
កសិករកំពុងបាញ់ទឹកជ្រូកដែលចិញ្ចឹមជាលក្ខណៈគ្រួសារនៅខេត្តកណ្តាលកន្លងមក។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជំនាញផ្នែកផលិតកម្មសត្វនៅកម្ពុជា បានបញ្ជាក់កាលពីម្សិលមិញថា កម្ពុជាមិនដែលបាននាំចេញជ្រូកទៅទីផ្សារក្រៅប្រទេសទេរួមទាំងប្រទេស ចិន ផងដែរ បើទោះបីជាមានសេចក្តីរាយការណ៍ថា អង្គភាពគយប្រទេស ចិន បានប្រកាសហាមឃាត់ការនាំចូលជ្រូកពីកម្ពុជាដោយបារម្ភពីករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកក៏ដោយ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី ២៩ ខែ មេសា បានឲ្យដឹងថា គយរបស់ប្រទេស ចិន នឹងហាមឃាត់ការនាំចូលជ្រូកស្រុក ជ្រូកព្រៃ និងផលិតផលជាប់ទាក់ទងនឹងសាច់ជ្រូកពីប្រទេស កម្ពុជា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីករណីដំបូងនៃជំងឺប៉េស្ដជ្រូកអាហ្វ្រិកនៅក្នុងប្រទេស កម្ពុជា។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងកាលពីម្សិលមិញថា ព័ត៌មាននេះមិនមានអ្វីត្រូវបារម្ភនោះទេ ដោយសារប្រទេស កម្ពុជា មិនមែនជាប្រទេសនាំចេញសត្វជ្រូក និងផលិតផលសត្វជ្រូកទៅប្រទេស ចិន នោះទេ។
លោកថ្លែងថា៖ «វាអាស្រ័យលើច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសនីមួយៗនៅក្នុងការចេញលិខិតបែបនោះ។ យើងមិនដែលនាំចេញសត្វជ្រូកទៅប្រទេស ចិន ទេ ខណៈពេលនេះយើងមិនទាន់អាចបំពេញតម្រូវការក្នុងប្រទេសបាននៅឡើយ»។
ប្រទេស កម្ពុជា ត្រូវបានរាយការណ៍ពីការផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកលើកដំបូងនៅក្នុងកសិដ្ឋាននៅខេត្តរតនគិរី កាលពីចុងខែមីនា។ យោងតាមក្រសួងកសិកម្មកម្ពុជា សត្វជ្រូកប្រហែល ៤០០ ក្បាល ត្រូវបានងាប់ដោយជំងឺ និង ១០០ ក្បាលផ្សេងទៀត ត្រូវបានសម្លាប់ និងកម្ទេចចោល។
ជំងឺនេះមិនអាចព្យាបាលបានទេ ប៉ុន្តែវាក៏មិនឆ្លង និងបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។ វាបានរីករាលដាលយ៉ាងរហ័សដំបូងនៅទូទាំងប្រទេស ចិន មុនពេលឆ្លងដល់ប្រទេស វៀតណាម កាលពីខែកុម្ភៈ។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់កាលពីម្សិលមិញថា ឧស្សាហកម្មជ្រូកកម្ពុជា នៅតែកំពុងជម្នះដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់សម្រាប់ទីផ្សារក្នុងស្រុក និងមិនទាន់មានលទ្ធភាពនាំចេញទៅបរទេសនៅឡើយទេ។
លោកបានលើកឡើងថា៖ «យើងនៅតែមានកង្វះសត្វជ្រូកប្រហែល ១០០ តោន ក្នុង ១ ថ្ងៃ ដើម្បីបំពេញតម្រូវការក្នុងស្រុក»។ លោកបន្ថែមថា កង្វះសត្វជ្រូកគឺបំពេញដោយការនាំចូលពីប្រទេស ថៃ បន្ទាប់ពីការនាំចូលពីប្រទេស វៀតណាម ត្រូវបានហាមឃាត់ដោយសារតែការរីករាលដាលជំងឺនេះ៕ LA