត នៅ​ទូទាំង​ប្រទេស​ ព្រម​ទាំង​តំបន់​ឆ្ងាយ​ដាច់​ស្រយាល និង​តំបន់​ក្រីក្រ​ចំនួន ១៤ ដែល​ស្មើ​នឹង​ ២ ភាគ ៣ ​នៃ​​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ដែក​របស់​ប្រទេស ចិន។

ជា​ពិសេស របាយការណ៍​ការ​សិក្សា​ពី​សមិទ្ធ​លទ្ធភាព​វិស្វកម្ម​ស្ដីពី​ផ្លូវ​ដែក​ខេត្ត​ស៊ីឈួន-តំបន់​ទីបេ ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​បញ្ចប់​ត្រឹម​ខែ​មិថុនា​ឆ្នាំ​នេះ ​ហើយ​ការ​សាងសង់​នឹង​ចាប់​ផ្ដើម​​​បន្ទាប់​ពី​នោះ​ភ្លាមៗ។ នេះ​បើ​យោង​តាម​លោក Lu។​

ផ្លូវ​ដែក​នេះ​ចេញ​ដំណើរ​​ពី​ខេត្ត​ស៊ីឈួន​ស្ថិត​នៅ​ភាគនិរតី​ប្រទេស ចិន ដែល​ខ្ពស់​ជាង​​​​កម្រិត​​លើ​ទឹក​​សមុទ្រ​ជា​ច្រើន​ម៉ែត្រ ​ទៅ​កាន់​​តំបន់​ស្វយ័ត​ទីបេ​ដែល​ជា​តំបន់​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​ធៀប​នឹង​នីវ៉ូទឹក​សមុទ្រ ដែល​មាន​​កម្ពស់​ជាង ៤ ៤០០ ម៉ែត្រ។​

ក្រៅ​ពី​ការ​បន្ថែម​ការ​គ្រប​ដណ្តប់​ផ្លូវ​ដែរ ចិន​ក៏​នឹង​បង្កើន​ចំនួន​​​រថភ្លើង​​ល្បឿន​លឿន Fuxing របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​ផង​ដែរ។ ចំនួន​រថភ្លើង​ល្បឿន​លឿន​នេះ​ នឹង​ត្រូវ​បង្កើន​ដល់ ​៤៥០ ​គូ។ ទន្ទឹម​​នឹង​នេះ សេវា​បម្រើ​កាហ្វេ និង Wi-Fi របស់​​រថភ្លើង​នេះ នឹង​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង​ត្រឹម​ចុង​ឆ្នាំ​នេះ​ផង​ដែរ។​

ចាប់​តាំង​ពី​រថភ្លើង​ល្បឿន​លឿន​លើក​ដំបូង​ ​ដែល​មាន​ល្បឿន​​ ៣៥០ ​គីឡូ​ម៉ែត្រ​ក្នុង ​១ ម៉ោង បាន​ដាក់​ឲ្យ​ដំណើរការ​​នៅ​ឆ្នាំ ​២០០៨ ប្រទេស ​ចិន ​បាន​សាងសង់​បន្ថែម​នូវ​ផ្លូវ​ដែក​​ល្បឿន​លឿន​រហូត​ដល់​មាន​​ប្រវែង​សរុប ២៩ ០០០ គីឡូ​ម៉ែត្រ​ដែល​មាន​ជាង ២ ​ភាគ ៣ នៃ​ចម្ងាយ​ផ្លូវ​ដែក​​ល្បឿន​លឿន​សរុប​របស់​ពិភព​លោក​ ដោយ​បង្កើត​ភាព​ដ៏​អស្ចារ្យ​​មួយ​ក្នុង​សំណង់​​វិស្វកម្ម។​

មាន​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​​លឿន​ប្រហែល ៩,៩៥ ពាន់​​លាន​ដង គិត​ត្រឹម​ចុង​ខែ​មុន ដោយ​មាន​កំណើន​ប្រចាំ​ឆ្នាំ​ជាង​ ៣០ ភាគរយ៕ LA

អត្ថបទគួរចាប់អារម្មណ៍