ភ្នំពេញ: ចំណូល​ពី​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជាង​ ១០ ​ភាគរយ ​ដល់​ជិត​ ៣៣០ ​លាន​ដុល្លារ ​ក្នុង​រយៈពេល ៩ ​ខែ​នៃ​ឆ្នាំ​ ២០២០ ​នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​អង្ករដំណើប​កំពុង​រួមចំណែក​សំខាន់​ជា​ផលិតផល​ជំរុញ​ទីផ្សារ​អង្ករ​។

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បង្ហាញ​ថា ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការនាំចេញ​អង្ករ​ចំនួន​ជាង​ ៣២៨ លាន​ដុល្លារ​ កើន​ ១០,៤៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​ចំនួន​ ២៩៧ ​លាន​ដុល្លារ​។ ក្នុង​អំឡុងពេល​នេះ​ការនាំចេញ​អង្ករ​សរុប​ចំនួន ៤៨៨ ៧៨៥ តោន កើនឡើង ២២,៦២ ភាគរយ ធៀប​នឹង​ឆ្នាំមុន​ដែលមាន​ចំនួន ៣៩៨ ៥៨៦ ​តោន​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្ងៃអាទិត្យ​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​ នៅតែ​រក្សា​កំណើន​ល្អ​ព្រោះ​ប្រទេស​នេះ​មាន​តម្រូវការ​អង្ករ​ខ្ពស់​ពិសេស​ប្រភេទ​អង្ករ​ក្រអូប និង​អង្ករដំណើប​។

លោក​បាន​បន្តថា រយៈពេល​ ៩ ខែ​នេះ​ កម្ពុជា​បាន​នាំចេញ​អង្ករដំណើប​សម្រេចបាន​ជិត​ ១៤០ ០០០ ​តោន​ ទៅ​កាន់​ទីផ្សារ​ចិន​ដែល​ជា​កំណើន​ខ្ពស់​មិន​ធ្លាប់មាន​។

លោក​ថ្លែងថា​៖ «​យើង​ឃើញថា អង្ករ​ដំណើប​កំពុង​មាន​ទីផ្សារ​ល្អ​នៅ​ប្រទេស​ចិន​ដែល​អង្ករ​ប្រភេទ​នេះ​គេ​យក​ទៅក្នុង​ឧស្សាហកម្ម​ផលិត​នំចំណី ហើយ​យើង​នឹង​ជំរុញ​ឱ្យ​ប្រជាកសិករ​យើង​បង្កើន​ការដាំដុះ​ស្រូវដំណើប​បន្ថែមទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ​»​។

បណ្ឌិត អ៊ុក ម៉ាការ៉ា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) ដែល​ជា​ស្ថាប័ន​សំខាន់​បញ្ចេញ ពូជស្រូវ​របស់​កម្ពុជា​បាន​ឱ្យ​ដឹងថា លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​នេះ​ដោយ​លោក​បានបង្ហាញ​ពី​និន្នាការ​កើនឡើង​នៃ​តម្រូវការ​អង្ករដំណើប​នៅ​ទីផ្សារ​ចិន ហើយ​លោក​ក៏បាន​សន្យា​ជួយ​លើកទឹកចិត្ត​កសិករ​ឱ្យ​ដាំដុះ​ស្រូវដំណើប​នៅក្នុង​ស្រុក​។

លោក អះអាង​ថា ពូជ​ដំណើប​ស្បៃមង្គល​ដែល​បញ្ចេញ​ដោយ​ CARDI ​តាំងពី​ឆ្នាំ​ ២០១៣ ​មិនទាន់​ត្រូវបាន​ដាំដុះ​ទូលំទូលាយ​នោះទេ ហើយ​មាន​តែ​កសិករ​គោលដៅ​ខ្លះ​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ខ្លះទៀត​ដាំដុះ​ប៉ុណ្ណោះ​។

លោក​និយាយថា​៖ «​ខ្ញុំ​យល់ថា ក្នុង​ចំណែក​អង្ករដំណើប​នាំចេញ​ទាំងនោះ អាចមាន​ប្រភព​នាំចូល​ខ្លះ រួច​នាំចេញ​។ ខ្ញុំ​ប្រាប់​ឱ្យជួយ​លើកទឹកចិត្ត​កសិករ​ដាំដុះ​ដំណើប​ស្បៃ​មង្គល​នេះ ព្រោះ​វា​មាន​គុណភាព​ល្អ​អាច​បំពេញ​តម្រូវការ​ទីផ្សារ​បាន​»​។

ចិន​នៅតែ​ជា​ទីផ្សារ​ធំជាងគេ​សម្រាប់​កម្ពុជា​ដែល​កាន់កាប់​ចំណែក​ទីផ្សារ​សរុប​ ៣៥ ​ភាគរយ​ (១៧១ ៨៩៦ ​តោន​) ខណៈ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ (​រួមទាំង​អង់គ្លេស​) ​ឈរ​នៅ​លំដាប់​ទី​ ២ មាន​ចំណែក​ទីផ្សារ ៣៣ ​ភាគរយ​។

ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង ៧៨ ភាគរយ​គឺជា​ប្រភេទ​អង្ករ​ក្រអូប​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​អំឡុង​ពេលនេះ​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Signature of Asia បាន​និយាយ​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​បន្ត​កើនឡើង​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ក្នុង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​ក្នុង​វិស័យ​ស្រូវ​អង្ករ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការនាំចេញ​អង្ករ​យើង​បន្ត​កើនឡើង​នេះ វា​ជា​សញ្ញា​វិជ្ជមាន​ ១ ​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​​រដ្ឋាភិបាល និង​សហព័ន្ធ​ស្រូវ​អង្ករ​ដែល​បានកំណត់​នាំចេញ​អង្ករ​ឱ្យបាន​ ១ ​លាន​តោន​នៅត្រឹម​ឆ្នាំ​ ២០២៣»៕ LA