ភ្នំពេញៈ ចំណូល​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០២០ សម្រេច​បាន​ជាង ១២ លាន​ដុល្លារ ធ្លាក់​ចុះជាង​ ៥០​ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩។

យោង​តាម​របាយការណ៍​ប្រចាំ​របស់​ក្រសួង​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​រក​ចំណូល​បាន​ចំនួន ៥១ ៦១៩,២ លាន​រៀល (១២,៧ លាន​ដុល្លារ​អាមេរិក) ស្មើ​នឹង​ ១១៤ ​ភាគរយ​នៃ​ផែនការ​ប្រចាំ​ឆ្នាំ​ ធ្លាក់​ចុះ ៥០, ៨៣ ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ ២០១៩​ ដែលមាន ២៦,៦០ លាន​ដុល្លារ​។

របាយការណ៍នេះ​ បង្ហាញថា ​ក្នុង​ចំណោម​ចំណូល​ ១២ លាន​ដុល្លារ​នេះ រួម​មាន​ចំណូល​​ទទួល​​បាន​ពី​ការ​ចុះ​​បញ្ជី​ពាណិជ្ជកម្ម​ចំនួន ១៩,៣១៦,៦១០,០០០ រៀល (ជាង ៤,៧៥ លាន​ដុល្លារ) និង​ចំណូល​ពី​ការ​ផ្តល់​វិញ្ញាបន​បត្រ​ប្រភព​ដើម​ទំនិញ ​និង​ការ​ចេញ​អាជ្ញាប័ណ្ណ ​និង​សេវា​ពាក់​ព័ន្ធ​ ២៣,៥៧៦,២៨៤,១២៣ ​រៀល ​(៥,៧៩ ដុល្លារ)។

របាយការណ៍​នេះ​បញ្ជាក់​ទៀត​ថា ក្រសួង​ក៏ទទួល​បាន​ចំណូល​ចំនួន ៨,២៨២,៥៦៩,៥២៤​រៀល (ជាង ២ លាន​ដុល្លារ) ពី​ការ​ចុះ​បញ្ជី​ម៉ាក ​និង​សេវា​ពាក់ព័ន្ធ និង​ចំណូល​ពី​ការ​តម្កល់​​លិខិតជូន​ដំណឹង​នៃ​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា​ចំនួន ៣១២,៥២០,០០០​ រៀល (ជាង ៧៦ ៩៣២ ដុល្លា)។

ដោយឡែក ចំណូល​ពី​សេវា​របស់​អគ្គនាយក​ដ្ឋាន ក.ប.ប ​៨៨,៦៦៨,០០០​ រៀល (២១ ៨០៧ លាន​ដុល្លារ) និង​ចំណូល​ពី​កិច្ចការ​ពិព័រណ៍​ចំនួន ៤២,៦៤០,០០០​រៀល​ (១០ ៤៩២ ដុល្លារ)។

ក្រសួង​បញ្ជាក់ថា ​រាល់​ចំណូល និង​​ចំណាយ​ទាំង​អស់​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុង​​ប្រព័ន្ធ​គ្រប់​​គ្រង​ចំណូលមិន​មែន​សារ​ពើពន្ធ ​(NRMIS)​ និង​ប្រព័ន្ធ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (FMIS)៕