ខេត្តព្រះសីហនុៈ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PA S) ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​កម្ពុជា​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ចំណត​ផែ​ពហុ​បំណង​ថ្មី​របស់​ខ្លួន​កាលពី​ម្សិលមិញ ដើម្បី​ទទួល​នាវា​ធំៗ​ផ្ទុក​ទំនិញ​ធ្ងន់ៗ​។

ចំណត​ផែ​ថ្មី​ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​ជប៉ុន​មាន​តម្លៃ​ ៧៤ ​លាន​ដុល្លារ​មាន​ប្រវែង​ ៣៣០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៣,៥ ម៉ែត្រ​។ នេះ​បើ​តាម​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ថា​ចំណត​ផែ​ថ្មី​នេះ​គឺជា​ច្រកទ្វារ​ផ្លូវទឹក​ដ៏សំខាន់​មួយ​សម្រាប់​ផលិតផល​កសិកម្ម​របស់​ប្រទេស​នេះ និង​ការនាំចេញ​កសិឧស្សាហកម្ម​ទៅ​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែង​ថា​៖ «​ដោយសារ​វា​ភ្ជាប់​ផ្លូវ​សំខាន់ៗ និង​ការកែ​លម្អ​សមត្ថភាព​របស់​កំពង់ផែ​នេះ វា​នឹង​ធ្វើឲ្យ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការ​បង្កើន​ល្បឿន ការដឹកជញ្ជូន​ទំនិញ​ព្រម​ទាំង​ចំណាយ​តិច ដែល​ត្រូវ​បាន​លើក​កម្ពស់​សមត្ថភាព​នៃ​ការប្រកួត​ប្រជែង​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់​ផង​ដែរ​»​។

ចំណត​ផែ​នេះ​នឹង​ស្រូប​យក​ចំណែក​ទីផ្សារ​ ៧០ ​ភាគរយ​នៃ​ការ​នាំចូល និង​នាំចេញ​របស់​កម្ពុជា​។ នេះ​បើ​តាម​លោក ស៊ុន ចាន់ថុល​។ លោក​បាន​បន្ត​ថា​៖ «​វា​ជា​ចំណត​ផែ​ទេសចរណ៍ ទំនិញ​លក់រាយ ចំណត​ផែ​កុងតឺន័រ ព្រម​ទាំង​ចំណត​សម្រាប់​មូលដ្ឋាន​ដឹកជញ្ជូន​សម្រាប់​ការរុករក​ប្រេង​ផង​ដែរ​»​។

ចំណត​ផែ​ថ្មី​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​។

ចំណត​ផែ​នេះ​អាច​ផ្ទុក​ការដឹកជញ្ជូន​ទំនិញ​ធ្ងន់ៗ​ក្នុង​ចំនួន​ពី ៤០ ០០០ ទៅ ៥០ ០០០ ​តោន​ច្រើន​ជាង​ ២ ​ដង​នៃ​ចំណត​ផែ​ដែល​មាន​ស្រាប់​។

រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយ​មាន​តម្លៃ ២០៣ លាន​ដុល្លារ ដែល​ផ្ដល់​ការគាំទ្រ​ហិរញ្ញវត្ថុ​ដោយ​ទីភ្នាក់ងារ​ជប៉ុន JICA ផង​ដែរ​។ នេះ​បើ​យោង​តាម​លោក​ ស៊ុន ចាន់ថុល​។

លោក​ថ្លែង​ថា​ការសាងសង់​ចំណត​ផែ​ជម្រៅ​ ១៤,៥ ​ម៉ែត្រ និង​បណ្ដោយ ៣៥០ ​ម៉ែត្រ នឹង​ចាប់ផ្ដើម​នៅ​ចុង​ឆ្នាំ​​ ២០១៩ និង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២២​។

ចរាចរណ៍​កុងតឺន័រ​បាន​កើនឡើង ១២,៦៥ ​ភាគរយ​ក្នុង​អំឡុង​ពេល​ ៥ ​ឆ្នាំ​ចុងក្រោយ ហើយ​ក្នុង​អំឡុង​ ៥ ​ខែ​ដំបូង​ឆ្នាំ​នេះ​ចរាចរណ៍​កុងតឺន័រ​បាន​កើនឡើង​ដល់ ២០៧ ០៤៧ TEU កើនឡើង ២០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

PAS បាន​ក្លាយ​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី​ ៥ នៅ​លើ​ផ្សារមូលបត្រ​កម្ពុជា (CSX) កាលពី​ខែ​មិថុនា​ឆ្នាំ​មុន បន្ទាប់ពី​រកប្រាក់​បាន ២៧ ​លាន​ដុល្លារ​ដោយ​ជោគជ័យ​នៅ​ក្នុង​ដំណើរការ​បោះផ្សាយ​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​។

ប៉ុន្តែ​មិន​មាន​ការជួញដូរ​ភាគហ៊ុន​ទេ​កាលពី​ម្សិលមិញ ហើយ​តម្លៃ​ភាគហ៊ុន​គឺ ៥ ១៦០ រៀល​ក្នុង​ ១ ​ភាគហ៊ុន​កាលពី​ម្សិលមិញ​ធៀប​នឹង​ការជួញដូរ​សប្ដាហ៍​មុន​៕LA