ភ្នំពេញៈ រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធអាករ​បានជាង ២ ​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល​ ១០ ​ខែ​ ឆ្នាំ​ ២០១៩ កើនឡើង​ជាង​ ២៨ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០១៩ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ២ ៤០៤ ​លាន​ដុល្លារ​ កើនឡើង​ចំនួន​ ៥៣០,៥ ​លាន​ដុល្លារ ឬ​ស្មើនឹង​ ២៨,៣១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។

ចំណូល​ក្នុង​រយៈពេល ១០ ​ខែ​នេះ​ គឺ​មាន​បរិមាណ​ស្មើនឹង ១០៥,០៦ ​ភាគរយ នៃ​ផែនការ​ប្រមូល​ចំណូល​ប្រចាំ​ឆ្នាំ​ ២០១៩ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

ដោយឡែក​សម្រាប់​ខែតុលា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន​ប្រមាណ ២២១,៩១ ​លាន​ដុល្លារ​ កើនឡើង ២១,៨៥​ ភាគរយ ​បើ​ធៀប​នឹង​ខែតុលា ឆ្នាំ​ ២០១៨​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹងថា កំណើន​នៃ​ការប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រោះតែ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម ដែល​បច្ចុប្បន្ន​អ្នក​ជាប់ពន្ធ និង​សហគ្រាស​មានការ​យល់ដឹង​ច្រើន ក៏​ដូចជា​ការខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ឲ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ និង​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផងដែរ​។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​កាលពី​ថ្ងៃ​ចន្ទ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​ ២០១៩ នេះ​កម្ពុជា​នឹងមាន​ចំណូល​សារពើពន្ធ​លើស​ផែនការ​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​មាន​ចំនួន​ចន្លោះ​ពី​ ៤០០-៥០០ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​រយៈពេល​ ១០ ​ខែ​ ពន្ធដារ​បានសម្រេច​លើស​ផែនការ ១០៥ ​ភាគរយ អ៊ីចឹង​នៅ​សល់​ពេល ២ ​ខែ​ចុងក្រោយ លទ្ធភាព​ក៏​អាច​រកបាន ៤០០ ទៅ​ ៥០០ ​លាន​ដុល្លារ​ដែរ​។

កាលពី​ឆ្នាំ​ ២០១៨ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន​ចំនួន​ប្រមាណ ២,២ ​ពាន់​លាន​ដុល្លារ​ដែល​ស្មើនឹង​ប្រមាណ ១១៤ ​ភាគរយ​ នៃ​ផែនការ​ប្រចាំ​ឆ្នាំ​៕LA