ភ្នំពេញៈ ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្វើឱ្យ​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរ​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ឆ្នាំ ២០២០ មាន​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ៨០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០១៩។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​ទេសចរណ៍។

របាយការណ៍​ស្ថិតិ​ទេសចរណ៍​ឆ្នាំ ២០២០ ដែល​ចេញផ្សាយ​នា​ថ្ងៃ​ចន្ទ​នេះ បង្ហាញថា វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដោយ​ប្រាក់ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​ដែល​កម្ពុជា​ទទួលបាន​ក្នុង​ឆ្នាំ ២០២០ មាន​ត្រឹម ១,០២៣ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៧៩,២ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៤,៩១៩ ពាន់​លាន​ដុល្លារ។ ចំណែក​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ប្រទេស​កម្ពុជា​មាន​ចំនួន ១,៣១ លាន​នាក់ ថយចុះ ៨០,២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៦,៦១ លាន​នាក់។

ការធ្លាក់ចុះ​ដ៏គំហុក​នេះ​បាន​ធ្វើឱ្យ​ចំនួន​ទឹកប្រាក់​ដែល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ចូលរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុង​ឆ្នាំ ២០២០ មាន​ត្រឹមតែ ៣ ភាគរយ​ប៉ុណ្ណោះ ខណៈ​កាលពី​ឆ្នាំ ២០១៩ មាន​ប្រមាណ ១២,១ ភាគរយ។

ជាមួយ​នឹង​ការធ្លាក់ចុះ​ដ៏គំហុក​នេះ របាយការណ៍​បាន​បញ្ជាក់ថា៖ «វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​ការអភិវឌ្ឍ​របស់​ពិភពលោក​លើ​គ្រប់​វិស័យ ដោយឡែក​វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវ​រង់ចាំ​រយៈពេល​ពី ៣-៥ ឆ្នាំ ទើប​អាច​ស្តារ​មក​ស្ថានការណ៍​ដូចដើម​វិញ។ ប៉ុន្តែ​ប្រសិនបើ​បរិការណ៍​ជំងឺ​កូវីដ១៩ នៅ​អូសបន្លាយ​នោះ វា​អាច​ត្រូវ​រង់ចាំ​រយៈពេល​រហូត​ដល់ ៧ ឆ្នាំ»។

យោងតាម​ក្រសួងទេសចរណ៍ បន្ទាប់ពី​ជំងឺ​កូវីដ១៩ បាន​ធូរស្រាល ទេសចរ​អន្តរជាតិ​នឹង​មាន​អត្រាកំណើន​យឺត​ក្រោម​ទម្រង់​ជា​អក្សរ «U»។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​ទេសចរណ៍​អន្តរជាតិ​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក រួមទាំង​កម្ពុជា​នឹង​មិនអាច​ស្ទុះ​ឡើងវិញ​លឿន​ទេ ព្រោះ​ក្រៅពី​ទំនុកចិត្ត​ទៅលើ​សុវត្ថិភាព​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​ពេលធ្វើ​ដំណើរ បញ្ហា​សេដ្ឋកិច្ច​សម្រាប់​ភ្ញៀវទេសចរ​ក៏​មិនទាន់​រឹងមាំ​បាន​ភ្លាមៗ​ទេ។ លោកស្រី​បន្តថា សម្រាប់​កម្ពុជា វិស័យ​នេះ​នឹងមាន​ភាពល្អប្រសើរ​ដូច​ឆ្នាំ ២០១៩ វិញ គេ​ត្រូវការ​ពេល​យ៉ាងតិច ៥ ឆ្នាំ។

លោកស្រី​ថ្លែងថា៖ «វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវការ​រយៈពេល​យ៉ាងតិច ៥ ឆ្នាំ​ទៀត ដើម្បី​អាចមាន​ភាពរឹងមាំ​ល្អ​ដូច​មុនពេល​មាន​វិបត្តិ​នៃ​ការឆ្លង​រាលដាល​កូវីដ១៩»។

ក្នុង​ឆ្នាំ ២០១៩ កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ ៤,៩១៩ លាន​ដុល្លារ​កើនឡើង ១២,៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ដែលមាន​ចំនួន ៤,៣៧ លាន​ដុល្លារ។ នេះ​បើតាម​ក្រសួង​ទេសចរណ៍។

សម្រាប់​ឆ្នាំ ២០២១ នេះ​ក្រសួង​ទេសចរណ៍​បាន​ព្យាករណ៍​ថា ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នឹងធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ត​នូវ​អត្រាកំណើន​អវិជ្ជមាន​ប្រមាណ​ចន្លោះ​ពី -៦០ ទៅ -៧០ ភាគរយ៕