ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ដែលបានចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីប្រតិបត្តិការអាជីវកម្មដ៏រឹងមាំរបស់ខ្លួនក្នុងត្រីមាសទី ១ ឆ្នាំនេះ ដោយប្រាក់ចំណូលបានកើនឡើងជិត ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នា។
យោងរបាយការណ៍ហិរញ្ញវត្ថុដែលមិនទាន់ធ្វើសវនកម្មរបស់ PPAP ផ្ញើទៅ CSX កាលពីថ្ងៃអង្គារបានឲ្យដឹងថា សម្រាប់ត្រីមាសទី ១ នេះកំពង់ផែរកបានប្រាក់ចំណូល ៧,៦១ លានដុល្លារ កើនឡើង ២៩,៦៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួន ៥,៨៧ លានដុល្លារ។
តួលេខលម្អិតនៃលទ្ធផលអាជីវកម្ម និងសេវាកម្មនៅត្រីមាសទី ១ របស់កំពង់ផែនេះគឺបានមកពីការដឹកជញ្ជូនទំនិញ និងឧស្ម័ន ប្រេងឥន្ធនៈ កើនឡើង ៣ ភាគរយ ការដឹកទំនិញកើនឡើង ១៤ ភាគរយ កុងតឺន័រកើនឡើង ២៦ ភាគរយ។ ប៉ុន្តែចំនួនអ្នកដំណើរតាមរយៈកំពង់ផែបានធ្លាក់ចុះ ២២ ភាគរយ និងចំនួនទូកដឹកអ្នកដំណើរក៏បានធ្លាក់ ៧ ភាគរយផងដែរ។
PPAP គឺជាកំពង់ផែ ១ ក្នុងចំណោមកំពង់ផែអន្តរជាតិ ២ ក្នុងប្រទេស កម្ពុជា និងជាប្រតិបត្តិករកំពង់ផែតាមទន្លេឈានមុខគេដែលបានចុះបញ្ជីនៅ CSX កាលពីខែធ្នូឆ្នាំ ២០១៥។ PPAP ប្រតិបត្តិការចំណតអ្នកដំណើរសំខាន់ៗ ៤ គឺ ១. ចំណតកុងតឺន័រ (LM17) ២. ចំណតពហុគោលបំណង (TS3) ៣. ចំណតអ្នកដំណើរ (TS1) និង ៤. ចំណតទន្លេបិទ (UM2)។
លោក Jong Weon Ha អនុប្រធាន CSX បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការជួញដូរនៅផ្សារហ៊ុនកម្ពុជាកំពុងកើនឡើងបន្តិច បន្ទាប់ពីផលប៉ះពាល់ដោយសារតែកូវីដ១៩ ដែលបានកើតឡើងក្នុងរយៈពេល ២ ខែចុងក្រោយនេះ។
លោកថ្លែងថា៖ «ទីផ្សាររបស់យើងបានមើលឃើញភាពល្អប្រសើរបន្តិចដោយសន្ទស្សន៍ផ្សារហ៊ុនរបស់យើងបានកើនពី ៥៩០,២៩ កាលពីថ្ងៃទី ១ ខែមេសា ដល់ ៥៩៣,១០ កាលពីថ្ងៃទី ១០ ខែមេសា ដែលស្មើនឹង ០,៤៨ ភាគរយ។ ដូចដែលអ្នកមើលឃើញអ៊ីចឹង ដរាបណាយើងមានក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើន ទំហំជួញដូរបានរក្សាការកើនឡើង»។
លោកលើកឡើងបន្តទៀតថា៖ «ខ្ញុំជឿថា ក្រុមហ៊ុនទាំងនោះនឹងបង្កើនសន្ទនីយភាពទីផ្សាររបស់យើង បង្កើនទំហំជួញដូរប្រចាំថ្ងៃរបស់យើង និងដើរតួយ៉ាងល្អក្នុងការផ្ដល់សញ្ញាថា វាជាពេលវេលាត្រឹមត្រូវសម្រាប់ក្រុមហ៊ុនដែលមិនទាន់បានចុះបញ្ជីនៅ CSX ដើម្បីចាប់ផ្ដើមរៀបចំផែនការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង (IPO)»។
យោងតាមរបាយការណ៍ប្រចាំថ្ងៃ សន្ទស្សន៍ CSX បានកើនសាជាថ្មីពី ៦០៣,៧៣ ពិន្ទុដល់ជិត ៦១២,៣៧ ពិន្ទុកាលពីថ្ងៃពុធ បន្ទាប់ពីការប្រែប្រួលគួរឲ្យកត់សម្គាល់នៅខែចុងក្រោយនេះ។ វាបានកើនឡើង ១,៤៣ ភាគរយធៀបនឹងការបិទការជួញដូរកាលពីថ្ងៃអង្គារ។
ភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជី ៣ ក្នុងចំណោម ៥ ដែលរួមមានរបស់ក្រុមហ៊ុន PPAP បានកើនឡើង ១៣ ៨០០ រៀលកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កើនឡើង ២ ៣៧០ រៀល និងក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ (GTI) បានកើនឡើង ៤ ០៦០ រៀល។
ទន្ទឹមនឹងនេះតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) រក្សាការមិនផ្លាស់ប្តូរជាមួយនឹងតម្លៃជួញដូរ ២ ៣៧០ រៀល និងរដ្ឋាករទឹកភ្នំពេញ (PWSA) ក៏មិនផ្លាស់ប្តូរដែរ និងមានតម្លៃសរុប ៥ ៩៦០ រៀល៕ LA