ភ្នំពេញៈ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ថៃ Siam Cement Group (SCG) នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ជាង ១៣ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ SCG កាលពី​ថ្ងៃទី​ ២៩ ខែមករា បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណូល​សរុប​ប្រមាណ ៤៥១ ​លាន​ដុល្លារ​កើនឡើង ១៣,៨៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ប្រមាណ ៣៩៦ ​លាន​ដុល្លារ​។ ដោយឡែក​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ ការលក់​សម្រេច​បាន​ប្រមាណ ១១៤ ​លាន​ដុល្លារ កើនឡើង​ ១៧ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី ​៤ ឆ្នាំ​ ២០១៨ ដែល​កំណើន​នេះ​ជំរុញ​ដោយ​អាជីវកម្ម​ស៊ីម៉ងត៍​សម្ភារ​សាងសង់​។

ទោះបី​យ៉ាងណា​ប្រាក់ចំណូល​ពី​ការលក់​នៅ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន SCG ក្នុង​ឆ្នាំ​ ២០១៩ គឺ​បាន​ធ្លាក់ចុះ​ ៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ SCG បាន​ឲ្យ​ដឹង​អំពី​លទ្ធផល​ប្រតិបត្តិការ​មិន​ទាន់​ធ្វើ​សវនកម្ម​សម្រាប់​ឆ្នាំ​សារពើពន្ធ ២០១៩ របស់​ក្រុមហ៊ុន​ថា ចំណូល​ពី​ការលក់​បាន​ប្រមាណ ១៤,១០ ​ពាន់​លាន​ដុល្លារ​ធ្លាក់​ចុះ ៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​ការថយចុះ​នេះ​បណ្ដាល​មកពី​ការធ្លាក់ចុះ​នៃ​តម្លៃ​ផលិតផល​គីមី​។

លោក​បន្តថា​៖ «​ការប្រែប្រួល​ដែល​មិនអាច​គ្រប់គ្រង​បាន បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​លើ​ក្រុមហ៊ុន​នានា​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ចុងក្រោយ​នេះ​។ ជា​លទ្ធផល​នៅ​ឆ្នាំ​ ២០២០ នេះ SCG ចាំបាច់​ត្រូវតែ​បង្កើត​យុទ្ធសាស្ត្រ​អាជីវកម្ម​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជម្នះ​លើ​ការរំខាន​ទាំងនេះ​ជាបន្ទាន់ និង​ដើម្បី​រក្សា​កំណើន​អាជីវកម្ម​ប្រកបដោយ​ចីរភាព​។

របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ NBC បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចូល​សម្ភារ​សំណង់​ពី​បរទេស​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក មាន​តម្លៃ ១,៥ ​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ ៥០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ក្នុងនោះ​ប្រមាណ ៥០០ លាន​ដុល្លារ​ គឺ​ទៅ​លើ​ការនាំចូល​ដែកថែប និង​សម្ភារ​សំណង់​ផ្សេងៗ​ទៀត​ប្រមាណ​ជា ១ ​ពាន់​លាន​ដុល្លារ​។

លោក ជីវ ស៊ីវផេង ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការរីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់ បាន​ធ្វើឲ្យ​កម្ពុជា​ត្រូវការ​គ្រឿង​សម្ភារ​សំណង់​នាំចូល​ជាច្រើន​មក​បំពេញ​តម្រូវការ​ក្នុងស្រុក​។ លោក​បន្តថា ខណៈ​សមត្ថភាព​ផលិត​ក្នុងស្រុក​នៅ​មាន​កម្រិត​នោះ កម្ពុជា​បាន​នាំចូល​ផលិតផល​ជាច្រើន​ប្រភេទ​ពី​បរទេស​ជា​រៀងរាល់​ឆ្នាំ​។

បើតាម​លោក ស៊ីវផេង កម្ពុជា​បាន​នាំចូល​សម្ភារ​សំណង់​ជាច្រើន​ប្រភេទ​ដូចជា ស៊ីម៉ងត៍ ដែក ឥដ្ឋការ៉ូ សម្ភារ​បន្ទប់ទឹក គ្រឿងអគ្គិសនី និង​សម្ភារ​ផ្សេងៗ​ជាច្រើន​ទៀត​។

អគ្គលេខាធិការ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា​លោក ពុត ចន្តារិទ្ធ កាលពី​ពេល​កន្លងមក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តម្រូវការ​ប្រើប្រាស់​ស៊ីម៉ងត៍​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាងច្រើន​ក្នុង​រយៈពេល​ ៣-៤ ​ឆ្នាំ​ចុងក្រោយ​នេះ​។ តាម​ការសិក្សា​ក្នុង ១ ​ឆ្នាំ​ កម្ពុជា​តម្រូវការ​ប្រើប្រាស់​ស៊ីម៉ងត៍​មាន​ប្រហែល ៩ ​លាន​តោន ខណៈ​រោងចក្រ​ក្នុងស្រុក​ទាំង​ ៥ អាចមាន​សមត្ថភាព​ផលិត​បាន​ប្រហែល ៨ ​លាន​តោន ​ក្នុង​ ១ ​ឆ្នាំ​នៅពេល​ដំណើរការ​ពេញលេញ​៕LA