
ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដាររយៈពេល ៧ ខែ ដើមឆ្នាំ ២០២០ សម្រេចបានប្រមាណជិត ១ ៨៧៨ លានដុល្លារ កើនឡើងជិត ១០ ភាគរយ។ ហុង មិនា
ភ្នំពេញៈ ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដាររយៈពេល ៧ ខែ ដើមឆ្នាំ ២០២០ សម្រេចបានប្រមាណជិត ១ ៨៧៨ លានដុល្លារ កើនឡើងជិត ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះ។
ទិន្នន័យបង្ហាញថា ក្នុងរយៈពេលខាងលើនេះចំណូលពន្ធមានប្រមាណ ១ ៨៧៧,៨៩ លានដុល្លារ ស្មើនឹង ៦៥,៨៩ ភាគរយ នៃផែនការប្រចាំឆ្នាំ ហើយបើធៀបនឹងចំណូលពន្ធអាកររយៈពេលដូចគ្នាឆ្នាំមុនឃើញថាកើន ១៦៥,៤៦ លានដុល្លារ ស្មើ ៩,៦០ ភាគរយ។ កំណើននេះបានពីអាករលើតម្លៃបន្ថែមកើន ៣,១៧ ភាគរយ និងពន្ធលើប្រាក់ចំណូលកើន ២២,៧១ ភាគរយ។
ដោយឡែកសម្រាប់ខែកក្កដា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ១៩៤,១៣ លានដុល្លារ ថយចុះ ១៦,២២ លានដុល្លារ ស្មើនឹង ៧,៧១ ភាគរយ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបាននិយាយថា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការប្រមូលចំណូលពន្ធដារឲ្យបានគ្រប់តាមផែនការចំនួន ២ ៨៨៥,៨៣ លានដុល្លារ ក្នុងឆ្នាំ ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការចាំបាច់មួយចំនួនបន្ថែមទៀត។
លោកថ្លែងថា៖ «អគ្គនាយកដ្ឋានពន្ធដារកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូលដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះ គឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល»។
យោងតាមលោក គង់ វិបុល វិធានការដើម្បីបង្កើនប្រសិទ្ធភាពបង្កើនប្រាក់ចំណូលពន្ធដារមានដូចជា ការបន្តពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ការពង្រឹងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវការសម្រេចរបស់រដ្ឋាភិបាលស្ដីអំពីវិធានការសម្រួលផ្នែកពន្ធដារក្នុងវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ ១៩ ពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការទារបំណុលពន្ធ ពិសេសបំណុលពន្ធធំៗ និងបន្តផ្សព្វផ្សាយ និងអនុវត្តការប្រមូលពន្ធលើអចលនទ្រព្យពន្ធលើដីធ្លីមិនប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូនជាដើម។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ទោះបីជំងឺកូវីដកំពុងបន្តរាលដាលនៅលើពិភពលោក ក៏ការប្រមូលចំណូលពន្ធដារនៅកម្ពុជាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ នេះនៅតែមានភាពល្អប្រសើរ។ លោកបន្តថា ការប្រមូលពន្ធដារ វាមិនមានទំនាក់ទំនងខ្លាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដូចការប្រមូលចំណូលពន្ធគយនោះទេ។
ខណៈចំណូលពន្ធដារបានធ្លាក់ចុះបន្តិចនៅក្នុងខែកក្កដា លោក វណ្ណៈ បានអះអាងថា៖ «ក្នុងបរិបទនេះខ្ញុំមើលឃើញថា ចំណូលពន្ធដារនៅកម្ពុជាចាប់ពីពេលនេះដល់ចុងឆ្នាំអាចនៅទ្រឹង ឬបន្តធ្លាក់ចុះបន្តិចថែមទៀត ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងដាក់ចេញនូវវិធានការថ្មីៗជាច្រើនដើម្បីសម្រាលបន្ទុកពន្ធ ជាពិសេសក្នុងវិស័យទេសចរណ៍ ដែលធ្វើឲ្យរដ្ឋបាត់ចំណូលមួយចំនួន»។
ទន្ទឹមនឹងនេះលោកក៏បាននិយាយថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការប្រមូលប្រាក់ចំណូលពន្ធដារ អាជ្ញាធរក៏ត្រូវតែខិតខំក្នុងការធ្វើសុក្រឹតភាព និងតម្លាភាពលើការប្រមូលពន្ធផងដែរ៕ LA