The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចំណូល​ពន្ធ​គយ​នៅ​ឆមាស​ទី១​មាន​ចំនួន ៧៥២ លាន​ដុល្លារ

ចំណូល​ពន្ធ​គយ​នៅ​ឆមាស​ទី១​មាន​ចំនួន ៧៥២ លាន​ដុល្លារ

កម្មករ​កំពុង​លើក​ដាក់​ទំនិញ​នាំ​ចូល​ពី​ថៃ​នៅ​ច្រក​ប៉ោយប៉ែត។
កម្មករ​កំពុង​លើក​ដាក់​ទំនិញ​នាំ​ចូល​ពី​ថៃ​នៅ​ច្រក​ប៉ោយប៉ែត។ ម៉ៃ វីរៈ

ចំណូល​ពន្ធ​គយ​នៅ​ឆមាស​ទី១​មាន​ចំនួន ៧៥២ លាន​ដុល្លារ

ភ្នំពេញៈ អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ (GDCE) បាន​ប្រមូល​ចំណូល​ពន្ធគយ​បាន​ជាង ៧៥២ លាន​ដុល្លារ នៅ​ក្នុង​រយៈពេល ៦ខែ ដំបូង​ឆ្នាំ​នេះ ដែល​កើន​ឡើង ១៧,៥ ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​មន្ដ្រី​នៅ GDCE បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ។

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ក្នុង​កាសែត​ក្នុង​ស្រុក​មួយ​ថា កំណើន​នេះ​ដោយ​សារ​ការ​កែ​ទម្រង់​ដែល​អនុវត្ត​ដោយ​មន្ដ្រី​គយ និង​រដ្ឋាករ ទាក់ទង​នឹង​យុទ្ធសាស្ដ្រ​ប្រមូល​ពន្ធគយ និង​រដ្ឋាករ និង​ការ​កែ​ទម្រង់​រយៈ​ពេល​មធ្យម និង​កម្មវិធី​ទំនើប​នីយកម្ម​នៃ​ការ​ប្រមូល​ពន្ធគយ​ឆ្នាំ ​២០១៤-២០១៨។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​បាន​ជំរុញ​ឲ្យ​នាយកដ្ឋាន​គយ និង​រដ្ឋាករ ត្រូវ​ពង្រឹង​សមត្ថភាព​របស់​មន្ដ្រី បង្កើន​ការ​ប្រើ​ប្រាស់​ព័ត៌មាន​វិទ្យា​នៅ​ក្នុង​ការ​ប្រមូល​ពន្ធ និង​កែ​លម្អ​ប្រសិទ្ធភាព​នៃ​ការ​ទប់​ស្កាត់​ការ​រត់​ពន្ធ​ខុស​ច្បាប់។

លោក​យ៉ែម​បុញ្ញឫទ្ធិ​តំណាង​រាស្ដ្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រត់​ពន្ធ​ខុស​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​តាម​ព្រំ​ដែន​អាច​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​កើន​ឡើង​កាន់​តែ​ខ្ពស់​ជាង​តួលេខ​ដែល​បាន​បង្ហាញ​នៅ​ពេល​នេះ។

លោក​លើក​ឡើង​ថា៖ «ការ​កាត់​បន្ថយ​អំពើ​ពុករលួយ​បាន​ជំរុញ​ឲ្យ​មាន​កំណើន​នៅ​ក្នុង​ការ​ប្រមូល​ពន្ធគយ។ ប៉ុន្តែ នៅ​តែ​មាន​កង្វះ​យន្ត​ការ​ក្នុង​ការ​ប្រមូល​ប្រាក់​ចំណូល​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ពន្ធគយ​ពិសេស​នៅ​តាម​ព្រំដែន»។

លោក​បាន​បន្ត​ថា៖ «អំពើ​ពុករលួយ​នៅ​តាម​ព្រំ​ដែន​កើត​ឡើង​គ្រប់​រូបភាព។ វិនិយោគិន​ដែល​មាន​ខ្នង​បង្អែក​ពី​មន្ដ្រី​រដ្ឋាភិបាល​ដែល​មាន​អំណាច​បាន​គេច​មិន​បង់ពន្ធ ឬ​បង់​មិន​ស្រប​តាម​តម្លៃ​ផលិតផល​ដែល​បាន​កំណត់​នោះ​ទេ»។

លោក​បន្ត​ថា ការ​ត្រួត​ពិនិត្យ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រត់​ពន្ធ​ទំនិញ​ខុស​ច្បាប់​នៅ​តាម​ព្រំដែន​គឺជា​ចំណុច​ដ៏​សំខាន់​ដែល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើន​ប្រាក់​ចំណូល​ពី​ពន្ធគយ និង​រដ្ឋាករ​៕PB

អត្ថបទគួរចាប់អារម្មណ៍