ភ្នំពេញ: ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែរក្សាកំណើនល្អដោយសម្រេចបានជាង ២,២ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ (ខែកក្កដា-កញ្ញា) ឆ្នាំ ២០២០ កើនជិត ៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីការរីករាលដាលជំងឺកូវីដ១៩បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់អាជីវកម្មនានាក៏ដោយ។
របាយការណ៍នៃកិច្ចប្រជុំបូកសរុបលទ្ធផលចំណូលពន្ធដារប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំនេះរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃចន្ទបានឱ្យដឹងថា ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២ ២២៥,៩៥ លានដុល្លារ ក្នុងឆ្នាំ ២០២០ កើន ៨០,៣១ លានដុល្លារ ស្មើនឹង ៣,៧១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំនេះការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទរបស់អគ្គនាយកដ្ឋានពន្ធដារសម្រេចបានចំនួន ១៨៦,២២ លានដុល្លារ ថយចុះប្រមាណ ៤២,៩៨ លានដុល្លារ ស្មើនឹង ១៨,៧៥ ភាគរយធៀបនឹងខែកញ្ញាឆ្នាំមុន។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានលើចំណូលពន្ធ ជាពិសេសប្រភេទពន្ធក្នុងវិស័យសំខាន់ៗក្នុងត្រីមាសទី៣ នេះ។
លោក វិបុល បានរំឭកដល់ប្រធានអង្គភាពក្រោមឱវាទទាំងអស់ត្រូវពង្រឹងកិច្ចសហការរវាងអង្គភាព និងអង្គភាពចំណុះអគ្គនាយកដ្ឋានពន្ធដារ និងក្រសួង ស្ថាប័ន ក្នុងន័យបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការប្រមូលចំណូលក្នុងវិស័យពន្ធដារឱ្យមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «បើទោះជាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចដែលជះឥទ្ធិពលពីជំងឺកូវីដ ១៩ មន្ត្រីអគ្គនាយកដ្ឋានពន្ធដារទាំងអស់ត្រូវបន្តពង្រឹងផែនការសកម្មភាពបន្ថែម និងពង្រឹងផែនការអន្តរាគមន៍បន្ទាន់របស់រដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ អាកាសចរណ៍ កសិកម្ម ការចិញ្ចឹមសត្វ និងវិស័យកម្មន្តសាលទូទៅ ព្រមទាំងពង្រឹងវិធានការនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច»។
លោក គង់ វិបុល ក៏បានណែនាំឱ្យគ្រប់អង្គភាពទាំងអស់បន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងវិន័យការងារប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់ម៉ឺងម៉ាត់។
លោកថ្លែងថា៖ «ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចបានតាមផែនការដែលបានកំណត់ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារកាលពីឆ្នាំ ២០១៩ ចំណូលពន្ធអាករដែលប្រមូលបានមានចំនួន ២ ៨១៩,៣៣ លានដុល្លារ កើន ២៨,២៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ មានចំនួន ២១៩៧,៨៥ លានដុល្លារ។
របាយការណ៍នេះបានឱ្យដឹងទៀតថាក្នុងឆ្នាំ ២០១៩ ការប្រមូលចំណូលអាករលើតម្លៃបន្ថែមបានកើនឡើង ៣១,០៥ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ ចំណែកការប្រមូលចំណូលតាមរយៈ E-VAT រួមជាមួយវិធានការ ពន្ធដារសំខាន់ផ្សេងៗទៀតបានកើនឡើង ២៨,៤៧ ភាគរយ អាករពិសេសកើន ៣០,៧២ ភាគរយ ពន្ធប្រថាប់ត្រាកើន ៤៣,៧៣ ភាគរយ ពន្ធលើប្រាក់បៀវត្សរ៍កើន ១៨,២១ ភាគរយ និងពន្ធលើឈ្នួលដី និងផ្ទះកើន ៦៨,២០ ភាគរយ៕LA