ក្រុង​ឡុងដ៍ៈ ប្រទេស ចិន​ និង​ចក្រភព​អង់គ្លេស​ បាន​រៀបចំ​ជុំ​ថ្មី​មួយ​នៃ​កិច្ច​សន្ទនា​​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ​នៅ​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ប្តេជ្ញា​​​ថា​នឹង​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​លើ​​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ ​(BRI) និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​។​

លោក Hu Chunhua ឧបនាយក​រដ្ឋមន្ដ្រី​​របស់​ប្រទេស ចិន និង​លោក Philip Hammond ​រដ្ឋមន្ដ្រី​ក្រសួង​​ហិរញ្ញវត្ថុ​​ចក្រភព​អង់គ្លេស​​ បាន​ធ្វើ​ជា​សហ​ប្រធាន​​នៃ​កិច្ច​សន្ទនា​ស្តីពី​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​រវាង​ប្រទេស ចិន និង​អង់គ្លេស​នេះ​ ដោយ​មាន​​​ការ​ពិភាក្សា​ដ៏​ទូលំទូលាយ​រាប់​​ចាប់​ពី​ម៉ាក្រូ​សេដ្ឋកិច្ច និង​អភិបាលកិច្ច​សេដ្ឋកិច្ច​ពិភព​លោក ពាណិជ្ជកម្ម និង​ការ​វិនិយោគ ភាព​ជា​ដៃគូ​គម្រោង​ធំៗ រហូត​ដល់​កំណែ​ទម្រង់​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​ទីផ្សារ​​ហិរញ្ញវត្ថុ និង​កិច្ច​សហប្រតិបត្តិការ​​លើ​វិស័យ​ថ្មីៗ​។​

ភាគី​ទាំង ​២ បាន​បង្កើត​​លទ្ធផល​ជា​​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ចំនួន ​៦៩ និង​បាន​ចុះ​ហត្ថលេខា​​លើ​ឯកសារ​​កិច្ច​សហ​ប្រតិបត្តិការ​​ស្តីពី​​​កិច្ច​សហប្រតិបត្តិការ​ទីផ្សារ​ភាគី​ទី​៣ សេវា​​ហិរញ្ញវត្ថុ និង​វិស័យ​ជា​ច្រើន​ផ្សេង​ទៀត​។​

លោក Hu ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង ២ ត្រូវ​អនុវត្ត​តាម​អ្វី​ដែល​បាន​យល់ព្រម​ដែល​សម្រេច​​បាន​រវាង​មេ​ដឹកនាំ​របស់​ប្រទេស​ទាំង ​២ ធ្វើ​ការងារ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​កាន់​តែ​ច្រើន​លើ​គំនិត​ផ្តួចផ្តើម​ BRI សម្រប​សម្រួល​យ៉ាង​ជិត​ស្និទ្ធ​ដល់​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង ២ និង​ពង្រីក​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​។​

លោក​ Hu ថ្លែង​ថា​៖ «​ប្រទេស ចិន និង​ចក្រភព​អង់គ្លេស​គួរ​តែ​ជំរុញ​ឲ្យ​មាន​សកម្មភាព​​ថ្មីៗ​ខាង​ផ្នែក​សហ​ប្រតិបត្តិការ​​ហិរញ្ញវត្ថុ និង​កែ​លម្អ​អភិបាលកិច្ច​សេដ្ឋកិច្ច​ពិភព​លោក ដើម្បី​​បន្ថែម​ភាព​សំខាន់​ដល់​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​»។​

ដោយ​ស្វាគមន៍​ដល់​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​នេះ ចាប់​តាំង​ពី​ការ​សន្ទនា​​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដំបូង​ លោក Hammond បាន​ឲ្យ​ដឹង​ថា ​ចក្រភព​អង់គ្លេស​​មាន​អត្ថប្រយោជន៍​នានា​​ក្នុង​ការ​ចូលរួម​​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ BRI នេះ ហើយ​នឹង​ត្រៀម​ខ្លួន​រួច​រាល់​​ក្នុង​ការ​បង្កើន​​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម ការ​វិនិយោគ ​ហិរញ្ញវត្ថុ​ និង​ថាមពល​ជាមួយ​​ចិន។​​

លោក​ Hammond បាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​នឹង​ធ្វើ​ការងារ​ជាមួយ​​ប្រទេស​ ​ចិន ដើម្បី​ការពារ​​ប្រព័ន្ធ​ពាណិជ្ជកម្ម​​​ទ្វេភាគី និង​​អន្តរជាតិ៕​ People''s Daily/LA​