
ភ្នំពេញៈ ប្រាក់ចំណូលធានាភ័យសរុបនៅក្នុងឧស្សាហកម្មធានារ៉ាប់រងរបស់ កម្ពុជាបានកើនឡើងជាង១៥ភាគរយ នៅឆ្នាំ២០១៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងនេះត្រូវ បានអ្នកនៅក្នុងសេវាកម្មនេះអះអាងថា ដោយសារដំណើរការល្អរបស់សេដ្ឋកិច្ច និងលំហូរចូលការវិនិយោគផ្ទាល់ពីបរទេស។
ទិន្នន័យផ្លូវការបានពីសមាគមធានារ៉ាប់រងកម្ពុជា(IAC) បានបង្ហាញថា ប្រាក់ចំណូលរបស់ឧស្សាហកម្មនេះបានកើនឡើង ១៥,៧៥ ភាគរយគិតមក ត្រឹមខែធ្នូឆ្នាំមុនដល់ប្រហែល៤២លានដុល្លារ ធៀបនឹង៣៦លានដុល្លារពី២០១២។
របាយការណ៍របស់ IAC បានបង្ហាញថា ប្រាក់ចំណូលបានពីការធានារ៉ាប់រងលើអគ្គិភ័យដែលនៅតែរួម ចំណែកដ៏សំខាន់ដល់កំណើននេះបានកើនឡើងជាង៣០ភាគរយ វិស្វកម្មបានកើនឡើងជាង២៥ភាគរយចំណូលធានារ៉ាប់រងរថយន្តបាន កើនឡើងប្រហែល៤,៣៧ភាគរយ ចំណូលធានារ៉ាប់រងបុគ្គលមាន១២,៧១ភាគរយ សុខភាពមានចំនួន៧,០៣ភាគរយ ការដឹកទំនិញតាមសមុទ្របានកើនឡើង៨,១១ភាគរយ និងប្រាក់ចំណូលបានពីការធានារ៉ាប់រងផ្សេងៗទៀតកើនឡើង៨,៧៤ ភាគរយ។
លោក ឆាយ រតនៈ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានអះអាងថា អត្រាកំណើនប្រាក់ចំណូលរបស់ឧស្សាហកម្មនេះកាលពីឆ្នាំមុនមាន ដំណើរការយឺតបន្តិចធៀបនឹងឆ្នាំផ្សេងទៀត។ លោកបានលើកឡើងថា ប្រតិបត្តិការរបស់ឧស្សាហកម្មទាំងមូលមានដំណើរការយ៉ាងល្អ ប្រសើរ ប៉ុន្តែកង្វះព័ត៌មានដល់សាធារណជនឬ បុគ្គលអាចជារនាំងទប់ស្កាត់ការកើនឡើងផងដែរ។
លោកបញ្ជាក់ថា ៖ «តាមពិតកាលពីប៉ុន្មានឆ្នាំមុន ការធានារ៉ាប់រងលើរថយន្តបានកើនឡើងច្រើន ប៉ុន្តែកាលពីឆ្នាំ២០១៣ វាមានភាពស្ងប់ស្ងៀម។ ដូច្នេះយើងចាំបាច់ត្រូវលើកកម្ពស់ និងធ្វើឲ្យប្រជាជនមានទំនុកចិត្ត និងយល់ដឹងអំពីអត្ថប្រយោជន៍ នៃការទទួលបានការធានារ៉ាប់រង ជាពិសេសរថយន្ត និងគ្រោះថ្នាក់បុគ្គល»។
លោកបន្តថា៖ «និយាយអ៊ីចឹង យើងមើលឃើញកំណើនធំនៅក្នុងផ្នែកវិស្វកម្ម និងអគ្គិភ័យ ដែលឆ្លុះបញ្ចាំងពីការកែលម្អសេដ្ឋកិច្ច និងការកើនឡើងការវិនិយោគផ្ទាល់ពីបរទេស»។
យុគ ចំរើនរិទ្ធិ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនធានារ៉ាប់រង Forte ជាក្រុមហ៊ុនធានារ៉ាប់រងមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខគេ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែមករាថា ប្រាក់ចំណូលក្រុមហ៊ុនរបស់លោកកើនឡើងជាង២០ភាគរយ ខណៈប្រាក់ទាមទារសំណងបានចុះថយបន្តិច។
លោកបានថ្លែងថា៖ « ពិតហើយក្រុមហ៊ុនរបស់យើងមានដំណើរការល្អ។ នេះឆ្លុះបញ្ចាំងពីការហូរចូលការវិនិយោគផ្ទាល់ពីបរទេសកំពុង កើនឡើង ជាពិសេសដំណើរការសេដ្ឋកិច្ចល្អ»។ លោកបានបន្ថែមថា ប្រាក់ចំណូលភាគច្រើនបានមកពីការធានារ៉ាប់រងផ្នែកអចលនទ្រព្យ អគ្គិភ័យ រថយន្ត។ល។
តាមទិន្នន័យបានពីក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងហោចណាស់មានមនុស្សចំនួន១ ០៥៤នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេល ៦ខែដំបូងឆ្នាំ២០១៣។ ក្នុងអំឡុងពេលនេះ មានគ្រោះថ្នាក់ចរាចរណ៍២ ២៥៤ករណី ថយចុះ៤ភាគរយធៀបនឹង២០១២។
លោក ឆាយ រតនៈ និយាយថា AIC នឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធធ្វើសិក្ខាសាលាដល់ប្រជាជន ពិសេសជាមួយក្រុមហ៊ុនឯកជនដែលទិញសេវាធានារ៉ាប់រងសម្រាប់ យានយន្តពាណិជ្ជកម្មដែលតែងបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោក បន្តថា ច្បាប់បានដាក់កំហិតលើរថយន្តឯកជន និងការធានារ៉ាប់រងម៉ូតូត្រូវបានអនុម័តដោយទីស្ដីការគណៈរដ្ឋមន្ដ្រី ហើយពេលនេះកំពុងរង់ចាំការអនុម័តចុងក្រោយពីសភាជាតិ។លោកបន្តថា ធៀបជាមួយនឹងរយៈពេលដូចគ្នាពីឆ្នាំមុនប្រាក់ទាមទារសំណង សរុបមានជាង៣លានដុល្លារគឺទាបជាងឆ្នាំ២០១២៕PB