ភ្នំពេញៈ ប្រាក់ចំណូល​សរុប​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP) នៅ​ឆ្នាំ​ ២០១៩ ​នឹង​មើលឃើញ​ពី​កំណើន​ខ្ពស់​រហូតដល់​ ៣៥ ​ភាគរយ បើ​ធៀប​ឆ្នាំ​ ២០១៨ គាំទ្រ​ដោយ​កំណើន​ខ្ពស់​នៃ​ចរាចរ​ទំនិញ និង​ភ្ញៀវទេសចរ​ឆ្លងកាត់​កំពង់ផែ​។

តាម​របាយការណ៍​ហិរញ្ញវត្ថុ​ប៉ាន់ស្មាន​របស់ PPAP ដែល​បានដាក់​ទៅ​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ ប្រាក់ចំណូល​សរុប​របស់​កំពង់ផែ​សម្រេច​បាន ២៩,៨២ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៩ កើនឡើង ៣៥ ​ភាគរយ​បើ​ប្រៀបធៀប​នឹង ២២,១០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២០១៨​។

របាយការណ៍​ដដែល​បង្ហាញ​ថា នាវា​ដឹកទំនិញ​ឆ្លងកាត់​តាម​កំពង់ផែ​នេះ​មាន​ចំនួន ២ ៣៥០ ​គ្រឿង ​ដែល​ដឹក​កុងតឺន័រ​ទំនិញ​ចំនួន ២៧៥ ០០០ TEU កើនឡើង ២៩ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ មាន​ចំនួន ២១៣ ៥៧១ TEU​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ហ៊ឺ បាវី អគ្គនាយក​នៃ PPAP បានទេ​កាលពី​ថ្ងៃ​ពុធ​។

អ្នកស្រី គឹម សុផានីតា ប្រធានស្តីទី​ផ្នែក​ប្រតិបត្តិការ​ទីផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបង្ហាញ​នូវ​ប្រតិបត្តិការ​អាជីវកម្ម​ដ៏ល្អ​របស់​កំពង់ផែ​នឹង​ក្លាយ​ជា​ការទាក់ទាញ​មួយទៀត​ដល់​វិនិយោគិន​សាធារណៈ​លើ​ការជួញដូរ​មូលបត្រ​របស់​ពួកគេ​ដែល​កំពុង​ជួញដូរ​លើ​ទីផ្សារ​។

អ្នកស្រី​បន្តថា​៖ «PPAP តែងតែ​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ឆ្នើម​ព្រោះ​ក្រុមហ៊ុន​តែងតែ​បង្ហាញ​ពី​ដំណើរការ​អាជីវកម្ម​ល្អ​។ ការណ៍​នេះ​នឹង​ផ្តល់​តម្លៃបន្ថែម​ដល់​ក្រុមហ៊ុន​តាមរយៈ​ការទទួល​បាន​ភាពជឿជាក់​ និង​ទំនុកចិត្ត​របស់​វិនិយោគិន​»​។

អ្នកស្រី​បន្ថែមថា​៖ «​ហើយ​ខ្ញុំ​ជឿជាក់​ថា ក្រុមហ៊ុន​នឹង​សម្រេច​បែងចែក​ភាគលាភ​កាន់តែ​ខ្ពស់​ទៅដល់​ម្ចាស់​ភាគហ៊ុន​របស់ខ្លួន​នៅ​ឆ្នាំនេះ​»​។

របាយការណ៍​ដដែល​បង្ហាញ​ថា ចំនួន​ប្រេងឥន្ធនៈ និង​ហ្គាស​ឆ្លងកាត់​កំពង់ផែ​មាន​បរិមាណ​ចំនួន ៣ ៨១០ ៦៦៥ តោន កើនឡើង ២២ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង ៣ ១៣៤ ៩៩៦ តោន​ ក្នុង​ឆ្នាំ ២០១៨​។

របាយការណ៍​បានបង្ហាញ​ទៀតថា សម្រាប់​រយៈពេល​នេះដែរ កំពង់ផែ​នេះ​ក៏ត្រូវ​បាន​ស្វាគមន៍ អ្នកដំណើរ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៥១ ៨២៨ នាក់​ឆ្លងកាត់​ប្រទេស​កម្ពុជា វៀតណាម កើនឡើង ១៧ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​តែ​ចំនួន​ ៤៤,២៩០ នាក់ ​ក្នុង​ឆ្នាំ ២០១៨ ខណៈ​អ្នកដំណើរ​អន្តរជាតិ និង​នាវា​ទេសចរណ៍​តាម​នាវា​ធំៗ​ឆ្លងកាត់​ច្រក​កម្ពុជា វៀតណាម​មាន​ចំនួន ២ ២៩០ នាក់ ​គឺ​កើនឡើង ២ ​ភាគរយ​ បើ​ប្រៀបធៀបដំណើរ​កម្សាន្ត​ចំនួន ២ ២៤៩ កាលពី​ឆ្នាំ ២០១៨៕