
ភ្ញៀវទេសចរបរទេស ដែលមកទស្សនាប្រាសាទអង្គរវត្តនាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ កម្ពុជារកចំណូលបានជាង ៥០ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរ ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះ ធ្លាក់ចុះ ៨,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតួលេខបានពីគ្រឹះស្ថានអង្គរ។
ពីខែមករា ដល់ខែឧសភាឆ្នាំនេះ គ្រឹះស្ថានអង្គរបានលក់សំបុត្រសរុប ១,១២ លានឲ្យភ្ញៀវទេសចរបរទេសដែលរកប្រាក់បានជាង ៥០,៣១ លានដុល្លារ ធ្លាក់ចុះពី ៦,១៧ លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក លី សែ នាយកប្រតិបត្តិគ្រឹះស្ថានអង្គរបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការធ្លាក់ចុះប្រាក់ចំណូលនេះ ដោយសារតែការផ្លាស់ប្តូរទិសដៅរបស់ភ្ញៀវទេសចរនៅក្នុងប្រទេស កម្ពុជា ខណៈបញ្ហាអាកាសធាតុក្នុងអំឡុងពេលនេះក៏បានរួមចំណែកដល់ការធ្លាក់ចុះនេះផងដែរ។
លោកថ្លែងថា៖ «ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទអង្គរវត្ត ភាគច្រើនគឺជាភ្ញៀវទេសចរពីមុន ដែលមានន័យថា ពួកគេមានបំណងផ្លាស់ប្តូរទៅទិសដៅផ្សេងទៀត បន្ទាប់ពីការទស្សនាប្រាសាទនេះ»។ លោកបន្តថា៖ «ការកើនឡើងកម្ដៅក្នុងរយៈពេលប៉ុន្មានខែកន្លងមក ក៏បានធ្វើឲ្យប្រាសាទនេះមិនសូវផ្តល់ភាពចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ»។
ភ្ញៀវទេសចរជនជាតិចិន នៅតែស្ថិតក្នុងចំណោមភ្ញៀវទេសចរបរទេសឈានមុខគេ ដែលមកទស្សនាប្រាសាទអង្គរ បន្ទាប់មកគឺភ្ញៀវទេសចរមកពីអាមេរិក ជប៉ុន ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង។ នេះបើយោងតាមតួលេខនេះ។
ទោះបីយ៉ាងនេះក្តី សម្រាប់កម្ពុជាទាំងមូលនៅតែមើលឃើញភ្ញៀវទេសចរកាន់តែច្រើន ពិសេសនៅភាគឦសាន និងបណ្ដាខេត្តឆ្នេរសមុទ្រ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី កែប កំពត កោះកុង និងខេត្តព្រះសីហនុ។ នេះបើតាមលោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។
លោកបានថ្លែងថា៖ «ចំនួនភ្ញៀវទេសចរអាចធ្លាក់ចុះនៅខេត្តសៀមរាប ប៉ុន្តែជារួម ប្រទេស កម្ពុជា គឺនៅមើលឃើញកំណើនចំនួនភ្ញៀវទេសចរបរទេស»។ លោកបន្ថែមថា ក្នុងរយៈពេល ៤ ខែកន្លងមក កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរ ២,៤ លាននាក់ កើនឡើង ១១,១ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងខេត្តសៀមរាបកាន់តែច្រើន ក្រសួងទេសចរណ៍បានដាក់ចេញគោលការណ៍ «ខេត្តសៀមរាបលើសពីប្រាសាទ» ជាកញ្ចប់ទេសចរណ៍ដែលរួមទាំងអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាទិសដៅទេសចរណ៍។
លោក សុភ័ក លើកឡើងថា៖ «យើងមិនអាចធ្វើអ្វីបានទេទាក់ទងនឹងបញ្ហាកម្តៅ ប្រតិបត្តិករទេសចរណ៍ដឹងច្បាស់ពីរបៀបក្នុងការរៀបចំកញ្ចប់ដែលអាចឲ្យភ្ញៀវទេសចររីករាយនឹងមកទស្សនានេះ ទោះបីជាអាកាសធាតុក្ដៅក៏ដោយ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានភ្ជាប់ការធ្លាក់ចុះនេះដោយសារតែភ្ញៀវទេសចរបរទេស បានងាកទៅរកទិសដៅផ្សេងទៀតនៅក្នុងបណ្ដាប្រទេសជិតខាង ដូចជាវៀតណាម ថៃ និងមីយ៉ាន់ម៉ា ដែលមានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ជើងហោះហើរក្នុងស្រុកតម្លៃទាប សម្បូរផលិតផល និងទិសដៅដែលទើបនឹងដំណើរការនៅពេលថ្មីៗ។
លោកស្រីបានថ្លែងថា៖ «សៀមរាប គឺជាទិសដៅទេសចរណ៍លេខ១ របស់ប្រទេស កម្ពុជា។ វាជាការបារម្ភមួយដែលចំនួនភ្ញៀវទេសចរកំពុងធ្លាក់ចុះ»។ លោកស្រី បញ្ជាក់ថា វិស័យឯកជន និងវិស័យសាធារណៈ គួរតែធ្វើការងារជាមួយគ្នា ដើម្បីបង្កើតផលិតផលទេសចរណ៍កាន់តែច្រើនដើម្បីជំរុញទេសចរមកទស្សនាទិសដៅនេះកាន់តែច្រើន៕ LA