The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចំណូល​ធានា​រ៉ាប់រង​កើន២៥%

ចំណូល​ធានា​រ៉ាប់រង​កើន២៥%

ចំណូល​ធានា​រ៉ាប់រង​កើន២៥%

130821_11
គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញកន្លងមក បច្ចុប្បន្នពលរដ្ឋកាន់តែយល់ដឹងពីការទិញធានារ៉ាប់រង

ភ្នំពេញៈ ប្រាក់​ចំណូល​សរុប​របស់​ឧស្សាហកម្ម​ធានា​រ៉ាប់​រង​កម្ពុជា​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆមាស​ទី១​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ដោយ​សារ​តែ​ដំណើរការ​សេដ្ឋកិច្ច​បាន​ល្អ និង​លំហូរ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)។

ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចេញ​ផ្សាយ​ការ​ព្យាករ​ស្ដី​ពី​កំណើន​សេដ្ឋកិច្ច មាន ៧,៦ ភាគរយ​ត្រឹម​ខែ មិថុនា ឆ្នាំ​នេះ ខណៈ​អត្រា​បរិបត្តិ​ផរណា​មាន​តែ​ចំនួន ០,៨ ភាគរយ។

ទិន្នន័យ ផ្លូវ​ការ​បាន​ពី​សមាគម​ធានា​រ៉ាប់​រង​កម្ពុជា (IAC) បាន​បង្ហាញ​ថា ប្រាក់​ចំណូល​ធានា​ភ័យ​ក្នុង​ឧស្សាហកម្ម​នេះ​កើន​ឡើង​ប្រហែល ២៥ ភាគរយ​គិត​មក​ត្រឹម​ខែ មិថុនា រហូត​ដល់​ជាង ២២ លាន​ដុល្លារ​ធៀប​នឹង ១៧,៦ លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

របាយ​ការណ៍ IAC បង្ហាញ​ថា ប្រាក់​ចំណូល​បាន​ពី​ការ​ធានា​រ៉ាប់រង​វិស្វកម្ម​បាន​កើន​ឡើង​ជាង ១០០ ភាគរយ អគ្គិភ័យ​កើន​ឡើង​ជាង ៣៥ ភាគរយ​ធានា​រ៉ាប់​រង​ម៉ូតូ​បាន​កើន​ឡើង​ប្រហែល ៥ ភាគរយ ធានា​រ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់​ខ្លួន​មាន ១៤,៥៦ ភាគរយ ធានា​រ៉ាប់រង​សុខភាព ៨,៥២ ភាគរយ ធានា​រ៉ាប់​រង​ការ​ដឹក​ទំនិញ​តាម​នាវា​បាន​កើន​ឡើង ៨,១៨ ភាគរយ និង​ធានា​រ៉ាប់រង​ផ្សេងៗ​ទៀត​កើន​ឡើង ២២,៥៣ ភាគរយ។

លោក ឆាយ រតនៈ ប្រធាន IAC បាន​ថ្លែង​ថា កំណើន​នៅ​ក្នុង​វិស័យ​នេះ​គឺ​ដោយ​សារ​តែ​ដំណើរការ​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ប្រសើរ ហើយ​មាន​ទំនុក​ចិត្ត​កាន់​តែ​ច្រើន​ពី​សាធារណជន។

លោក លើក​ឡើង​ថា៖ «អត្រា​កំណើន​នេះ​ត្រូវ​គ្នា​ជាមួយ​នឹង​ការ​ព្យាករ​របស់​យើង​មាន​ន័យ​ថា សកម្មភាព​សេដ្ឋកិច្ច​កំពុង​ស្ថិត​នៅ​លើ​ដំណើរ​ផ្លូវ​មួយ​ដ៏​ល្អ។ អ្នក​ដឹង​ហើយ​ថា កំណើន​ក្នុង​ឧស្សាហកម្ម​នេះ​គឺ​តែង​តែ​ដំណើរការ​ស្រប​ជាមួយ​នឹង ដំណើរការ​សេដ្ឋកិច្ច​របស់​យើង។​ចំណុច​សំខាន់​តែ​មួយ​គឺថា មនុស្ស​កំពុង​ចាប់​ផ្ដើម​យល់​ដឹង​អំពី​ឧស្សាហកម្ម​នេះ»។ ប៉ុន្តែ​លោក​បញ្ជាក់​ថា អត្រា​កំណើន​នៃ​ការ​ធានា​រ៉ាប់រង​ផ្ទាល់​ខ្លួន​គឺ​ភាគ​ច្រើន​នៅ​ក្នុង ទីក្រុង ភ្នំពេញ និង​នៅ​តាម​បណ្ដា​ក្រុង​សំខាន់ៗ​នៅ​តាម​ខេត្ត​ផ្សេងៗ​មួយ​ចំនួន។

