
ពិធីសម្ពោធការដាក់ដំណើរការសាកល្បងនូវចំណតអ្នកដំណើរព្រលានយន្តហោះព្រះសីហនុ។ រូបថត សហការី
ខេត្តព្រះសីហនុៈ ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (Cambodia Airports) ដែលកំពុងប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិទាំង ៣ នៅកម្ពុជាបានប្រកាសពីការដាក់ឲ្យដំណើរការសាកល្បងនូវចំណតអ្នកដំណើរដែលទើបនឹងកែលម្អឡើងវិញរបស់ព្រលានយន្តហោះអន្តរជាតិព្រះសីហនុកាលពីថ្ងៃពុធ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ការដាក់ឲ្យដំណើរការនេះគឺជាការត្រៀមសម្រាប់ការកើនឡើងនៃអ្នកដំណើរទៅកាន់តំបន់ឆ្នេរដ៏ទាក់ទាញរបស់កម្ពុជា។
លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cambodia Airports បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថាការពង្រីក និងការកែលម្អចំណតអ្នកដំណើរគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ប្រកបដោយមហិច្ឆតាដើម្បីឆ្លើយតបទៅតាមកំណើនអ្នកដំណើរតាមផ្លូវអាកាសក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។
លោកបានថ្លែងថា៖ «យើងពិតជាចាប់ផ្តើមនូវជំហានថ្មីនៅក្នុងដំណើរការអភិវឌ្ឍព្រលានយន្តហោះព្រះសីហនុរបស់យើង ដូច្នេះវានឹងរួមចំណែកក្នុងការបើកចំហសេដ្ឋកិច្ច ទេសចរណ៍ នៃខេត្តតំបន់ឆ្នេររបស់កម្ពុជាមួយនេះ»។
យោងតាមរបាយការណ៍ព្រលានយន្តហោះខេត្តព្រះសីហនុទទួលបានអ្នកដំណើរ ៣៣៨ ០០០ នាក់នៅក្នុងឆ្នាំ ២០១៧ កើនឡើង ១១៥ ភាគរយ បើធៀបនឹងឆ្នាំ ២០១៦។
ការកែលម្អថ្មីនេះបានធ្វើឲ្យចំណតអ្នកដំណើរនេះធំជាងមុន ៨០ ភាគរយដែលមានទំហំរហូតដល់ ៤ ៨០០ ម៉ែត្រការ៉េ ។ ការកែលម្អនេះដែររួមមានការបន្ថែមច្រក check-in ច្រកឡើងយន្តហោះ និងកន្លែងយកអីវ៉ាន់ ហើយក៏មានបំពាក់នូវឧបករណ៍ថ្មីៗនូវប្រព័ន្ធពិនិត្យអីវ៉ាន់ផងដែរ។
សេចក្តីប្រកាសព័ត៌មានបានបង្ហាញថាគម្រោងសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុននឹងត្រូវចាប់ផ្តើមដោយមានគោលបំណងពង្រីកផ្លូវយន្តហោះរត់ ៨០០ ម៉ែត្ររហូតដល់ ៣,៣ គីឡូម៉ែត្រ។ នៅពេលត្រូវបានសាងសង់បញ្ចប់ ព្រលានយន្តហោះនេះនឹងអាចទទួលការចុះចតយន្តហោះធំៗ និងការហោះហើរពីទីផ្សារឆ្ងាយៗពិសេសក្នុងតំបន់អាស៊ី៕