ក្រុង​ណាន​នីងៈ ក្នុង​ពិ​ព័រណ៍​ពា​ណិជ្ជ​កម្ម ចិន-អាស៊ាន នៅ​ឆ្នាំ​នេះ មន្ដ្រី​ប្រតិ​បត្តិ និង​ពា​ណិជ្ជ​ករ​មក​ពី​ប្រ​ទេស ចិន និង​ប្រ​ទេស​ក្នុង​តំបន់ អា​ស៊ី​អា​គ្នេយ៍ បាន​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាក​រេ​​របស់​ខ្លួន​ ដើ​ម្បី​ការ​ពារ​​របប​ពា​ណិជ្ជ​កម្ម​​អន្តរ​ជាតិ​ ព្រម​ទាំង​ជំ​ទាស់​នឹង​វិ​ធាន​​ការ​គាំ​ពារ​និ​យម​ឯក​តោ​ភា​គី​ ដែល​ធ្វើ​ឡើង​ដោយ​ប្រ​ទេស​មួយ​ចំនួន​​។​

លោក Han Zheng ឧប​នាយក​រដ្ឋ​មន្ដ្រី​​ ចិន បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ដំ​ណើរ​ការ​ពិ​ព័រណ៍​ដែល​បាន​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​​ថា៖ «​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ចិន និង​​អាស៊ាន​​ មាន​តាំង​ពី​យូរ​មក​ហើយ​ ហើយ​បាន​ក្លាយ​ជា​ឧទា​ហរណ៍​ដ៏​ជោគ​ជ័យ និង​សកម្ម​ភាព​ខ្លាំង​បំ​ផុត​​នៃ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​»​។​

​ប្រ​ទេស ចិន គឺ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​បំ​ផុត​​របស់​អាស៊ាន ក្នុង​រយៈ​ពេល ៩ ឆ្នាំ​ជាប់​គ្នា​ ហើយ​អា​ស៊ាន​គឺ​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ឈាន​មុខ​គេ​ទី ៣ របស់​ប្រ​ទេស​ចិន​ក្នុង​រយៈ​ពេល ៧ ឆ្នាំ​ជាប់​គ្នា​។ នេះ​បើ​យោង​តាម​លោក Han។​

​លោក Han បាន​ឲ្យ​ដឹង​ថា ​ប្រ​ទេស​ចិន​​​មាន​បំ​ណង​​​​​ប្រើ​ប្រាស់​ឲ្យបាន​ពេញ​​លេញ​នូវ​វេ​ទិ​កា​នា​នា ដូច​ជា​ពិ​ព័រណ៍​នាំ​ចូល​អន្តរ​ជាតិ​​ចិន​នៅ​ពេល​ខាង​មុខ និង​ពិ​ព័រណ៍​ពា​ណិជ្ជ​កម្ម ចិន-អាស៊ាន ដើ​ម្បី​​ពង្រីក​ការ​នាំ​ចេញ​​​ពី​ប្រ​ទេស​ជា​សមា​ជិក​​អា​ស៊ាន​ និង​ជំ​រុញ​​ការ​វិនិ​​​យោគ​​ទ្វេ​ភា​គី​។​

​លោក Han បាន​បន្ថែម​ថា​៖ «​​ប្រ​ទេស ចិន ​មាន​បំណង​​លើក​កម្ពស់​ការ​អនុ​វត្ត​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​​ចិន​ និង​អាស៊ាន ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បង្កើន​ល្បឿន​ការ​ចរចា​​​កិច្ច​ព្រម​​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋ​កិច្ច​ទូ​លំ​ទូ​លាយ​​ក្នុង​តំបន់ (RCEP) ដោយ​ឈរ​លើ​មូល​ដ្ឋាន​អត្ថ​ប្រ​យោជន៍​ទៅ​វិញ​ទៅ​មក​ និង​​លទ្ធ​ផល​ឈ្នះ​ឈ្នះ»​។​

សំ​ណើ​របស់​លោក Han ក្នុង​ការ​លើក​កម្ពស់​​ពាណិជ្ជ​កម្ម និង​ការ​វិនិ​យោគ​ត្រូវ​បាន​ស្វាគមន៍​​​ដោយ​មន្ដ្រី​ជាន់​ខ្ពស់​មក​ពី​​សមា​ជិក​អា​ស៊ាន​។​

