​ភ្នំពេញៈ ផលិត​ផល​​តម្បាញ​ស​រសៃ​សូត្រ និង​អំ​បោះ ដែល​ធ្វើ​ដោយ​ដៃ​របស់​សិប្ប​ករ​ខ្មែរ​ស្ទើរ​តែ​ត្រូវ​​​គេ​បំ​ភ្លេច​ចោល​ទៅ​ហើយ​មក​ទល់​នឹង​ពេល​នេះ ខណៈ​ផលិត​ផល​ដូច​គ្នា​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​នាំ​ចូល​ពី​ប្រ​ទេស​ជិត​ខាង​ជំ​នួស​វិញ។

លោក​ស្រី ចេន សុ​ភាព ដែល​ជា​អតីត​​គិ​លា​នុ​ប​ដ្ឋា​យិ​កា និង​បាន​បម្រើ​ការ​នៅ​ក្នុង​ស្ថា​ប័ន​អន្តរ​ជាតិ​ជាង ១ ទស​វត្សរ៍​នោះ​បាន​​សម្រេច​ចិត្ត​បោះ​បង់​ការ​ងារ​ទាំង​នោះ​មក​ចូល​ប្រ​ឡូក​ក្នុង​សិប្ប​កម្ម​តម្បាញ​វិញ ដោយ​លោក​ស្រី​មាន​បំ​ណង​ធ្វើ​ឲ្យ​​​វិ​ស័យ​នេះ​រស់​ឡើង​វិញ។

អ្នក​យក​ព័ត៌​មាន​កា​សែត​ភ្នំ​ពេញ ​ប៉ុស្តិ៍ ​ហ៊ឹន ពិសី បាន​ជួប​ លោក​ស្រី ចេន សុ​ភាព ​ដែល​បច្ចុ​ប្បន្ន​ជា​ស្ថាប​និក និង​ជា​ប្រ​ធាន​សមា​គម​កី​តម្បាញ​ខ្មែរ ដើ​ម្បី​​ជជែក​ពី​ការ​​ចាប់​ផ្តើម​មុខ​ជំ​នួញ​​ទាក់​ទង​នឹង​ផលិត​ផល​តម្បាញ​ខ្មែរ។

ហេតុ​អ្វី​បាន​ជា​លោក​ស្រី​​សម្រេច​ចិត្ត​​ជ្រើស​យក​ របរ​ផ្នែក​តម្បាញ​ខ្មែរ?

វា​​អាច​និ​យាយ​ថា ផ្តើម​ចេញ​ពី​ក្តី​ស្រ​ឡាញ់ និង​ការ​ចូល​ចិត្ត​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ ខណៈ​ពី​មុន​មក​ផលិត​ផល​ទាំង​នេះ ពិ​សេស​ស៊ឹង​ខ្មែរ គឺ​ពិ​បាក​រក​ទិញ​នៅ​ផ្សារ​ណាស់​។ បើ​ទោះ​បី​ផលិត​ផល​ទាំង​នេះ​មាន​ប្រ​វត្តិ​ផលិត​នៅ​ក្នុង​​ប្រ​ទេស​កម្ពុជា​តាំង​ពី​ដូន​តា​ច្រើន​ជំ​នាន់​មក​ហើយ ប៉ុ​ន្តែ​ផលិត​ផល​ទាំង​នោះ​ហាក់​ត្រូវបាន​គេ​បោះ​បង់​ចោល ប៉ុ​ន្តែ​ផ្ទុយ​ទៅវិញ​ផលិត​ផល​ដូច​គ្នា​នេះ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រ​ទេស​ជិត​ខាង​ ដូច​ជា​​​ពី ​​ឡាវ ថៃ និង​មី​យ៉ាន់​ម៉ា​ ជា​ដើម​។​

ខ្ញុំ​​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្មែរ​ដែល​​មាន​ប្រវត្តិ​ផលិត និង​ប្រើ​ប្រាស់​​របស់​ទាំង​នោះ​តាំង​ពី​យូរ​មក​ហើយ​នោះ បែរ​ជា​ទៅ​ប្រើ​ផលិត​ផល​នាំ​ចូល​ពី​​បរ​ទេស ខណៈ​ឧប​ករណ៍​ផលិត​ជា​ច្រើន​កន្លែង​ត្រូវ​គេ​គ្រប​ទុក​ចោល​នៅ​ក្រោម​ផ្ទះ?

