ភ្នំពេញ: ប្រាក់ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​បន្ត​ធ្លាក់ចុះ​នៅក្នុង​រយៈពេល ៨ ​ខែ​ ឆ្នាំ ២០១៩ នេះ​ដោយ​សម្រេចបាន​ជិត ៧០ ​លាន​ដុល្លារ ដែល​ធ្លាក់ចុះ​ជាង​ ១១ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១ កញ្ញា ម្សិលមិញ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​ ៨ ​ខែ​មាន​ជាង ៦៩,៤ ​លាន​ដុល្លារ​ធ្លាក់​ចុះ ១១,៨២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចំណែក​ភ្ញៀវ​មាន​ចំនួន ១,៥ លាន​នាក់​ធ្លាក់ចុះ ១១,០៥ ភាគរយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ខែ​សីហា​មាន​ជាង ៧,១ ​លាន​ដុល្លារ​ធ្លាក់ ២១,៥០ ភាគរយ​បើ​ធៀប​នឹង​ខែ​សីហា​ឆ្នាំ​មុន​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ធ្លាប់​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​ការធ្លាក់​ចុះ​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​តំបន់​អង្គរ​អាច​បណ្តាល​មកពី​មាន​ការប្រកួតប្រជែង​ខ្លាំង​ជាមួយ​ប្រទេស​ជិតខាង​។ លោកស្រី​បាន​ថ្លែង​ថា​៖ «​កម្ពុជា​កំពុង​មាន​ការប្រកួតប្រជែង​ខ្លាំង​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​។ ប្រទេស​ទាំងនោះ​បាន​បញ្ចុះតម្លៃ​សំបុត្រ​យន្តហោះ ហើយ​ការផ្តល់​ទិដ្ឋាការ​របស់គេ​ក៏មាន​ភាព​ងាយស្រួល​ដែរ​»​។

លោកស្រី​បន្ត​ថា​នៅ​កម្ពុជា​ការផ្តល់​ទិដ្ឋាការ​មាន​ភាពស្មុគស្មាញ យឺតយ៉ាវ ពិសេស​កង្វះ​ជើងហោះហើរ​ត្រង់​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​។

លោកស្រី​បន្ត​ថា​៖ «​មាន​ភ្ញៀវ​ត្អូញត្អែរ​ប្រាប់​យើង​ថា នៅ​ច្រកព្រំដែន​ការផ្តល់​សេវា​មិនមាន​ភាពងាយស្រួល ភ្ញៀវ​រង់ចាំ​យូរ ហើយ​ចំណុច​មួយ​ទៀត​យើង​ខ្វះជើង​ហោះហើរ​ត្រង់​ពី​អឺរ៉ុប និង​អាមេរិក​»​។

បើ​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍​ក្នុង​រយៈពេល​ ៦ ​ខែ​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​បរទេស​ជាង​ ៣,៣ ​លាន​នាក់ កើនឡើង​ ១១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨​។

កាលពី​អំឡុង​ខែ​កក្កដា​កន្លងមក លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា Zero-Dollar Tour កំពុង​ក្លាយជា​ចំណែក​ធ្វើឲ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ទស្សនា​ខេត្ត​សៀមរាប​ធ្លាក់ចុះ​។ លោក​ថ្លែង​ថា​ក្រុមហ៊ុន​លក់​កញ្ចប់​ប្រភេទ Zero-Dollar Tour ជា​អ្នក​បំផ្លាញ​គោលដៅ​ទេសចរណ៍​ខេត្ត​សៀមរាប​៕ LA