ភ្នំពេញៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​វីរុស​ខូវិដ-១៩ និង​ធ្វើឲ្យ​ខកខាន​ដល់​ទិសដៅ​កំណត់​របស់​រដ្ឋាភិបាល​ក្នុង​ការប្រមូល​ចំណូល​នៅ​ឆ្នាំនេះ ខណៈ​ក្នុង​រយៈពេល​នេះ​ការប្រមូល​ចំណូល​ពន្ធ​បាននិង​កំពុង​រង​ផលប៉ះពាល់​។

សម្រាប់​ច្បាប់​ថវិកា​ឆ្នាំ​ ២០២០ ដែល​ត្រូវបាន​ឡាយព្រះហស្ត​លេខា​ដោយ​ព្រះមហាក្សត្រ​កាលពី​ចុង​ខែ​វិច្ឆិកា រដ្ឋាភិបាល​កំណត់​ប្រាក់ចំណូល ៥ ២៧២ លាន​ដុល្លារ​ ជា​ប្រាក់ចំណូល​សារពើពន្ធ​សម្រាប់​ឆ្នាំ​ ២០២០ ក្នុង​ចំណោម​នោះ ២ ៩១១ ​លាន​ដុល្លារ​បាន​មកពី​គយ និង​រដ្ឋាករ និង ​២ ៣៦១ ​លាន​ដុល្លារ បាន​មកពី​ពន្ធដារ​។

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​លោក គុណ ញឹម អគ្គនាយក GDCE បាន​ឲ្យ​ដឹងថា ការប្រមូល​ចំណូល​ពន្ធគយ​នឹង​មាន​ការអាក់ខាន​មួយចំនួន​ពី​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​វីរុស​នេះ​។

បច្ចុប្បន្ន វីរុស​ខូវិដ-១៩ កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដែល​រួមទាំង​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​ចិន​ជា​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ ​របស់​ពិភពលោក និង​ជា​ប្រទេស​មហាអំណាច​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​បច្ចុប្បន្ន​កំពុង​ព្យាយាម​ជម្នះ​ការរីក​រាលដាល​វីរុស​នេះ​។

លោក​បាន​ថ្លែងថា​៖ «​យើង​មើលឃើញថា ផលប៉ះពាល់​ដោយសារ​តែ វីរុស​ខូវិដ-១៩ កាត់បន្ថយ​ការផ្គត់ផ្គង់​វត្ថុធាតុ​ដើម ពិសេស​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ដែល​យើង​មើលឃើញ​នៅពេល​នេះ​។ នេះ​ក៏​នឹង​ប៉ះពាល់​ដល់​ការរំពឹងទុក​ប្រាក់ចំណូល​របស់​យើង​ផងដែរ​»​។

លោក​បាន​បន្តថា​៖ «​នៅពេល​នេះ​យើង​មើលឃើញ​ថា វា​ប៉ះពាល់​រួចហើយ​ដល់​ការប្រមូល​ប្រាក់ចំណូល​របស់​យើង​កាលពី​ខែ​មករា និង​ខែកុម្ភៈ ប៉ុន្តែ​យើង​សង្ឃឹម​ថា វា​នឹង​ស្ទុះ​ងើបឡើង​វិញ​ក្នុង​រយៈពេល​ពីរ​បី​ខែក្រោយ ដូច្នេះ​នឹងមាន​ការចាប់ផ្ដើម​ឡើងវិញ​នៃ​ចង្វាក់​ផ្គត់ផ្គង់​ដែល​មាន​ន័យថា តម្រូវការ​នឹង​កើនឡើង​»​។

លោក​ថ្លែង​ថា​៖ «​ទោះ​យ៉ាងណា​យើង​មិនអាច​ធ្វើការ​ស្មាន​ទុកជាមុន សម្រាប់​រយៈពេល​វែង​ប៉ុន្មាន ដែល​វីរុស ខូវិដ-១៩ នេះ​នឹង​ស្ថិត​ក្រោម​ការគ្រប់គ្រង និង​ត្រូវបាន​ដោះស្រាយ​យ៉ាងណា​នោះទេ​»​។

លោក គុណ ញឹម ឲ្យ​ដឹងថា GDCE បាន​ប្រមូល​ប្រាក់ចំណូល​ប្រហែល ២,២១៥ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន លើស​ទិសដៅ​កំណត់​របស់​រដ្ឋាភិបាល​ ១ ​ពាន់​លាន​ដុល្លារ​។ ចំណូល​គយ​បាន​ពី​ពន្ធ​នាំចូល​មាន​ចំនួន​ ៥៩៣ ​លាន​ដុល្លារ​កើនឡើង​ប្រហែល​ ៣១ ​ភាគរយ​ពន្ធ​លើ​អាករ​ពិសេស និង​សេវា​មួយ​ចំនួន​ទទួល​បាន ១,៣២០ ​ពាន់​លាន​ដុល្លារ កើនឡើង​ ៣៣ ​ភាគរយ ពន្ធអាករ​លើ​តម្លៃបន្ថែម​មាន​ ១,១៥ ​ពាន់​លាន​ដុល្លារ​កើន​ ២៩ ​ភាគរយ​។

ប្រភព​ដ៏សំខាន់​នៃ​ប្រាក់ចំណូល​គយ និង​រដ្ឋាករ​គឺ​បានមកពី​រថយន្ត និង​គ្រឿង​ម៉ាស៊ីន​មាន​ចំនួន ១,៦៩៣ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ៥០ ​ភាគរយ តំណាង​ឲ្យ​ប្រហែល​ ៥២,៧ ​ភាគរយ ប្រេងឥន្ធនៈ និង​ថាមពល​មាន​ចំនួន ៥៣៧ ​លាន​ដុល្លារ កើនឡើង​ប្រហែល​ ១៤ ​ភាគរយ​មាន​ចំនួន​ ១៦,៧ ​ភាគរយ និង​ផលិតផល​ផ្សេងទៀត និង​សម្ភារ​សំណង់​មាន​ចំនួន ៩៨៤ ​លាន​ដុល្លារ​កើនឡើង​ប្រហែល​ ១៤ ​ភាគរយ​មាន​ចំនួន​ ៣០,៦ ​ភាគរយ​៕LA