លោក Somdy Duangdy ឧប​នាយក​រដ្ឋ​មន្ដ្រី​របស់​ប្រ​ទេស ឡាវ បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖ «​ដោយ​​សារ​​គោល​នយោ​បាយ​គាំ​ពារ​និ​យម​របស់​​ប្រ​ទេស​មួយ​ចំនួន​ សេដ្ឋ​កិច្ច​ពិ​ភព​លោក​កំពុង​ប្រ​ឈម​​នឹង​សម្ពាធ​បញ្ហា​ជា​ច្រើន​​ ហើយ​ការ​ខ្វែង​គំ​និត​គ្នា​ផ្នែក​ពាណិជ្ជ​កម្ម​បាន​កើន​ឡើង»។​

​លោក Somdy ​បន្ត​ថា៖ «​វា​ជា​ពេល​វេលា​ដែល​យើង​​ត្រូវ​​ប្រឹង​ប្រែង​​បង្កើន​អត្ថ​ប្រ​យោជន៍​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​​ចិន និង​អាស៊ាន​ ដោយ​បន្ទាប​​ឬ​លុប​ចោល​ពន្ធ​នាំ​ចូល​ និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ​ក្នុង​គោល​បំ​ណង​​​បង្កើត​​ឱ​កាស​ថ្មី​​សម្រាប់​ពាណិជ្ជ​កម្ម និង​ការ​វិនិ​យោគ​រវាង​​ភាគី​ទាំង ២ នេះ»។​

លោក Vuong Dinh Hue ឧប​នា​យក​រដ្ឋ​មន្ដ្រី​​វៀត​ណាម​បាន​​ថ្លែង​ថា​៖ «​កិច្ចសហ​ប្រតិ​បត្តិ​ការ​​រវាង​ប្រ​ទេស ចិន និង​បណ្ដា​ប្រ​ទេស​ អា​ស៊ាន​ បន្ត​រីក​​ចម្រើន ទោះ​បី​ជា​​ភាព​មិន​ច្បាស់​​លាស់ បញ្ហា​ប្រ​ឈម ​និង​​​ហានិ​ភ័យ​របស់​សេដ្ឋ​កិច្ច​​ពិ​ភព​លោក​ក៏​ដោយ​»​។​​​

​លោក​បញ្ជាក់​ថា​៖ «​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បែប​នោះ​មិន​មែន​គ្រាន់​តែ​ផ្ដល់​អត្ថ​ប្រ​យោជន៍ ទៅ​វិញ​ទៅ​មក​នោះ​ទេ​ វា​ជា​ការ​បញ្ជាក់ និង​ជា​កម្លាំង​ជំ​រុញ​វិជ្ជ​មាន​​នៃ​កំ​ណើន​សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម និង​ការ​វិនិ​យោគ​លើ​ពិ​ភព​លោក»។​

​ពិ​ព័រណ៍​ពា​ណិជ្ជ​កម្ម​​ឆ្នាំ​នេះ​គឺ​ជា​​​លក្ខណ​ពិ​សេស​នូវ​ការ​រៀប​ចំ​ពិ​ព័រណ៍វេ​ទិ​កា និង​កម្ម​វិធី​ផ្លាស់​ប្តូរ​ គឺជា​ពិ​ព័រណ៍វេ​ទិ​កា និង​​កម្ម​វិធី​ដោះ​ដូរដែល​មាន​​​បំ​ណង​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​មិត្ត​ភាព​រវាង​ប្រ​ទេស ចិន និង​អា​ស៊ាន ​​ឲ្យ​ដល់​​កម្រិត​ថ្មី​មួយ​។​

​ក្រុម​ហ៊ុន​ពិ​ព័រណ៍ ចិន និង​បរ​ទេស​ បាន​បង្ហាញ​ចំ​ណាប់​អា​រម្មណ៍​លើ​ព្រឹត្តិ​ការណ៍​រយៈ​ពេល​ ៤ ថ្ងៃ​នេះ។ ក្រុម​ហ៊ុន​ជាង ២ ៧០០ ដែល​រួម​ទាំង​​ក្រុម​ហ៊ុន​ក្នុង​ទស្សនា​វដ្តី Fortune 500 មួយ​ចំនួន​ផង​នោះ​បាន​តាំង​បង្ហាញ​ផលិត​ផល​របស់​ពួក​គេ​​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ដែល​​កើន​ឡើង ២,៦ ភាគ​រយ ធៀប​នឹង​ព្រឹត្តិ​ការណ៍​ឆ្នាំ​មុន​។​

នវា​នុ​វត្តន៍​ជា​ចំណុច​ផ្តោត ១ នៃ​​ពិ​ព័រណ៍​ឆ្នាំ​នេះ​។ ប្រ​ទេស ចិន និង​បណ្ដា​ប្រ​ទេស​អា​ស៊ាន​ កំពុង​​បង្ហាញ​ការ​រីក​ចម្រើន​ថ្មី​ៗ​របស់​ខ្លួន៕​ P.Daily/LA