ភ្នំពេញៈ ប្រាក់ចំណូល​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​បាន​កើនឡើង​ជាង​ ១៦ ​ភាគរយ​ នៅ​ត្រីមាស​ទី​២ ឆ្នាំ​ ២០១៩ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​របាយការណ៍​មិនទាន់​ធ្វើ​សវនកម្ម​ដែល​បានចេញ​ផ្សាយ​នៅលើ​ផ្សារហ៊ុន​។

របាយការណ៍​បង្ហាញ​ថា នៅ​ត្រីមាស​ទី​២ ឆ្នាំ​ ២០១៩ កំពង់ផែ​រកចំណូល​បាន​ប្រមាណ ២០,៤២ ​លាន​ដុល្លារ ​កើនឡើង ១៦,៥៥ ​ភាគរយ​ ពី​ចំនួន ១៧,៥២ ​លាន​ដុល្លារ​ កាលពី​ត្រីមាស​ទី​២ ឆ្នាំ​ ២០១៨​។

ទោះបី​យ៉ាង​នេះ​ក្តី​ប្រាក់​ចំណេញ​សុទ្ធ​បាន​ធ្លាក់ចុះ ៩៣,៩៨ ​ភាគរយ​ ពី​ចំនួន ៤,៧២ ​លាន​ដុល្លារ​ នាត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ មក​នៅត្រឹម ២៨៣ ៦៥៥ ​ដុល្លារ​។

លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បរិមាណ​ទំនិញ និង​ចំនួន​កុងតឺន័រ​ឆ្លងកាត់​តាម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ជាក់ស្តែង​ក្នុង​ត្រីមាស​ទី​​២ ឆ្នាំ​ ២០១៩ នេះ​ចំនួន​ទំនិញ​ឆ្លងកាត់​ (​គិត​ជា​តោន​) បាន​កើនឡើង​ប្រហែល​ ២២ ​ភាគរយ ចំណែក​ចំនួន​កុងតឺន័រ​កើន ១៥,៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៨​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​រំពឹង​ថា កំពង់ផែ​ក្រុង​ព្រះសីហនុ​នឹង​បន្ត​ភាពល្អ​ប្រសើរ​ជា​បន្តទៀត ខណៈ​បច្ចុប្បន្ន​យើង​ក៏​កំពុង​ស្នើសុំ​ថ្នាក់ដឹកនាំ​ដើម្បី​ពង្រីក​ទីលាន​ទុក​កុងតឺន័រ និង​បំពាក់​គ្រឿងចក្រ​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​សភាពការណ៍​នេះ​»​។

ទោះ​យ៉ាងណា​ទន្ទឹម​នឹង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់ និង​កំណើន​កុងតឺន័រ​នាពេល​នេះ​កំពង់ផែ​ក៏​កំពុង​មាន​បញ្ហា​ប្រឈម​ទាក់ទង​នឹង​កនែ្លង​ស្តុក​ទំនិញ​ផងដែរ​។

លោក គឹមឈន់ បាន​និយាយ​ថា​បច្ចុប្បន្ន​កំពង់ផែ​កំពុង​មាន​បញ្ហា​ប្រឈម​នឹង​ទីតាំង​សម្រាប់​ដាក់​កុងតឺន័រ ពិសេស​ក្នុង​រយៈពេល​ប្រមាណ​ជាង ១ ​សប្តាហ៍​នេះ ដោយសារ​តែ​ផ្លូវថ្នល់​ដឹកជញ្ជូន​ទំនិញ​មកកាន់​រាជធានី​ភ្នំពេញ​ត្រូវ​ទឹកភ្លៀង​ជន់​លិច​នោះ​បាន​ធ្វើឲ្យ​មាន​ការកកស្ទះ​កុងតឺន័រ​យ៉ាងច្រើន​។ លោក​ប្រាប់ថា​៖ «​ការ​ស្តុក​កុងតឺន័រ​នៅ​កំពង់ផែ​ដែល​ធម្មតា​មាន​រយៈពេល​ ៥ ​ថ្ងៃ នៅពេល​នេះ​បាន​កើនឡើង​ដល់ ៨ ​ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​កុងតឺន័រ​នៅ​ពេញ​ផែ​»​។

ខណៈ​បច្ចុប្បន្ន PAS មាន​ជម្រៅ​ទឹក​ ១១,៥ ​ម៉ែត្រ និង​មាន​ប្រវែង​ ៤៥០ ​ម៉ែត្រនោះ​ លោក លូ គឹមឈន់ បាន​ឲ្យ​ដឹងថា នៅ​ចុង​ឆ្នាំ​ ២០២០ កំពង់ផែ​នឹង​ពង្រីក​ជម្រៅ​ទឹក ១៤,៥ ​ម៉ែត្រ និង​មាន​ប្រវែង ៣៥០​ ម៉ែត្រ​បន្ថែម​ទៀត​ ដែល​តាម​គម្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២៤​។ លោក​លើកឡើង​ថា ការពង្រីក​នេះ​នឹង​ធ្វើឲ្យ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​មាន​ភាពមមាញឹក​ជាង​មុន​។

លោក​ថ្លែង​ថា​៖ «​ការពង្រីក​នេះ​នឹង​ធ្វើឲ្យ​សមត្ថភាព​ប្រកួតប្រជែង និង​ការដឹក​ទំនិញ​តាមផ្លូវ​សមុទ្រ​កាន់​តែ​មាន​ឧត្តមភាព ហើយ​តម្លៃ​ដឹកជញ្ជូន​នឹង​ធ្លាក់ចុះ​»​។

ពេល​បិទ​ការជួញដូរ​កាលពី​ម្សិលមិញ​ភាគហ៊ុន PAS មាន​តម្លៃ ១៤ ៨០០ ​រៀល​ក្នុង​ ១ ​ហ៊ុន​ធ្លាក់​ចុះ​ ១០០ ​រៀល​ពី​ថ្ងៃ​អង្គារ​៕LA