ភ្នំពេញៈ​ ៤ ​ថ្ងៃ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា ដែល​នឹង​អាច​ធ្វើ​ឲ្យ​បរិមាណ​នាំចេញ​របស់​កម្ពុជា​ធ្លាក់​ចុះ ​ប្រទេស​ ចិន ​បាន​យល់​ព្រម​បង្កើន​កូតា​​​នាំចូល​អង្ករ​​ពី​កម្ពុជា​ចំនួន ១០ ម៉ឺន​តោន​បន្ថែម​ទៀត ​ក្នុង​ ១ ​ឆ្នាំ​​ដល់​ចំនួន​កូតា​សរុប​ ៤០ ម៉ឺន​តោន​នៅ​ឆ្នាំ ២០១៩ នេះ។ ​ ​

តាម​រយៈ​​កូតា​ថ្មី​នេះ ប្រសិន​បើ​កម្ពុជា​អាច​នាំចេញ​បាន​ពេញ​លេញ​តាម​បរិមាណ​ដែល​បាន​ព្រមព្រៀង​ នោះ​មាន​ន័យ​ថា ​គ្រាន់​តែ​ទីផ្សារ​ចិន​មួយ​បាន​ស្រូប​យក​អង្ករ​កម្ពុជា​រហូត​ដល់​ទៅ ៦៣ ភាគរយ​ទៅ​ហើយ​នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​ ​២០១៨។ កាល​ពី​ឆ្នាំ​មុន​ប្រទេស ​កម្ពុជា ​បាន​នាំចេញ​អង្ករ​សរុប​ជាង ៦២ ម៉ឺន​តោន។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ជួប​ជា​មួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ក្នុង​ដំណើរ​ការ​ទស្សនកិច្ច​នៅ​ប្រទេស​​ ចិន ​រយៈ​ពេល​ ៤ ថ្ងៃ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ។ លោក​នាយក​រដ្ឋមន្រ្តី​ បាន​លើក​ឡើង​នៅ​ក្នុង​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ថា លោក​ប្រធានាធិបតី ស៊ី ជីន​ភីង បាន​យល់ព្រម​ក្នុង​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ឲ្យ​ដល់​ ៤០ ម៉ឺន​តោន​នៅ​ឆ្នាំ ២០១៩ នេះ ពី​ចំនួន​កូតា​ ៣០ ម៉ឺន​តោន​ក្នុង​ ១ ឆ្នាំ​កាល​ពី​ឆ្នាំ​មុន។ ភាគី​ទាំង​ ២ ​ក៏​បញ្ជាក់​ពី​​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើន​ទំហំ​​​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ដល់ ១០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ដោយ​ស្រង់​សម្តី​លោក​ស៊ី​ ជីន​ភីង​ថា​៖​ «​បច្ចុប្បន្ន​នេះ​ បើ​ទោះ​បី​ជា​ទំនាក់​ទំនង​​អន្តរ​ជាតិ​មាន​ការ​ប្រែប្រួល​ក៏​ពិត​មែន ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ចិន​ និង​កម្ពុជា​ គឺ​ពិត​ជា​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ពី​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក​បន្ត​ថា ប្រទេស​ទំាង ​២ ​បាន​យល់​ព្រម​ពង្រឹង​កិច្ច​សហការ​ជំរុញ​ទំនាក់​ទំនង​ក្នុង​វិស័យ​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច។ យ៉ាងណា​ក៏​ដោយ លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​កូតា​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទៅ​​ចិន​នៅ​ឡើយ​ទេ​។

លោក ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ការ​យល់​​ព្រម​​ផ្តល់​​កូតា​មាន​ន័យ​ថា ​រដ្ឋាភិបាល​​ចិន​​បាន​អនុ​ញ្ញាត​ឲ្យ​អ្នក​បញ្ជា​ទិញ​នៅ​ចិន​នាំ​ចូល​អង្ករ​ទៅ​ចិន​ដោយ​រួច​ពន្ធ តែ​​ក្នុង​បរិមាណ​មិន​លើស​ ៤០ ម៉ឺន​តោន ក្នុង​តម្លៃ​ដែល​មាន​ការ​ព្រមព្រៀង​រវាង​អ្នក​លក់​ និង​អ្នកទិញ​។ លោក​បញ្ជាក់​ថា ប្រសិន​បើ​មិន​មាន​ការ​ផ្តល់​កូតា​ទេ អង្ករ​ដែល​នាំចេញ​​ទៅ​ចិន​ត្រូវ​បង់​ពន្ធ​ក្នុង​អត្រា​ដ៏​ខ្ពស់​មួយ។

