ភ្នំពេញៈ កម្ពុជាបានរកចំណូលពីការកៀរគរពន្ធបានប្រមាណជាជាង ២ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៤ នៃចំណូលជាតិសរុប ដែលកើនឡើងជាង ២០ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៣។
ស្ថាប័នអន្តរជាតិមួយចំនួនបានធ្វើការព្យាករ កាលពីឆ្នាំមុនថា សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ជាង ៧ ភាគរយ កាលពីឆ្នាំមុន និងនៅតែបន្តរក្សាកំណើនសម្រាប់ឆ្នាំ ២០១៥។
អង្គការសង្គមស៊ីវិលធ្លាប់បានរិះគន់ថា ការកំណត់ការប្រមូលពន្ធជាលក្ខណៈផែនការរបស់រដ្ឋាភិបាលគឺជាប្រការមួយដែលមិនសមស្រប ហើយថា ការណ៍នេះគឺទុកឱកាសឲ្យក្រុមមន្ត្រីឃុបឃិតនឹងក្រុមហ៊ុនដើម្បីប្រព្រឹត្តអំពើពុករលួយ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីព្រឹកថ្ងៃអង្គារបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលជូនរដ្ឋបានប្រមាណជាង ១,០៦ ពាន់លានដុល្លារក្នុងពេលពេញមួយឆ្នាំ២០១៤ ធៀបទៅនឹងរយៈពេលដូចគ្នាគឺមានកំណើន ១៧,៩៣ ភាគរយ ឬសម្រេចបានស្មើនឹង ១០៦,៩៤ ភាគរយនៃផែនការដែលបានកំណត់។
លោក គង់ វិបុល អគ្គនាយកនៃ GDT បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ ឃើញថា ក៏មានការកើនឡើងនូវចំណូលពន្ធតាមប្រភេទពន្ធសំខាន់ៗមួយចំនួន»។
លោកលើកឡើងថា ប្រភេទពន្ធទាំងនោះរួមមាន ពន្ធលើប្រាក់បៀវត្សរ៍មានការកើនឡើងប្រមាណ ២៩,៩ ភាគរយ ពន្ធលើប្រាក់ចំណេញមានការកើនឡើងប្រមាណ២៣,៩ភាគរយ អាករលើតម្លៃបន្ថែមមានការកើនឡើងប្រមាណ ៨,៧ ភាគរយ និងអាករពិសេសមានការកើនឡើងប្រមាណជាង ១៣ ភាគរយ។
ចំណែកចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលមានតួនាទីកៀរគរចំណូលពីទំនិញ នាំចេញ និងចូល ក៏មានការកើនឡើងយ៉ាងគំហុកដែរនៅដំណាច់ឆ្នាំ ២០១៤ ដែលមានចំនួនសរុប ១,៣៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៤ កើនឡើង ៣៣,៥ ភាគរយធៀបនឹងឆ្នាំ ២០១៣។
លោក គុន ញឹម អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករបានថ្លែងក្នុងពិធីប្រជុំបូកសរុបការងារឆ្នាំ ២០១៤ កាលពីសប្តាហ៍មុនថា កំណើននៃចំណូលពន្ធគយគឺឆ្លុះបញ្ចាំងអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការសម្រួលពាណិជ្ជកម្ម កំណែទម្រង់ពន្ធគយ ការធ្វើទំនើបកម្មពន្ធគយ និងភាពល្អប្រសើរនៃការដឹកជញ្ជូន។
លោកបានថ្លែងថា៖ «យើងពិតជាមានសុទិដ្ឋិនិយមណាស់ដែលចំណូលគយ នឹងនៅតែបន្តកើនឡើងថែមទៀតក្នុងឆ្នាំនេះ ដែលជាសមិទ្ធផលនៃការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់បទល្មើសនានា ការសម្រួលពាណិជ្ជកម្ម និងការធ្វើទំនើបកម្មប្រព័ន្ធការងារគយ»។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពេលថ្មីៗនេះថា ការកំណត់គោលនយោបាយយកពន្ធតាមផែនការ វាក៏ពុំបានឆ្លុះបញ្ចាំងអំពីសក្តានុពល និងលទ្ធភាពជាក់ស្តែងនៃការខិតខំបង្កើនចំណូលជាតិដែរ។
លោកបន្តថា៖ «ខ្ញុំគិតថា យើងមិនត្រូវកំណត់ថា ស្ថាប័ននេះត្រូវប្រមូលពន្ធតាមផែនការនោះទេ គឺយើងពិតណាស់ត្រូវយកទៅតាមស្ថានភាពជាក់ស្តែង ការរីកចម្រើននៃសេដ្ឋកិច្ច និងអនុលោមតាមច្បាប់ មានន័យថា ខាងពន្ធដារត្រូវតែប្រមូលពន្ធទៅតាមកាតព្វកិច្ចនៃក្រុមហ៊ុននីមួយៗដែលត្រូវបង់ពន្ធគឺមិនមែនកំណត់តាមផែនការនោះទេ ដែលនេះហើយធ្វើឲ្យចំណូលពន្ធយើងនៅតែទាប បើទោះបីជាសេដ្ឋកិច្ចយើងរីកចម្រើនដល់កម្រិតណាក៏ដោយគឺវាមិនសមហេតុផលសោះ ហើយវាផ្ទុយទៅនឹងច្បាប់ដែលបានកំណត់»។
លោកបន្ថែមថា៖ «ជាការពិតណាស់យើងដឹងហើយថា ចំណូលពន្ធរបស់យើងគឺពិតជានៅមានកម្រិតទាបនៅឡើយបើយើងធៀបទៅនឹងប្រទេសជិតខាងយើង ដែលវាត្រូវបានបាត់បង់ច្រើនរយលានដុល្លារក្នុងឆ្នាំៗចូលទៅក្នុងរូបភាពនៃអំពើពុករលួយ»។
លោកបន្តថា គេត្រូវឲ្យមានតម្លាភាពក្នុងការប្រមូលពន្ធ ហើយត្រូវបង្ហាញព័ត៌មានដល់សាធារណជនថា ប្រមូលបានមកពីណាខ្លះ បានប៉ុន្មាន? ដូច្នេះសាធារណជនគឺអាចធ្វើការតាមដានបាន។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្វាគមន៍ចំពោះកំណើនចំណូលពន្ធនេះ តែលោកក៏បានធ្វើការណែនាំដល់អគ្គនាយដ្ឋានពន្ធដារបន្តការខិតខំប្រឹងប្រែងកៀរគរចំណូលបន្ថែមទៀត។
លោកបានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «[អគ្គនាយកដ្ឋានពន្ធដារត្រូវ] ចាត់វិធានការលើអាជីវកម្មដ្ឋានជាប់ពន្ធតាមរបបម៉ៅការទៅរបបស្វ័យប្រកាស ពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធដីធ្លីដែលមិនប្រើប្រាស់ ពង្រឹងការកែទម្រង់គោលនយោបាយសារពើពន្ធ និងជំរុញឲ្យបន្តធ្វើការណែនាំ និងពិភាក្សាការចុះបញ្ជីសហគ្រាសតាមប្រព័ន្ធថ្មីនិងបន្តការធ្វើបច្ចុប្បន្នភាពសហគ្រាស»៕