ភ្នំពេញៈ ប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរវត្តនៅក្នុងរយៈពេល ៦ខែដំបូងបានធ្លាក់ចុះបន្តិចខណៈដែលចំនួនភ្ញៀវទេសចរបរទេសបានកើនឡើងជិត ២ភាគរយ។ នេះបើយោងតាមតួលេខផ្លូវការបានចេញផ្សាយដោយអាជ្ញាធរអប្សារាកាលពីម្សិលមិញ។
ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរសរុបជាង ១,០៨លាននាក់ កើនឡើងប្រហែល ១,៦១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរកបានប្រហែល ៣០,៩លានដុល្លារ គឺធ្លាក់ចុះ ០,៦៩ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមរបាយការណ៍។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សារាថ្លែងថា៖ «ការធ្លាក់ចុះប្រាក់ចំណូលគឺដោយសារភ្ញៀវទេសចរភាគច្រើនទិញសំបុត្រចូលទស្សនារយៈពេលមួយថ្ងៃជំនួសឲ្យរយៈពេលទស្សនា ៣ថ្ងៃ និងមួយសប្ដាហ៍»។
បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសចំណាយប្រាក់ ២០ដុល្លារអាមេរិកសម្រាប់តម្លៃសំបុត្រចូលទស្សនារយៈពេលមួយថ្ងៃនៅតំបន់ប្រាសាទអង្គរវត្ត តម្លៃ ៤០ ដុល្លារអាមេរិកសម្រាប់រយៈពេល ៣ថ្ងៃ និងតម្លៃ ៦០ ដុល្លារអាមេរិកសម្រាប់សំបុត្រចូលទស្សនារយៈពេលមួយសប្ដាហ៍។
លោកលើកឡើងថា៖ «ក្រៅពីនេះ យើងបានកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរបរទេសចាប់ពីខែមករាដល់ខែមីនាឆ្នាំនេះបានធ្លាក់ចុះប្រហែលពី៤ ទៅ៥ភាគរយ ហើយចំនួននេះបានកើនឡើងបនិ្តចចាប់ពីខែមេសាដល់ខែមិថុនា។ និន្នាការនេះគឺផ្ទុយពីឆ្នាំមុននៅពេលដែលរយៈពេល៣ខែដំបូង ជារដូវមានភ្ញៀវច្រើន»។
នៅខេត្តសៀមរាបចាប់ពីខែមករាដល់ខែឧសភាទទួលបានភ្ញៀវទេសចរសរុប ២,៨ លាននាក់ កើនឡើង ២៣,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកមកកាន់ខេត្តសៀមរាបបានកើនឡើង ៥៦,៥៩ ភាគរយដល់ ១,៨លាននាក់ ចំនួនភ្ញៀវទេសចរបរទេសមកកាន់ខេត្តសៀមរាបបានធ្លាក់ចុះ ១១ ភាគរយមកនៅត្រឹមជាង ៩៩០ ៩៩៦នាក់។ នេះបើតាម លោក ឆឺយ ឆន អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោកលើកឡើងថា៖ «ចំនួនភ្ញៀវទេសចរបរទេសទើបនឹងបានចាប់ផ្ដើមកើនឡើងកាលពីខែឧសភា។ វាទំនងជាថា ពួកគេចំណាយពេលវេលាកាន់តែតិចក្នុងការទស្សនាប្រាសាទអង្គរវត្ត ហើយចំណាយពេលវេលាច្រើននៅក្នុងសកម្មភាពកម្សាន្តនៅកន្លែងនានា»។
លោក អាង គឹមអៀង ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងកាលពីម្សិលមិញថា ការកើនឡើងភ្ញៀវទេសចរអាស៊ីមកកាន់ខេត្តសៀមរាបកំពុងជំរុញឲ្យមានការធ្លាក់ចុះប្រាក់ចំណូល។
លោកបន្តថា៖ «វាទំនងជាថា ការកើនឡើងចំនួនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបមកពីតំបន់អាស៊ី។ ភ្ញៀវទេសចរអាស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីប្រវត្តិសាស្ដ្រ និងភាពស្មុគស្មាញរបស់ប្រាសាទនីមួយៗនោះទេ ដោយសារតែប្រាសាទទាំងអស់នោះមើលទៅដូចគ្នាមិនដូចជាភ្ញៀវទេសចរមកពីប្រទេសលោកខាងលិចទេ»។
លោកបានបន្ថែមថា៖ «ភ្ញៀវទេសចរអាស៊ីមិនអាចស៊ូទ្រាំនឹងកម្ដៅព្រះអាទិត្យបានទេ។ ពួកគេនឹងចំណាយពេលមួយថ្ងៃនៅបរិវេណប្រាសាទអង្គរ ហើយជ្រើសរើសយកសកម្មភាពកម្សាន្តកាន់តែច្រើន ដូចជាការហែលទឹក ការម៉ាស្សា ស្ប៉ា និងការដើរទិញអីវ៉ាន់៕PB