បន្ទាប់​ពី​សិ​ក្សា​ទី​ផ្សារ​ដោយ​ខ្លួន​ឯង​រួច​មក​ខ្ញុំ​រក​ឃើញ​ថា​ មូល​ហេតុ​ដែល​ផលិត​ផល​តម្បាញ​ខ្មែរ (​ស៊ឹង​ខ្មែរ) មិន​​សូវ​មាន​ឱ​កាស​បង្ហា​ញ​វត្ត​មាន​នៅ​លើ​ទី​ផ្សារ ព្រោះ​មិន​មាន​ម៉ូដ និង​គុណ​ភាព​ស្រប​តាម​តម្រូវ​ការ​ទី​ផ្សារ។​

តើ​លោក​ស្រី​ចាប់​ផ្តើម​អា​ជីវ​កម្ម​នេះ​ពី​ពេល​ណា​?​ តើ​ផលិត​ផល​ទាំង​អស់​នោះ​ផលិត​នៅ​កន្លែង​ណា?

បន្ទាប់​ពី​​​ចុះ​ធ្វើ​ការ​​​ផ្ទាល់​​ជាមួយ​អ្នក​ត្បាញ​ស៊ឹង ផាមួង និង​ក្រមា មួយ​រយៈ​មក​ខ្ញុំ​បាន​សម្រេច​ចិត្ត​បើក​សិប្ប​កម្ម «កី​​តម្បាញ​ខ្មែរ» ​នៅ​​ពាក់​កណ្តាល​ ឆ្នាំ​២០១៥ ដើ​ម្បី​តាំង​លក់​ផលិត​ផល​​ធ្វើ​ពី​ដៃ​របស់​ខ្មែរ ​ដែល​មាន​គុណ​ភាព​ល្អ និង​​ច្រើន​ពណ៌។

ផលិត​ផល​របស់​ខ្ញុំ​​សុទ្ធ​តែ​​​ផលិត​​ពី​វត្ថុ​ធាតុ​ដើម​​ដែល​មាន​គុណ​ភាព​ខ្ពស់ និង​​​មាន​កិច្ច​ស​ហ​ការ​​ល្អ​​ជា​មួយ​អ្នក​តម្បាញ​ទៀត​ផង​​។ ភាគ​ច្រើន​នៃ​ផលិត​ផល​ទាំង​នេះ​​​ផលិត​​នៅ​​​ កោះ​ដាច់​ កោះ​ឧកញ៉ា​តី និង​ពី​ខេត្ត​តា​កែវ​ ដែល​ជា​កន្លែង​មាន​ប្រ​វត្តិ​ធ្វើ​ការ​ងារ​នេះ​​ជា​យូរ​មក​ហើយ​។

តើ​​​ទី​ផ្សារ​ផលិត​ផល​ តម្បាញ​ខ្មែរ​នា​ពេល​នេះ​មាន​លក្ខណៈ​បែប​ណា?

បើ​និ​យាយ​ពី​ទី​ផ្សារ​យើង​ឃើញ​ថា ​តម្រូវ​ការ​ប្រើ​ប្រាស់​ផលិត​ផល​តម្បាញ​​ខ្មែរ​កំ​ពុង​កើន​ឡើង​ជា​លំដាប់​ ជាក់​ស្តែង​សម្រាប់​ហាង​កី​តម្បាញ​​ខ្មែរ ទាំង ​២ ​សា​ខា​ក្នុង​រយៈ​ពេល ១ ខែ យើង​លក់​ចេញ​ស៊ឹង និង​ផា​មួង មិន​ក្រោម ៥០០ ​ក្បិន​នោះ​ទេ​ (១ ក្បិន​មាន​ ២ សំ​ពត់)។