លោក យក់ ចំរើនរិទ្ធិ អគ្គ​នាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ឈាន​មុខ​គេ​នៅ​កម្ពុជា​និយាយ​ថា ប្រាក់​ចំណូល​របស់​លោក​កើន​ឡើង​ប្រហែល ៣៥ ភាគរយ​ពេល​នេះ​ដែល​នេះ​ឆ្លុះ​បញ្ចាំង​អំពី​លំហូរ FDI កំពុង​កើន​ឡើង​ជា​ពិសេស​ដំណើរការ​សេដ្ឋកិច្ច​ដ៏​ល្អ​ប្រសើរ​។ លោក​បន្ត​ថា៖ «អ្នក​ដឹង​ទេ​ប្រជាជន​យើង​យល់​ដឹង​ពី​ការ​មាន​ធានា​រ៉ាប់រង​នៅ​ពេល​ពួក​គេ​មាន​រថយន្ត ឬ ម៉ូតូ​មួយ​គ្រឿង ដូច្នេះ​នេះ​គឺជា​សញ្ញា​មួយ​ដ៏​ល្អ​នៃ​ការ​ងើប​ឡើង​របស់​ឧស្សាហកម្ម​នេះ»។

លោក David W. Carter អគ្គ​នាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង Infinity បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូនិក​មក​កាន់​ភ្នំពេញ ប៉ុស្តិ៍ ថា លទ្ធផល​ប្រាក់​ចំណូល​នេះ​ឆ្លុះ​បញ្ចាំង​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ សេដ្ឋកិច្ច ដែល​ភាគ​ច្រើន​គឺ​រោងចក្រ​កាត់ដេរ​ប៉ុណ្ណោះ​។ លោក​លើក​ឡើង​ថា៖ «មាន​រោងចក្រ​ជាច្រើន​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​កន្លង​មក ហើយ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ខាត​បង់​ដោយ​សារ​តែ​អគ្គិភ័យ​ភាគ​ច្រើន​នោះ​ទេ។ ជា​ធម្មតា​ឧស្សាហកម្ម​កាត់ដេរ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទាំង​វិជ្ជមាន​ទាំង​អវិជ្ជមាន​នៅ​លើ​ទីផ្សារ​ធានា​រ៉ាប់រង។

ទិន្នន័យ របស់ IAC បង្ហាញ​ផង​ដែរ​ថា ក្នុង​រយៈ​ពេល​នេះ ការ​ទាមទារ​ប្រាក់​សំណង​សរុប​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ក្នុង​ស្រុក មាន​ចំនួន ៣,៤ លាន​ដុល្លារ​ធ្លាក់​ចុះ ៦៣,៥៤ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក​បន្ត​ថា​ការ​ទាមទារ​ប្រាក់​សំណង​ត្រូវ​បាន​ធ្លាក់​ចុះ​គួរ ឲ្យ​កត់​សម្គាល់​ដោយ​សារ​តែ​មិន​សូវ​មាន​ហេតុ​គ្រោះ​កើត​ឡើង​ច្រើន​។ លោក​បាន​បញ្ជាក់​ថា៖ «និយាយ​ដូច្នេះ​គឺ​មាន​អគ្គិភ័យ​ជា​ច្រើន​ដែល​មិន​មាន​ធានា​រ៉ាប់រង ប៉ុន្តែ​បញ្ហា​នេះ​មិន​ចាំ​បាច់​ដែល​ប៉ះពាល់​ដល់​ទីផ្សារ​ធានា​រ៉ាប់រង នោះ​ទេ»។

លោក ឆាយ រតនៈ បាន​លើក​ឡើង​ថា៖ «មូលហេតុ​ដែល​ឧស្សាហកម្ម​នេះ​នៅ​តែ​រក្សា​បាន​កំណើន​ដោយសារ​តែ​ពេល​ណា​មាន​ការ​ទាម​ទារ​ប្រាក់​សំណង​យើង​តែង​តែ​សង​អស់​ដូច្នេះ​វា​ធ្វើ​ឲ្យ​អ្នក​ទិញ និង​វិនិយោគិន​នៅ​ទី​នេះ​ទុក​ចិត្ត​យើង»។ លោក​រំពឹង​ថា ឧស្សាហកម្ម​នេះ​នឹង​រក្សា​បាន​កំណើន​របស់​ខ្លួន​ប្រហែល ២៥ ភាគរយ​ប្រចាំ​ឆ្នាំ។

លោក David W. Carter បន្ថែម​ថា៖ «យើង​មាន​សុទិដ្ឋិនិយម​អំពី​ថ្ងៃ​អនាគត និង​ការ​ងើប​ឡើង​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​គឺ​ទទួល​បាន​ផល ប្រយោជន៍​ពី​ទីផ្សារ​នេះ ខណៈ​ការ​យល់​ដឹង​ពី​ការ​ធានា​រ៉ាប់​រង​រីក​រាល​ដាល​ពេញ​ប្រទេស»។

នៅ ឆ្នាំ ២០១២ វិស័យ​នេះ​បាន​ប្រាក់​ចំណូល​សរុប​មាន ៣៦ លាន​ដុល្លារ ដែល​កើន​ឡើង ២១ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១១៕ PB

អត្ថបទគួរចាប់អារម្មណ៍