ភ្នំពេញៈ ទោះបីជំងឺផ្លូវដង្ហើមសកលកូវីដ ១៩ បានឆ្លងរាលដាលរយៈពេលជាង ១ ឆ្នាំហើយក៏ដោយ ក៏ការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ ២០២០ មិនបានធ្លាក់ចុះឡើយ ដោយទឹកប្រាក់ទទួលបានពីវិស័យនេះមានប្រមាណជិត ៣ ពាន់លានដុល្លារ កើនឡើង ៣,៧៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដារ។
សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងឆ្នាំ ២០២០ របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃចន្ទឱ្យដឹងថា ទោះក្នុងស្ថានភាពសេដ្ឋកិច្ចសកលក៏ដូចជាសេដ្ឋកិច្ចកម្ពុជាបានទទួលរងផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ការប្រមូលចំណូលពន្ធដារកម្ពុជាមិនបានធ្លាក់ចុះនោះទេ។ ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០២០ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ១១ ៧០០,៥២ ពាន់លានរៀល (២ ៨៨៩,០២ លានដុល្លារ) កើនឡើង ៤២៣,២០ ពាន់លានរៀល (១០៤,៤៩ លានដុល្លារ) ស្មើនឹង ៣,៧៣ ភាគរយធៀបនឹងឆ្នាំ ២០១៩។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុន្នីរ័ត្ន បាននិយាយក្នុងកិច្ចប្រជុំនេះថា ទោះបីក្នុងដំណាក់កាលដ៏លំបាកនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ និងការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលជាបន្តបន្ទាប់ដើម្បីជួយសម្រួល និងអនុគ្រោះពន្ធចំពោះវិស័យមួយចំនួនដែលងាយរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ ក៏ការប្រមូលពន្ធដារក្នុងឆ្នាំ ២០២០ មិនបានធ្លាក់ចុះទេ។
លោកបានបន្ថែមថា ការប្រមូលចំណូលបានគ្រប់តាមផែនការក្នុងដំណាក់កាលដ៏លំបាកនេះ គឺជាការខិតខំរបស់មន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារស្របពេលដែលអគ្គនាយកដ្ឋានពន្ធដារ ក៏បានធ្វើបច្ចុប្បន្នភាព និងកែសម្រួលនីតិវិធីមួយចំនួនទាក់ទងនឹងការប្រមូលពន្ធ។
សម្រាប់ទិសដៅប្រមូលពន្ធដារឆ្នាំ ២០២១ នេះលោក អូន ព័ន្ធមុន្នីរ័ត្ន បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារត្រូវបង្កើនការប្រមូលពន្ធ និងគោរពតាមគោលការណ៍មួយចំនួនដូចជា ការកៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលមកក្នុងប្រព័ន្ធរួមតែមួយ ការបង្កភាពងាយស្រួលក្នុងការបង់ពន្ធ ការរៀបចំប្រព័ន្ធការពារឱ្យលំបាកសម្រាប់ការគេចវេះបង់ពន្ធ និងធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា ទោះបីកូវីដ១៩ គំរាមកំហែងដល់កំណើនសេដ្ឋកិច្ចក៏ការប្រមូលពន្ធរបស់កម្ពុជាមិនបានធ្លាក់ចុះនោះទេ។
លោកបន្តថា ការទទួលបានសញ្ញាវិជ្ជមាននៅក្នុងដំណាក់កាលដ៏លំបាកនេះ គឺអាចមកពីកត្តាជាច្រើន ជាពិសេសការធ្វើសុក្រឹតកម្មរបស់វិស័យពន្ធដារពី ១ ឆ្នាំទៅ ១ ឆ្នាំទាំងផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងធនធានមនុស្ស។ ជាក់ស្តែងចាប់តាំងពីឆ្នាំ ២០១៥ កំណើនប្រាក់ចំណូលពីវិស័យពន្ធដារបានកើនឡើងជាបន្តបន្ទាប់។
លោកបញ្ជាក់ថា៖ «បើគ្មានជំងឺកូវីដ ១៩ និងការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអនុគ្រោះពន្ធសម្រាប់វិស័យមួយចំនួនពិសេសវិស័យទេសចរណ៍នោះ ការប្រមូលពន្ធដារក្នុងឆ្នាំ ២០២០ នឹងមានកម្រិតខ្ពស់ជាងនេះច្រើន។ នេះជាជំហានជោគជ័យថ្មីមួយទៀតរបស់វិស័យពន្ធដារនៅកម្ពុជា»។
ខណៈក្នុងឆ្នាំ ២០២១ នេះនឹងមានសហគ្រាស និងអាជីវកម្មមួយចំនួនដែលបានផ្អាកដំណើរការកាលពីឆ្នាំ ២០២០ ចាប់ផ្តើមដំណើរការឡើងវិញនោះ លោក វណ្ណៈ អះអាងថា៖ «ការប្រមូលពន្ធដារនឹងល្អជាងឆ្នាំ ២០២០ ព្រោះកំណើននៃការបើកដំណើរការសហគ្រាសនឹងផ្តល់ប្រាក់ពន្ធបន្ថែមទៀតដល់វិស័យពន្ធដារ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា ទោះបីមានកំណើនត្រឹមជាង ៣ ភាគរយ ប៉ុន្តែនេះជាសញ្ញាល្អដែលបញ្ជាក់ថា ការប្រមូលពន្ធដារនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។ លោកបន្ថែមថា ចំណូលពន្ធនឹងកើនឡើងបន្ថែមទៀត បើការប្រមូលពន្ធត្រូវបានធ្វើឡើងឱ្យកាន់តែមានតម្លាភាព។
លោកប្រាប់ថា៖ «ជាមួយនឹងភាពល្អប្រសើរនៃបរិយាកាសវិនិយោគនាពេលនេះ ចំណូលពន្ធក្នុងឆ្នាំ ២០២១ រំពឹងថា នឹងមានកំណើនខ្ពស់បន្ថែមទៀត»។ លោកបន្តថា៖ «វិស័យឯកជនពិតជាចង់បានការបង់ពន្ធមួយដែលមានតម្លាភាព ដើម្បីឱ្យការប្រកួតប្រជែងមានភាពស្មើគ្នា»៕ LA