ក្រុងញូវយ៉កៈ អាជីវកម្មផ្នែកឧស្សាហកម្មតន្រី្ដរបស់ពិភពលោកបានកើនឡើងខ្ពស់បំផុតរហូតដល់ ៨,១ ភាគរយកាលពីឆ្នាំ ២០១៧ ខណៈការលក់តាមឌីជីថលលើកដំបូងរកបានប្រាក់ចំណេញភាគច្រើនដោយសារតែកំណើនការចាក់ផ្សាយចម្រៀង។
សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថាសចម្រៀង (IFPI) បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ការលក់តន្ត្រីតាមឌីជីថលតម្លៃសរុប ១៧,៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ដែលស្មើនឹងការលក់ថាសចម្រៀងទូទាំងពិភពលោក។
លោក Frances Moore អគ្គនាយកឧស្សាហកម្មនេះបានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទតាមទូរស័ព្ទថា កំណើន ៨,១ ភាគរយបង្ហាញកំណើន ៣ ឆ្នាំជាប់ៗគ្នា ហើយជាល្បឿនលឿនបំផុតចាប់តាំងពីសហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថាសចម្រៀង (IFPI) បានចាប់ផ្ដើមប្រមូលទិន្នន័យ។
លោក Moore បន្តថា ប៉ុន្តែឧស្សាហកម្មនេះនៅតែមានប្រហែល ១ ភាគ ៣ នៃតម្លៃដែលខ្លួនមានកាលពីទសវត្សរ៍ ១៩៩០ មុនពេលការកើនឡើងអ៊ីនធឺណិត និងផលប៉ះពាល់ដោយសារថាសចម្រៀងលួចចម្លងដែលបាននាំឲ្យអាជីវកម្មតន្ត្រីស្ថិតក្នុងការធ្លាក់ចុះរយៈពេល ១៥ ឆ្នាំ។
ការកើនឡើងជាថ្មីគឺស្ទើរតែទាំងស្រុងដោយសារតែកំណើនរហ័សនៃសេវាចាក់តន្ត្រីតាមអនឡាញដែលរួមមានកម្មវិធីតន្ដ្រី Spotify កម្មវិធីតន្ដ្រី Deezer និងកម្មវិធីតន្ដ្រី Apple Music ដែលបានផ្ដល់ដល់ឧស្សាហកម្មនេះនូវប្រភពប្រាក់ចំណូលថ្មី។
របាយការណ៍នេះបានឲ្យដឹងថាប្រជាជន ១៧៦ លាននាក់នៅជុំវិញពិភពលោកបានចំណាយប្រាក់សម្រាប់ការទិញការស្តាប់តន្ត្រីតាមអនឡាញត្រឹមចុងឆ្នាំ ២០១៧។
ការលក់ថាសចម្រៀងបានធ្លាក់ចុះជាថ្មី ប៉ុន្តែតាមទស្សនវិជ្ជមានគឺការថតថាសចម្រៀងនៅរក្សាចំណែកទីផ្សារមួយទោះវាមានចំណែកតូចក៏ដោយ ក៏បានកើនឡើង ២២,៣ ភាគរយផងដែរដោយសារការថតថាសចម្រៀងនៅតែអាចរកឃើញទីផ្សារជាថ្មីក្នុងចំណោមអ្នកចូលចិត្តស្ដាប់ចម្រៀងភាគច្រើន៕ LA