ការ​ងាក​មក​និ​យម​ប្រើ​ប្រាស់​ផលិត​​ផល​ខ្មែរ គឺ​ដោយ​សារ​បច្ចុ​ប្បន្ន​ផលិត​ផល​របស់​យើង​មាន​ម៉ូដ និង​ពណ៌​ច្រើន​​ជម្រើស ហើយ​គុណ​ភាព និងតម្លៃ​​ក៏​មាន​ភាព​សម​រម្យ​ផង​ដែរ​។

ទន្ទឹម​នឹង​ចំ​នួន​ការ​ប្រើ​ប្រាស់​ផលិត​​ផល​ពី​តម្បាញ​ខ្មែរ​កំ​ពុង​កើន​ឡើង​នេះ បច្ចុ​ប្បន្ន​មាន​អ្នក​នៅ​បរ​ទេស​ជា​ច្រើន​បាន​មក​ទាក់​ទង​ខ្ញុំ​ដើ​ម្បី​យក​ផលិត​ផល​ទៅ​លក់​នៅ​បរ​ទេស ប៉ុន្តែ​រហូត​មក​​​ដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​បាន​យល់​ព្រម​​ទេ ព្រោះ​មិន​ទាន់​អាច​បំ​ពេញ​​​នឹង​តម្រូវ​ការ​ក្នុង​ស្រុក​បាន​គ្រប់​គ្រាន់​។

តើ​លោក​ស្រី​បាន​ធ្វើ​សកម្ម​ភាព​អ្វី​ខ្លះ​​ ដើ​ម្បី​ជំ​រុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​តម្បាញ​ខ្មែរ?

ដើ​ម្បី​ចូល​រួម​ជំ​រុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ នាង​ខ្ញុំ និង​ក្រុម​ការ​ងារ​ស​មា​គម​កី​តម្បាញ​ខ្មែរ តែង​តែ​​ចូល​រួម​គ្រប់​ព្រឹត្តិ​ការណ៍​តាំង​ពិ​ព័រណ៍​ទាក់​ទង​នឹង​ផលិត​ផល​ខ្មែរ ដូច​ជា​យុទ្ធ​នា​ការ​ទិញ​ផលិត​ផល​ខ្មែរ ពិ​ធី​បុណ្យ​ទន្លេ​បុណ្យ​សមុទ្រ និង​ពិ​ព័រ​ណ៍​ដែល​​​ពាក់​ព័ន្ធ​ការ​គាំ​ទ្រ​ផលិត​ផល​ក្នុង​ស្រុក។

ទន្ទឹម​នឹង​នេះ​នាង​ខ្ញុំ​ក៏​តែង​នាំ​យក​​នូវ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ប្រើ​ប្រាស់​ផលិត​ផល​តម្បាញ​ខ្មែរ​ទៅ​ចូល​រួម​ក្នុង​សិ​ក្ខា​សា​លា និង​ការ​ជួប​ជុំ​លក្ខណៈ​ស្ថា​ប័ន និង​ស​មា​គម​ផ្សេង​ៗ​ផង​ដែរ​។

ភាព​លេច​ធ្លោ​ក្នុង​​អា​ជីវ​កម្ម​បាន​ធ្វើ​ឲ្យ​លោក​ស្រី​មាន​ឱ​កាស​ទៅ​ចូល​រួម​ប្រ​កួត​​យក​ពាន​រង្វាន់​ជា​ច្រើន។ តើ​ពាន​រង្វាន់​អ្វី​ខ្លះ ​ដែល​លោក​ស្រី​ទទួល​បាន​​នា​ពេល​កន្លង​មក?

