ភ្នំពេញៈ កម្ពុជានឹងអាចនាំចេញផ្លែស្វាយជាផ្លូវការចំនួន ៥០ ម៉ឺនតោន ក្នុង ១ ឆ្នាំទៅកាន់ប្រទេសចិន ខណៈការចុះពិធីសាររវាងភាគីទាំង ២ គ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។
បណ្តាញសង្គម «ហ្វេកប៊ុក» ផ្លូវការពីស្ថានទូតចិន ប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានផ្សព្វផ្សាយថា ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលនឹងរៀបចំនៅថ្ងៃទី ៩ ខែមិថុនា ខាងមុខ។ ផ្លែស្វាយកម្ពុជាជាកសិផល បន្ទាប់ពីផ្លែចេកដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន ៥០ ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។ ការបើកទីផ្សាររបស់ចិននឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។
លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់ថា ផ្លែស្វាយនឹងក្លាយជាផ្លែឈើស្រស់ទី ២ របស់កម្ពុជាដែលត្រូវនាំចេញជាផ្លូវការទៅប្រទេសចិន បន្ទាប់ពីផ្លែចេក។ លោកបន្តថា ពិធីចុះហត្ថលេខាលើពិធីសារផ្លូវការក្នុងការនាំស្វាយស្រស់ទៅប្រទេសចិន នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។
លោកថ្លែងថា៖ «នេះជាការបើករនាំងថ្មីមួយបន្ថែមទៀតដែលអាចឲ្យកម្ពុជានាំស្វាយទៅប្រទេសចិនទៅពេលណាក៏បានក្រោយពីចុះហត្ថលេខារួច»។
លោក ម៉ុង ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបដែលកំពុងវិនិយោគលើការដាំដុះ និងនាំចេញផ្លែស្វាយនៅកាន់ប្រទេសជាច្រើនលើពិភពលោកបាននិយាយថា ការទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែស្វាយទៅប្រទេសចិននឹងផលប្រយោជន៍ជាច្រើនដល់ប្រជាជនអ្នកដាំដុះ អ្នកវិនិយោគ និងសេដ្ឋកិច្ចជាតិ។
លោកបន្តថា ចិនមិនត្រឹមតែជាទីផ្សារធំប៉ុណ្ណោះទេ តែការដឹកជញ្ជូនទៅទីនោះក៏មានភាពងាយស្រួលផងដែរ បើធៀបនឹងការនាំចេញទៅទីផ្សារតំបន់អឺរ៉ុប។ បច្ចុប្បន្នក្រុមហ៊ុនលោកកំពុងនាំចេញផ្លែស្វាយទៅលក់នៅប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប និងរុស្ស៊ីផងដែរ។
លោកថ្លែងថា៖ «ខ្ញុំពិតជារីករាយដែលកម្ពុជាអាចនាំចេញស្វាយជាផ្លូវការទៅកាន់ប្រទេសចិន។ ខ្ញុំនឹងពង្រីកការដាំដុះបន្ថែមនៅពេលដែលមានទីផ្សារពិតប្រាកដ»។
លោកឲ្យដឹងទៀតថា កាលពីព្រឹកមិញ (ថ្ងៃព្រហស្បតិ៍) តំណាងខាងស្ថានទូតប្រទេសចិនក៏បានទូរស័ព្ទមកលោក និងបានប្រាប់លោកឲ្យរៀបចំឯកសារយកឈ្មោះក្រុមហ៊ុនទៅចុះបញ្ជីនៅក្រសួងកសិកម្ម ដើម្បីមានឱកាសចូលរួមក្នុងការនាំចេញផ្លែស្វាយទៅប្រទេសចិនឲ្យបានកាន់តែច្រើន។
លោក វណ្ណ ឫទ្ធី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Angkor Mango ដែលតែងនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសថៃ និងតំណាប់ស្វាយទៅប្រទេសជប៉ុន បាននិយាយថា ការបើកឲ្យមានការនាំចេញផ្លែស្វាយវាមិនត្រឹមតែជួយលើកកម្ពស់តម្លៃផ្លែស្វាយកម្ពុជា និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាកសិករដាំដុះប៉ុណ្ណោះទេ តែវាថែមទាំងទាក់ទាញឲ្យមានការចូលមកវិនិយោគលើវិស័យនេះកាន់តែច្រើនផងដែរ។ លោកបញ្ជាក់ថា៖ «ចិន ជាទីផ្សារធំ ហេតុនេះបើគេអនុញ្ញាតឲ្យយើងនាំចូលផ្លែស្វាយដោយផ្ទាល់នោះគឺជាការប្រសើរណាស់»។
បើតាមលោក ឫទ្ធី តម្លៃផ្លែស្វាយនាអំឡុងប្រមូលផលដែលទើបបញ្ចប់ថ្មីៗនេះ បានធ្លាក់ចុះយ៉ាងច្រើន ដោយតម្លៃក្នុង ១ គីឡូក្រាមស្ថិតនៅចន្លោះពី ២០០ រៀលទៅ ៣០០ រៀលប៉ុណ្ណោះ ខណៈកាលពីចុងឆ្នាំ ២០១៩ មានតម្លៃ ១ ៤០០ រៀលទៅ ១ ៥០០ រៀល។
លោកអះអាងថា៖ «ការមិនមានទីផ្សារច្បាស់លាស់ ព្រមជាមួយនឹងការរឹតបន្តឹងនៅតាមព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ គឺជាមូលហេតុចម្បងធ្វើឲ្យតម្លៃផ្លែស្វាយធ្លាក់ចុះយ៉ាងច្រើននារដូវប្រមូលផលកន្លងមក»។
កាលពីខែមករា ឆ្នាំ ២០២០ កម្ពុជា និងកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការអនុញ្ញាតឲ្យកម្ពុជានាំចេញផ្លែស្វាយដោយផ្ទាល់ទៅកាន់ប្រទេសកូរ៉េ តាមរយៈក្រុមហ៊ុន Hyundai Mao Legacy Co., Ltd។
របាយកាណ៍ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេល ៥ ខែ ឆ្នាំ ២០២០ នេះកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ៤៤ ០៩៩ តោន កើនឡើង ១៤ ៨៨៥ តោន ស្មើនឹង ៥០,៩៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីឆ្នាំ ២០១៩ កម្ពុជានាំចេញផ្លែស្វាយស្រស់ចំនួន ៥៨ ១៦២ តោន ទៅកាន់ប្រទេសចំនួន ៥ រួមមាន ថៃ វៀតណាម សិង្ហបុរី បារាំង រុស្ស៊ី និងទីក្រុងហុងកុង។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម៕ LA