លោក​បន្ត​ថា​៖ ​«​ការ​បន្ថែម​​កូតា​ជា​សញ្ញា​​ល្អ ហើយ​វា​បើក​ឱកាស​សម្រាប់​យើង​បន្ថែម​ទៀត​ តែ​កម្ពុជា​ត្រូវ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​ថ្លៃ។ អ្វី​ដែល​យើង​ប្រឈម​កន្លង​មក​គឺ​ការ​ប្រកួត​ប្រជែង​ទាក់ទង​នឹង​ថ្លៃ​នេះ​»​។

លោក​បញ្ជាក់​ថា​៖​ «​ពេល​យើង​នាំចេញ​ជាក់​ស្តែង ថា​តើ​ជោគជ័យ​កម្រិត​ណា​ដែល​យើង​អាច​សម្រេច​បាន​ គឺ​វា​អាស្រ័យ​លើ​ការ​មាន​យុទ្ធសាស្រ្ត​ល្អ ​ហើយ​យើង​ត្រូវ​ពិភាក្សា​ជា​មួយ​ភាគី​ពាក់ព័ន្ធ​បន្ថែម​ទៀត»។

ប្រទេស​ ចិន ​បាន​ផ្តល់​កូតា​អង្ករ​កម្ពុជា​ដំបូង​នៅ​ឆ្នាំ​ ២០១៥ ដោយ​មាន​ចំនួន ១០ ម៉ឺន​តោន។ បរិមាណ​នេះ​បាន​បង្កើន​ជា​​បន្ត​បន្ទាប់​ រហូត​ដល់​ ៣០ ម៉ឺន​តោន​កាល​ពី​ឆ្នាំ​ ២០១៨។ ចិន​ជា​ទីផ្សារ​ធំ​ជាង​គេ​សម្រាប់​អង្ករ​កម្ពុជា​ បើ​គិត​ពី​​​ទីផ្សារ​ប្រទេស មួយ​ៗ​​ ហើយ​ក៏​​ជា​​​ទីផ្សារ​ធំ​ទី ​២ បន្ទាប់​ពី​សហភាព​អឺរ៉ុប។ កាល​ពី​ឆ្នាំ​មុន ចិន​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​សរុប ១៧ ម៉ឺន​តោន​ គឺ​ស្មើ​ប្រមាណ ៥៦ ភាគរយ​នៃ​ចំនួន​កូតា​ឆ្នាំ ២០១៨។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​ថ្លែង​ថា ការ​ផ្តល់​កូតា​អង្ករ​បន្ថែម​ដល់​កម្ពុជា​ពី​ចិន​គឺ​ជា​ការ​ល្អ​សម្រាប់​ឧស្សាហកម្ម​នេះ តែ​លោក​បញ្ជាក់​ថា​ កន្លង​មក​អ្នក​ទិញ​នៅ​ចិន អាច​ទិញ​អង្ករ​ពី វៀតណាម និង​ថៃ​ ក្នុង​តម្លៃ​ប្រកួត​ប្រជែង​ជាង​ ហើយ​មិន​ទាន់​ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន​ស្មើ​បរិមាណ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​កូតា​នៅ​ឡើយ។ ​

លោក​បន្ត​ថា​៖ ​«​កម្ពុជា​គួរ​តែ​ស្វែង​រក​វិធី​សាស្រ្ត​ក្នុង​ការ​បង្កើន​ភាព​ប្រកួត​ប្រជែង​វិស័យ​ស្រូវ​អង្ករ​បន្ថែម​ទៀត»។

អង្ករ​​របស់​កម្ពុជា​​បាន​បាត់បង់​​សិទិ្ធ​ទទួល​ការ​​​លើក​លែង​​​ពន្ធ​ពី​ទីផ្សារ​អឺរ៉ុប​​​ចាប់​ពី​​​​​ថ្ងៃ​​សុក្រ​សប្តាហ៍​មុន ជា​អ្វី​ដែល​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ព្យាករ​ថា​នឹង​អាច​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ធ្លាក់​ចុះ។ ​ការ​សម្រេច​​ដែល​​​មាន​ប្រសិទ្ធ​ភាព​អនុវត្ត​ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​​ ១៨ ខែ​មករា​នេះ​ទៅ តម្រូវ​ឲ្យ​អង្ករ​នាំ​ចូល​ពី​ប្រទេស​ កម្ពុជា និង​​ត្រូវ​​បង់​ពន្ធ​រយៈ​ពេល​​ ៣ ឆ្នាំ​ក្នុង​​អត្រា ១៧៥ អឺរ៉ូ​ (ប្រហែល ២០០ ដុល្លារ​) ក្នុង​ ១ ​តោន​នៅ​ឆ្នាំ​ដំបូង និង​ថយចុះ​បន្តិច​នៅ​ឆ្នាំ​ទី ២ ​និង​ទី​ ៣៕ ​