ភ្នំ​ពេញ​: ​ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​ ៧ ​ខែ ​ឆ្នាំ ២០១៩ នេះ​បាន​ធ្លាក់​​ចុះ​ជាង​ ១០ ​​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​​អង្គរ​ ដែល​ជា​ស្ថាប័នរដ្ឋ​​គ្រប់គ្រង​ការ​លក់​សំបុត្រ​សម្រាប់​តំបន់​ទេសចរណ៍​​មួយ​នេះ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​​អង្គរ​​មាន​​​ចំនួន​ជាង ​៦២,៣ ​លាន​​ដុល្លារ ​ក្នុង​រយៈពេល​ ៧ ខែ ​​ឆ្នាំ ​២០១៩ នេះ​​ ដោយ​ធ្លាក់​ចុះ​ ១០,​៥៦ ​ភាគរយ ​បើ​​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ចំណែក​​​​ភ្ញៀវ​​ទេសចរ​​មាន​ចំនួន​ជិត ​១,៤ ​លាន​នាក់​​ ធ្លាក់​ចុះ ​៩,៦៧ ​ភាគរយ​។​

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​​ក្នុង​ខែ​កក្កដា​ មាន​​ជាង ​៦,៥ ​​លាន​ដុល្លារ ​​ធ្លាក់​ ១៩,៦៨ ​​ភាគរយ ​​​ធៀប​នឹង​ខែ​កក្កដា​ ឆ្នាំ​​មុន​។

លោកស្រី ឆាយ​ ស៊ីវលីន ប្រធាន​​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ការ​ធ្លាក់​ចុះ​​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់​អង្គរ​​ អាច​បណ្តាល​មក​ពី​មាន​ការ​ប្រកួត​ប្រ​ជែង​ខ្លាំង​ជាមួយ​ប្រទេស​ជិត​ខាង។

លោកស្រី​បាន​ថ្លែង​ថា៖​ «កម្ពុជា​កំពុង​មាន​ការប្រកួត​ប្រជែង​ខ្លាំង​​​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយ​ប្រទេស ​ថៃ និង​វៀតណាម។​​ប្រទេស​ទាំង​នោះ​បាន​បញ្ចុះ​តម្លៃ​​សំបុត្រ​យន្តហោះ ហើយ​ការ​ផ្តល់​ទិដ្ឋាការ​របស់​គេ​ក៏​មាន​ភាព​ងាយ​ស្រួល​​ដែរ។ ម៉្យាង​វិញ​ទៀត​​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន​មួយ​ចំនួន​ គេ​មិន​យក​ថ្លៃ​ទិដ្ឋាការ​ផង​ដែរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​»។

លោកស្រី​បន្ត​ថា នៅ​កម្ពុជា​ការ​ផ្តល់​សេវា​ទិដ្ឋាការ​ដល់​ភ្ញៀវ​មាន​​ភាព​ស្មុគស្មាញ យឺតយ៉ាវ ​ពិសេស​កង្វះ​ជើង​ហោះហើរ​ត្រង់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​។

លោកស្រី​បន្ត​ថា៖​ «មាន​ភ្ញៀវ​ត្អូញត្អែរ​ប្រាប់​យើង​ថា នៅ​ច្រក​ព្រំដែន​ការ​ផ្តល់​សេវា​មិន​មាន​ភាព​ងាយ​ស្រួល ភ្ញៀវ​រង់ចាំ​យូរ ហើយ​ចំណុច​មួយ​ទៀត​យើង​ខ្វះ​ជើង​ហោះហើរ​ត្រង់​ពី​អឺរ៉ុប និង​អាមេរិក​»។

លោក​ ខៀវ ​ធី ​ប្រធាន​សមាគម​​​មគ្គុទេសក៍​អង្គរ​កម្ពុជា​ បាន​ប្រាប់​​ថា ការ​ដំឡើង​​ថ្លៃ​សំបុត្រ​ចូល​តំបន់​អង្គរ​ ​សណ្ដាប់​​ធ្នាប់​ក្នុង​ក្រុង​សៀមរាប ​និង​ការ​ផ្តោត​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​​លើ​​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ​គឺ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​ទេសចរ​បរទេស​ថយ​ចុះ។​

លោក​ថ្លែង​ថា៖ «ចាប់​តាំង​ពី​សំបុត្រ​ដំឡើង​ថ្លៃ​មក ភ្ញៀវ​ភាគ​ច្រើន​ទិញ​សំបុត្រ​ចូល​តំបន់​អង្គរ​តែ ១ ​ថ្ងៃ​ ​គាត់​ចេញ​ទៅ​ប្រទេស​គេ​ ហើយ​សណ្តាប់​ធ្នាប់​យើង​​នៅ​មាន​កម្រិត»។

លោក​បន្ថែម​ថា៖​​​«ផ្លូវ​ថ្មើរ​ជើង​យើង​មាន​ ប៉ុន្តែ​ការ​ដាក់​លក់​ទំនិញ និង​ចត​រថយន្ត​គ្មាន​សណ្តាប់​ធ្នាប់ ព្រម​ទាំង​​គោល​នយោបាយ​ថ្នាក់ថ្នម​ចិន​កំពុង​​ធ្វើ​ឱ្យ​ប៉ះពាល់​ភ្ញៀវ​ទេសចរ​​​បរទេស​ផ្សេង​ទៀត​»។

កាល​ពី​ថ្មីៗ​នេះ​ លោក ​ថោង ​ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​បាន​ថ្លែង​ថា​ Zero-Dollar Tour​ កំពុង​ក្លាយ​ជា​ចំណែក​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​​មក​​ទស្សនា​ខេត្ត​សៀមរាប​ធ្លាក់​ចុះ​។​ ក្រុមហ៊ុន​ដែល​លក់​កញ្ចប់​ប្រភេទ​ Zero-Dollar ​Tour ​ជា​អ្នក​បំផ្លាញ​គោល​ដៅ​ទេសចរណ៍​ខេត្ត​សៀមរាប៕ LA