ក្រុង​បាងកកៈ ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​បង្ហាញ​ការ​ពេញ​ចិត្ត​លើ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​ដាក់​ឋានៈ​របស់​ប្រទេស​ថៃ​នៅ​ក្នុង «បញ្ជី​ឃ្លាំ​មើល (WL)» ស្តី​ពី​​ការ​រំលោភ​កម្ម​សិទ្ធិ​បញ្ញា​ បន្ទាប់​ពី​​ចំណាត់​ថ្នាក់​ប្រទេស​បាន​​កើន​ឡើង​ពី​កម្រិត​ទាប​កាល​ពី​ចុង​ឆ្នាំ ២០១៧។

លោក Sontirat Sontijirawong រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជ​កម្ម​ថៃ​ បាន​ថ្លែង​ថា៖ «លទ្ធផល​ ចំណាត់​ថ្នាក់​នៅ​ឆ្នាំ​​នេះ​គឺ​ពេញ​ចិត្ត»។

លោក​បន្តថា​៖ «​ខ្ញុំ​ចង់​ថ្លែង​អំណរគុណ​ដល់ទី​ភ្នាក់ងារ​ទាំង​អស់​ ដែល​រួម​មាន​អាជ្ញាធរ​កណ្ដាល និង​តំបន់​ ដែល​បាន​ខិតខំ​ធ្វើ​ការងារ​រួម​គ្នា​លើ​បញ្ហា​នេះ»។

ថៃ ស្ថិត​ក្នុង​ចំណោម​ប្រទេស ២៤ ដែល​ត្រូវ​បាន​ប្រកាស​ថា ទទួល​បាន​ឋានៈ​ក្នុង​បញ្ជី​ឃ្លាំ​មើល​ ដោយ​​មាន​មូលដ្ឋាន​លើ​របាយការណ៍​ពិសេស​លេខ ៣០១ ឆ្នាំ ២០១៨ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ការិយា​ល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក ​(USTR) កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន៕LA