ភ្នំពេញៈ ចេកអំបូង​លឿង​កម្ពុជា​កំពុងមាន​ទីផ្សារ​ល្អ និង​តម្រូវការ​កើនឡើង​ជា​បន្តបន្ទាប់ ក្រោយពី​កម្ពុជា​ទទួលបាន​សិទ្ធិ​នាំចេញ​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន ​ដោយផ្ទាល់​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៩​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ក្នុងពេល​ពិនិត្យមើល​វឌ្ឍនភាព​របស់​ក្រុមហ៊ុន Long Sreng International Co., Ltd កាលពី​ថ្ងៃអាទិត្យ​ថា ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម ការកែច្នៃ និង​ការ​វេចខ្ចប់​កំពុង​ជួយ​ធ្វើឲ្យ​ការនាំចេញ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល ៥ ​ខែ ​ដើមឆ្នាំ​ ២០២០ នេះ​។

លោក​ថ្លែងថា​៖ «​ក្រសួង​កំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែចង្វាក់​តម្លៃ​ផលិផល​កសិកម្ម​ចាប់ពី​ចំណុច A ​ដល់ Z តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម ការវេចខ្ចប់ ការរក្សា​ស្តុកទុក ការកែច្នៃ ប្រកប​ដោយ​គុណភាព អនាម័យ និង​សុវត្ថិភាព​សម​ស្របតាម​ស្តង់ដា​នៃ​ទីផ្សារ​នាំចេញ​»​។

ទិន្នន័យ​របស់​ក្រុមហ៊ុន​បង្ហាញ​ថា ក្នុង​រយៈពេល​ខាងលើ​នេះ​ក្រុមហ៊ុន​បាន​នាំចេញ​ចេកអំបូង​លឿង​ចំនួន ២២ ៧៦២ ​តោន​ក្នុង​នោះ​ទៅ​ប្រទេស​ចិន​មាន​ចំនួន ៨ ៣៤៨ តោន និង​វៀតណាម ១៤ ៤១៤ តោន​។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែល​វិនិយោគ​លើ​ការដាំ​ចេកអំបូង​លឿង​លើ​ផ្ទៃដី​ជាង ១ ​ពាន់​ហិកតា​ក្នុង​ខេត្តកំពត បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំនេះ​ក្រុមហ៊ុន​បាន​នាំចេញ​ចេកអំបូង​លឿង ១០ ០០០ តោន​។

លោក​ថ្លែងថា​៖ «​ការនាំចេញ​ចេក​ស្រស់​របស់​យើង​ទៅកាន់​ប្រទេស​ចិន​ដំណើរការ​ល្អ​ជាធម្មតា​។ ភាគី​ចិន​មិនមាន​ការកម្រិត​បរិមាណ​នៃ​ការនាំចូល​ទេ​ក្នុង​អំឡុង​ពេលនេះ ដោយ​ពួកគេ​នៅតែ​អនុញ្ញាត​ឲ្យ​ដំណើរការ​ជាធម្មតា គ្មាន​បម្រាម​អ្វី​ទេ​»​។

របាយការណ៍​ក្រសួងកសិកម្ម​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​ចេកអំបូង​លឿង​ស្រស់​ទៅ​ទីផ្សារ​អន្តរជាតិ​មាន ១៥៧ ៨១២ ​តោន​៕ LA