ភ្នំពេញៈ ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​តំបន់​អង្គរ​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ពី​កំណើន ខណៈ​ចំណូល​ពី​ការលក់​សំបុត្រ​កើន​ជិត ១៨ ​ភាគរយ​រហូត​ដល់​ជាង ៦១ ​លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ​។

របាយការណ៍​បង្ហាញ​ថា​ចំនួន​ភ្ញៀវទេសចរ​ចូល​ប្រាសាទ​អង្គរ​បាន​កើនឡើង​ដល់​ជិត ១,៤ លាន​នាក់ កើនឡើង​ ១០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​រយៈពេល​ ៦ ​ខែ​ដំបូង​កាលពី​ឆ្នាំ​មុន​។

ប្រាក់ចំណូល​សរុប​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​បាន​កើនឡើង​ដល់ ៦១,៤៧ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង កើនឡើង ១៧,៨៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

តម្លៃ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ទៅ​ប្រាសាទ​អង្គរ នៅពេល​នេះ​មាន​ចំនួន​ ៣៧ ​ដុល្លារ​សម្រាប់​រយៈពេល​ ១ ​ថ្ងៃ​តម្លៃ​ ៦២ ​ដុល្លារ​សម្រាប់​រយៈពេល ៣ ​ថ្ងៃ និង​តម្លៃ ៧២ ​ដុល្លារ​សម្រាប់​សំបុត្រ​រយៈពេល​ ១ ​សប្ដាហ៍​៕LA