
អគ្គនាយកដ្ឋានពន្ធដារ (GDT)។ ហេង ជីវ័ន
ភ្នំពេញៈ ការប្រមូលពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះ សម្រេចបានជាង ១,៧ ពាន់លានដុល្លារ កើនជាង ២៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។
របាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធ ប្រចាំខែកក្កដា របស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែ ចំណូលពន្ធអាករដែលប្រមូលបានមានចំនួន ១,៧៣ ពាន់លានដុល្លារ កើនឡើង ២៨,០៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមាន ១,៥២ ពាន់លានដុល្លារ។ បើគិតពីផែនការប្រចាំឆ្នាំ គឺសម្រេចបាន ៧៥,៩២ ភាគរយ។
ដោយឡែកក្នុងខែ កក្កដា ឆ្នាំ ២០១៩ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករ បានចំនួន ២១២,៩៩ លានដុល្លារ កើនឡើង ២៣,៥២ ភាគរយ បើធៀបនឹងខែ កក្កដា ឆ្នាំ ២០១៨។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីដើមសប្តាហ៍នេះ បាននិយាយថា ចំណូលពន្ធដារក្នុងឆ្នាំ ២០១៩ នេះនឹងអាចមានកំណើន ២ ខ្ពង់។
លោកបន្តថា ការប្រមូលចំណូលពន្ធបានកើនឡើងជាបន្តបន្ទាប់ ពិសេសបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារបានធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការផ្សព្វផ្សាយពីកាតព្វកិច្ចបង់ពន្ធដារទៅដល់អ្នកជាប់ពន្ធគ្រប់ប្រភេទ។
លោកបានថ្លែងថា៖ «កំណែទម្រង់ពន្ធដារ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រមូលចំណូលពន្ធ ពិសេសកាត់បន្ថយអំពើពុករលួយ តាមរយៈការពង្រឹងការអនុវត្តលើមុខងារស្នូល និងមុខងារគាំទ្រទាំងនេះ។ វាក៏ជាផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការរៀបចំយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ ២០១៩-២០២៣ ផងដែរ»។
បើតាមលោក គង់ វិបុល ចំណូលពន្ធដារដែលប្រមូលបានភាគច្រើនបានមកពីពន្ធលើប្រាក់ចំណូល ពន្ធលើតម្លៃបន្ថែមពន្ធលើអាករពិសេស និងពន្ធលើប្រាក់បៀវត្សរ៍ជាដើម៕