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ខ្ញុំ​ទើប​បាន​ឈ្នះ​​​ពាន​រង្វាន់​ជើង​ឯក​ «ភាព​ជា​អ្នក​ដឹ​ក​នាំ​ឆ្នើម»​​ប្រ​ចាំ​ឆ្នាំ​ ២០១៨ ​ចំ​នួន​​ ១ ខណៈ​កាល​ពី​ឆ្នាំ​ ២០១៧ ខ្ញុំ​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​ចំ​នួន​ ៣។

ជា​មួយ​គ្នា​នេះ​កាល​​ពី​ខែ​ កញ្ញា ឆ្នាំ ២០១៨ កន្លង​មក​ខ្ញុំ​ក៏​ត្រូវ​​បាន​ក្រ​សួង​ការ​បរ​ទេស​អា​មេ​រិក អញ្ជើញ​ឲ្យ​ទៅ​ស​ហ​រដ្ឋ​អា​មេ​រិក​ក្នុង​នាម​ជា​ស្ថាប​និក​កី​តម្បាញ​ខ្មែរ ដើ​ម្បី​ចូល​​រួម​​វគ្គ​ទស្សន​កិច្ច​សិ​ក្សា ​«កម្ម​វិ​ធី​ទស្សន​កិច្ច​ភាព​ជា​អ្នក​ដឹក​នាំ​អន្តរ​ជាតិ» IVLP ជា​មួយ​សហ​គ្រិន​ស្ត្រី​ ៩ ​រូប និង​តំ​ណាង​ក្រ​សួង ២ រូប​​​ពី​ប្រ​ទេស​ កម្ពុជា។​

ក្នុង​នាម​​ប្រ​ធាន​ស​មា​គម​ ដែល​មាន​ស​មា​ជិក​ជាង​ ២០០ ​គ្រួ​សារ តើ​លោក​ស្រី​យល់​ឃើញ​​​បែប​ណា​​ចំ​ពោះ​ ទី​ផ្សារ​​តម្បាញ​ខ្មែរ​​ទៅ​ថ្ងៃ​អ​នា​គត?

ខ្ញុំ​គិត​ថា​ដោយ​សា​រ​សម្លៀក​បំ​ពាក់​ខ្មែរ​ដែល​ច្នៃ​ពី​ស៊ឹង ផាមួង ហូល និង​ក្រ​មា​ពាក់​ទៅ​មាន​ភាព​ស្រស់​ស្អាត​​បង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ ហើយ​អាច​ច្នៃ និង​ប្រើ​បាន​ទាំង​សម័យ និង​បុរាណ​ជា​មួយ​តម្លៃ​សម​រម្យ​​នោះ វា​នឹង​ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រើ​ប្រាស់​កាន់​តែ​មាន​ច្រើន​។

ទោះ​បី​យ៉ាង​ណា​អ្នក​ផលិត​ក៏​ត្រូវ​​​ខិត​ខំ​អភិ​វឌ្ឍ​ផលិត​ផល​របស់​ខ្លួន​ឲ្យ​មាន​គុណ​ភាព​ សោ​ភណ​ភាព និង​រក្សា​ភាព​ស្មោះ​ត្រង់​ចំ​ពោះ​អតិ​ថិ​ជន​ផង​ដែរ​។ ខ្ញុំ​ជឿ​ថា ខ្មែរ​ប្រាក​ដ​ជា​គាំ​ទ្រ​ខ្មែរ និង​ប្រា​ថ្នា​ចង់​ឃើញ​ខ្មែរ​រីក​ចម្រើន​គ្រប់​វិ​ស័យ។

ខ្ញុំ​ប្រា​ថ្នា​ចង់​ឃើញ​ កម្ពុជា ​មាន​ម៉ាក​ផលិត​ផល​ល្បីៗ​​របស់​ខ្លួន​​​នៅ​លើ​ពិ​ភព​លោក​ ហើយ​ខ្ញុំ​ក៏​មាន​ទិស​ដៅ​ឆ្ពោះទៅ​រក​ក្តី​ស្រ​មៃ​នោះ​ផង​ដែរ​៕LA